ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុកចត្រង្គ​កម្ពុជា នឹង​មាន​វត្តមាន ក្នុង​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ កីឡា​អុកចត្រង្គ​កម្ពុជា​នឹង​បង្ហាញ

រាជធានី​ភ្នំពេញ ៖ ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ កីឡា​អុកចត្រង្គ​កម្ពុជា​នឹង​បង្ហាញខ្លួន​ជា​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​នេះ ។ អុកចត្រង្គ​ដែល​ជា​កីឡា​ប្រពៃណី​មួយ​របស់​កម្ពុជា​នឹង​បង្ហាញខ្លួន​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​នៅ​ក្នុង​ចំណោម​ប្រភេទ​កីឡា​អុក​ដែល​ត្រូវ​បាន​បែងចែក​ជា​ពីរ​គឺ​អុកចត្រង្គ និង​អុក​ចិន​(Xiangqi)​។ ស្រប​ពេល​ជាមួយ​គ្នា​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​កំពុង​ជ្រើសរើស​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ចំនួន​១១​នាក់ ដើម្បី​ត្រៀម​ប្រកួត​លើ​៦​វិញ្ញាសា ស្មើនឹង​ការ​ប្រជែង​មេដាយមាស​ចំនួន​៦​គ្រឿងក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​លើ​ទឹកដី​កម្ពុជា​។

បើ​តាម​ការ​បញ្ជាក់​ពី លោក ប៊ិ​ន គា​សេង ជើងឯក​រង​ស្តេច​អុក​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៧ និង​ជា​អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​ទទួល​បន្ទុក​ការងារ​បច្ចេកទេស​បាន​ឲ្យ​ដឹង​ថា ការ​ជ្រើសរើស​កីឡាករ​កីឡាការិនី​សម្រាប់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ខាង​មុខ​នេះ គឺជា​រឿង​សំខាន់​របស់​សហព័ន្ធ​កីឡា​អុក ហើយ​ត្រូវធ្វើ​ឡើង​ដោយ​សម្រិតសម្រាំង​តាម​វិធីសាស្ត្រ​ច្រើន​ដំណាក់កាល​។

ដោយសារ​វិញ្ញាសា​ប្រភេទ​កីឡា​អុក យើង​មាន ៦​វិញ្ញាសា ហើយ​ត្រូវ​ប្រើ​កីឡាករ​-​កីឡាការិនី​១១
នាក់ ប៉ុន្តែ​ដោយ​មាន​គោលការណ៍ កីឡាករ​ម្នាក់អាច​លេង​បាន​២​វិញ្ញាសា អ៊ីចឹង​យើង​សម្រេចចិត្ត​ជ្រើសរើស​កីឡាករ​ផ្នែក​បុរស​៩​នាក់ និង​កីឡាការិនី ២​នាក់ ដើម្បី​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​។

បច្ចុប្បន្ន កីឡាករ​ចំនួន ៨​រូប ត្រូវ​បាន​ជ្រើសរើស​រួចរាល់​ហើយ​នៅ​តែ​កីឡាករ​ម្នាក់​ទៀត ដែល​ត្រូវ​ប្រកួត​ជម្រុះ​ក្នុង​ចំណោម​កីឡាករ​៤​នាក់​(​ជា​ជើង​ខ្លាំង​លេខ​៣​ក្នុង​ពូ​ល​)​ចំពោះ​កីឡាការិនី​នឹង​ត្រៀម​ធ្វើការ​ប្រកួត​ជម្រុះ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​។

ពេល​នេះ​មាន​ប្រទេស​ចំនួន​៤​ហើយ​បាន​បញ្ជាក់​ជា​ផ្លូវការ​អំពី​ការ​ចូលរួម​ប្រកួត​ក្នុង​នោះ​រួម​មាន​ម្ចាស់ផ្ទះ​កម្ពុជា​, ថៃ​, មី​យ៉ា​ន់​ម៉ា និង​វៀតណាម​ស្រប​ពេល​ប្រទេស​ផ្សេង​ៗ​ដទៃ​ទៀត មិន​ទាន់​មាន
ការ​បញ្ជាក់​នៅឡើយ​ទេ​។

អតីត​ជើងឯក​រង​ស្តេច​អុក​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧​រូប​នេះ​បាន​បន្ត​ថា នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ វប្បធម៌​លេងអុក​គឺ​ស្រ​ដៀង​ៗ​គ្នា ។ ថៃ​ក៏​លេងអុក​ដូច​គ្នា​ជាមួយ​យើង​ដែរ គ្រាន់តែ​ខុស​លក្ខខណ្ឌ​តិចតួច ។ វៀតណាម ផ្នែក​ខាងក្រោម​ក៏​មាន​លេងអុក​ដូច​ជាមួយ​យើង រីឯ​នៅ​ភូមា (​មី​យ៉ា​ន់​ម៉ា​) ក៏​គេ​លេងអុក​ភូមា ប៉ុន្តែ​ប្រភេទ​ដូច​ៗ​គ្នា គ្រាន់តែ​ខុស​គ្នា​បន្តិចបន្តួច ហេតុនេះ​អាច​លេង​ចូល​គ្នា​បាន ។ សម្រាប់​ប្រទេស​ផ្សេង​ៗ​ដូច​ជា​សិង្ហ​បុរី ម៉ា​ឡេ​ស៊ី ឥណ្ឌូ​ណេ​ស៊ី ហ្វី​លី​ពី​ន ភាគច្រើន​គាត់​លេងអុក​អន្តរជាតិ និង​លេងអុក​កូនកាត់​អាស៊ី​អាគ្នេយ៍ ។ អ៊ីចឹង ប្រទេស​ខ្លះ​គេ​អត់​ទាន់​យល់​ច្បាស់​ដែរ​។

ក្នុង​នាម​ជា​ម្ចាស់​លើ​ប្រភេទ​កីឡា​អុកចត្រង្គ​អគ្គលេខាធិការ​រង​រូប​នេះ​បាន​មើលឃើញ​ថា ៤​ប្រទេស​ខាងលើ សុទ្ធតែ​មាន​វប្បធម៌ និង​ក្បួនខ្នាត​នៃ​ការ​លេងអុក​ប្រហាក់ប្រហែល​គ្នា ។ យ៉ាងណា​ក៏​ដោយ សហព័ន្ធ​បាន​ដាក់​ក្ដី​រំពឹង​ឈ្នះ​មេដាយមាស យ៉ាងតិច ៣​គ្រឿង ក្នុង​ចំណោម ៦​មេដាយមាស​។

នៅ​ក្នុង​ប្រភេទ​កីឡា​អុកចត្រង្គ​នេះ​មាន​មេដាយ​ដល់​ទៅ​៦​មេដាយមាស ហើយ​សមត្ថភាព​កីឡាករ​កម្ពុជា​យើង បច្ចេកទេស ទេព​កោសល្យ​លេង ភាព​ប៉ិន​ប្រសប់​ជាដើម គឺ​មិន​ចាញ់​ប្រទេស​ជិតខាង​នោះ​ទេ ។ ថៃ ក៏​ខ្លាំង​ផង​ដែរ ដោយសារ​របៀប​លេងអុក​របស់​គេ គឺ​ស្រ​ដៀង​យើង​ខុស​លក្ខខណ្ឌ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ សហព័ន្ធ​បាន​ប្តេជ្ញា​ចិត្ត​ជំរុញ​កីឡាករ​កីឡាការិនី​ហ្វឹកហាត់​ក្នុង​កម្រិត​មួយ
ដ៏​ខ្ពស់​​ដើម្បី​បង្កើន​គុណភាព​ដោយ​សង្ឃឹមថា នឹងទទួល​បាន​មេដាយមាស​យ៉ាងតិច​៣​គ្រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ