ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ទីលាន​តិច​បំផុត​៤ សម្រាប់​បាល់ទាត់​ទាំង​បុរស​-​នារី នា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ សម្រាប់​

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ សម្រាប់​ប្រភេទ​កីឡាបាល់ទាត់​ទាំង​បុរស​និង​នារី​នឹង​ត្រូវ​ប្រើប្រាស់​ទីលាន​យ៉ាងតិច​បំផុត​ក៏​៤​ដែរ ។
តាម​ការ​គ្រោងទុក ព្រឹត្តិការណ៍​នេះ​នឹង​ដំណើរការ​ជា​ផ្លូវការ​ពី​ថ្ងៃ​ទី​០៥-១៧ ខែឧសភា ឆ្នាំ​២០២៣​។

ឯកឧត្តម ​វ៉ា​ត់​ ចំរើន ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២​ឆ្នាំ​២០២៣(CAMSOC) បាន​បញ្ជាក់​ថា​ ដូច​ជា​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​, ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​, កីឡដ្ឋាន​ព្រី​ន​ស៍​របស់​ក្លិប​វិសាខា​ និង​កីឡដ្ឋាន​កង​យោធពលខេមរភូមិន្ទ
​(​ស្តា​ត​ចាស់​)​ដែល​នឹង​បម្រើ​ឱ្យ​ការ​ប្រកួត​បាល់ទាត់​បុរស​និង​នារី​សម្រាប់​ការ​ប្រកួតផ្លូវការ​ចន្លោះ​ពី​៤​ទៅ​៥​កីឡដ្ឋាន​ដោយ​មិន​គិត​ពី​ទីលាន​សម្រាប់​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ចូលរួម​នោះ​ឡើយ​។

ជាមួយនឹង​ការ​ត្រៀម​រៀបចំ​ទីលាន​ប្រកួត​ស៊ី​ហ្គេ​ម​២០២៣​នេះ​ ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ត្រូវ​បាន​ជួសជុល​ផ្លាស់​ប្តូរ​ពី​ស្មៅ​សិប្ប​និម្មិតមក​ជា​ស្មៅ​ធម្មជាតិ​វិញ​ ។ ​ការ​ជួសជុល​ទីលាន​បាល់ទាត់​អូ​ឡាំ​ពិ​ក​នេះ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ដង់ដារ​អន្តរជាតិ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) សម្រាប់ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​។

ក្រៅពី​ផ្លាស់​ប្តូរ​ស្មៅ​ធម្មជាតិ ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ក៏​នឹង​ត្រូវ​បំពាក់​កៅអី ៣៥ ០០០​កៅអី​និង​បំពាក់​ភ្លើង​បំភ្លឺ​ទីលាន​ឱ្យ​ស្រប​តាម​ស្តង់ដារ FIFA ដូច​គ្នា​ដែរ ​។​ គម្រោង​ជួសជុល​កែ​លម្អ​នេះ​នឹង​ត្រូវធ្វើ​ឡើង​នា​ខែវិច្ឆិកា ឆ្នាំ​២០២២ និង​គ្រោង​បញ្ចប់​នា​ខែមករា ឆ្នាំ​២០២៣​។

ការ​រៀបចំ​ជួសជុល​កែ​លម្អ​និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស នៃ​ទីលាន​ប្រកួត​នានា ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នេះ​ គឺជា​ការ​ត្រៀមខ្លួន​ឱ្យ​មានភាព​ល្អ​ប្រសើរ​ស្រប​តាម​គោលការណ៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​ឧបនាយករដ្ឋមន្ដ្រី​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ (CAMSOC) និង​ឯកឧត្តមបណ្ឌិត​ថោ​ង ខុន​ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍​ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​គណៈកម្មាធិការ​ជាតិ (CAMSOC) ។

គណៈកម្មការ​ជំនាញ​នានា ត្រូវ​គោរព​ឱ្យ​បាន​ដាច់ខាតនូវ​ស្ដង់ដារ​តែ​មួយ​របស់​អន្ដរជាតិ​ដើម្បី​ថែរក្សា​ឱ្យ​បាន​នូវ​សេចក្ដី​ថ្លៃថ្នូរ និង​ស័ក្ដិសម​កិត្តិយស​ជាតិ​ក្នុង​នាម​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ