ពេជ្រ សម្បត្តិ ក្លាយជាម្ចាស់ជើងឯក រដូវកាលទី៨
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីតស៊ូគ្នា៥ទឹកពេញក្នុងវគ្គផ្ដាច់ព្រ័ត្រ អ្នកប្រដាល់គុនខ្មែរ ពេជ្រ សម្បត្តិ ត្រូវ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីតស៊ូគ្នា៥ទឹកពេញក្នុងវគ្គផ្ដាច់ព្រ័ត្រ អ្នកប្រដាល់គុនខ្មែរ ពេជ្រ សម្បត្តិ ត្រូវ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីតស៊ូគ្នា៥ទឹកពេញក្នុងវគ្គផ្ដាច់ព្រ័ត្រ អ្នកប្រដាល់គុនខ្មែរ ពេជ្រ សម្បត្តិ ត្រូវបានចៅក្រមផ្តល់ពិន្ទុឲ្យឈ្នះកីឡាករថៃ ផាត់ថាណា ដើម្បីក្លាយជាម្ចាស់ជើងឯកខារ៉ាប៉ាវ រដូវកាលទី៨ ឆ្នាំ២០២២ អមដោយប្រាក់រង្វាន់៦ពាន់ដុល្លារកាលពីយប់ថ្ងៃទី២៣ តុលា នៅសង្វៀនបាយ័នស្ទឹងមានជ័យ ។
អ្នកលេងគុនខ្មែរ ពេជ្រ សម្បត្តិ និងអ្នកលេងគុនថៃ ផាត់ថាណា បានធ្វើឱ្យសង្វៀនខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី៨ ឆ្នាំ២០២២ ក្លាយជាសមរភូមិប្រយុទ្ធដ៏គួរឱ្យជក់ចិត្តដិតអារម្មណ៍បំផុត ដោយសារជើងខ្លាំងទាំងពីរមានលក្ខណៈពិសេស គឺស៊ូ និងរឹងមាំដូចគ្នា ។ ក្របីព្រៃ ពេជ្រ សម្បត្តិ ចេញកណ្តាប់ដៃច្បាស់ៗទាំងលើក្បាលពោះ និងមុខរបស់ដៃគូ គិតចាប់ពីទឹកទី១រហូតដល់ទឹកទី៥ ខណៈ ផាត់ថាណា ពូកែវ៉ៃកែង និងបោះជង្គង់កាត់ ដែលធ្វើឱ្យអ្នកលេងគុនខ្មែរកម្លាំងដូចក្របីព្រៃកំពុងឡើងកជួបការលំបាកខ្លះៗដែរ។
កីឡាករទាំងពីរ បានបង្ហាញពីស្មារតីនៃអ្នកប្រយុទ្ធ និងសម្រុកគ្នាមិនសំចៃកម្លាំងឡើយ ពោល
គឺតទល់គ្នា ប្តូរកណ្តាប់ដៃ និងកែងដូចព្យុះ ធ្វើឱ្យទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនាផ្ទាល់ និងអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ ។
ទោះបីយ៉ាងណា អ្នកទស្សនាមួយចំនួនអាចនឹងគិតថា ពេជ្រ សម្បត្តិ មិនសមឈ្នះ ផាត់ថាណា
ទេ បន្ទាប់ពីតស៊ូគ្នា៥ទឹកពេញ ។ ដូច្នេះដើម្បីឱ្យអស់ចិត្តអ្នកជំនាញខាងប្រដាល់ បានលើកយកចំណុចប្រៀបធៀបគ្នាមួយចំនួនដែលបង្ហាញពីការពិតនៅលើសង្វៀនទាំង៥ទឹក។
កណ្តាប់ដៃ ៖ ពេជ្រ សម្បត្តិ វាយចេញបានច្រើនចាប់ពីទឹកទី១ដល់ទឹកទី៥ ហើយក៏ចំគោលដៅបានច្រើនដែរ ។ ទឹកទី១ ផាត់ថាណា មានប្រៀប ប៉ុន្តែទឹកនេះ ពេជ្រ សម្បត្តិ ក៏ប្រើកណ្ដាប់ដៃវ៉ៃចូលពេញៗពីរបីដៃដែរ ។ ទឹកទី២ ពេជ្រ សម្បត្តិ មានប្រៀបវិញតាមកណ្តាប់ដៃវ៉ៃចំគោលដៅបានច្រើន ស្របពេល ផាត់ថាណា ចេញកណ្តាប់ដៃបានមួយៗ។ ទឹកទី៣ ផាត់ថាណា ហាក់ធ្វើបានល្អវិញដោយបានប្តូរកណ្តាប់ដៃចំគោលដៅបានច្រើន ។
៣ទឹកដំបូង កីឡាករថៃអាចនឹងគិតថា ខ្លួនមានប្រៀប ដូច្នេះនៅទឹកទី៤ និងទី៥ រូបគេភាគច្រើនរង់ចាំ និងធាក់ទល់លើពោះរបស់ ពេជ្រ សម្បត្តិ ដែលព្យាយាមសម្រុកចូលវ៉ៃដោយប្រើកណ្តាប់ដៃ ។
ទឹកទី៤ និងទី៥ កីឡាករកម្ពុជាប្រើកណ្តាប់ដៃវ៉ៃចូលបានល្អដែលធ្វើឲ្យរូបគេទទួលបានពិន្ទុច្រើនជាងក្នុងពីរទឹកចុងក្រោយ។
ទាត់ ៖ ផាត់ថាណា ទាត់បានច្រើនចាប់ពីទឹកទី១ដល់ទឹកទី៣ ប៉ុន្តែទឹកទី៤ និងទី៥ រូបគេមិនសូវទាត់បានច្រើនទេ ។ ផ្ទុយទៅវិញ រូបគេប្រើជើងធាក់លើពោះរបស់ ពេជ្រ សម្បត្តិ ដើម្បីទប់ស្កាត់ភាគច្រើន ដូច្នេះការធាក់ទប់ស្កាត់នេះពេលខ្លះមិនត្រូវបានចៅក្រមផ្តល់ពិន្ទុទេ ។ ទោះជាយ៉ាងណា ពេជ្រ សម្បត្តិ ក៏ទាត់បានច្រើនដែរ ថ្វីបើរូបគេកម្ពស់ទាបជាង។
ជង្គង់ ៖ ផាត់ថាណា ប្រើជង្គង់បានច្រើនជាង ពេជ្រ សម្បត្តិ មែន ប៉ុន្តែជាក់ស្តែងមិនចូលគោលដៅពេញៗទេ ។ រាល់ពេលខ្លួនជាប់គ្នា ពេជ្រ សម្បត្តិ តែងតែឱបខ្លួនរបស់ ផាត់ថាណា ជាប់រហូត ដូច្នេះកីឡាករថៃមិនបានចេញជង្គង់ស្រួលៗនោះទេ ។ ជង្គង់ដែលកីឡាករថៃចេញបានល្អគឺពីចម្ងាយ ។ ជាមួយគ្នានេះ កីឡាករកម្ពុជាក៏អាចឡើងជង្គង់បានខ្លះៗដែរ។
កែង ៖ ពេជ្រ សម្បត្តិ ប្រើកែងរូសពេលឱប ខណៈ ផាត់ថាណា ប្រើកែងពីចម្ងាយ។ យ៉ាងណា ការប្រកួតនេះមិនសូវប្រើកែងច្រើនគួរឲ្យកត់សម្គាល់ទេ។
ស្មារតីប្រយុទ្ធ ៖ ពេជ្រ សម្បត្តិ អង់អាចក្នុងការដើរចូលវ៉ៃ ស្របពេល ផាត់ថាណា ប្រើក្បាច់ទប់ការពារ វាយបក ។ ចាប់ពីទឹកទី១រហូតដល់ទឹកទី៥ សម្បត្តិ ដើរចូលវ៉ៃរហូត ដែលសកម្មភាពនេះបញ្ជាក់ឱ្យឃើញថា គេមានស្មារតីប្រយុទ្ធល្អជាង និងស័ក្តិសមទទួលបានជ័យជម្នះច្រើនជាង។
ចំណែកកីឡាករ ធន់ ផានិត ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីបានផ្តួលកីឡាករថៃ ទួនប៉េ ឲ្យបោះបង់ចោលការប្រកួតដើមទឹកទី២ ៕
ចែករំលែកព័តមាននេះ