ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​វាយ​កូន​បាល់​កម្ពុជា សម្រេច​គោលដៅ​ធំ​មួយ មុន​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣

1 ឆ្នាំ មុន

ប្រទេស​បា​រ៉ែ​ន ៖ ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា បាន​សម្រេច​គោលដៅ​ដ៏​ធំ​មួយ ក្នុង​ការ​

ប្រទេស​បា​រ៉ែ​ន ៖ ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា បាន​សម្រេច​គោលដៅ​ដ៏​ធំ​មួយ ក្នុង​ការ​ឡើង​ទៅ​ប្រកួត​កម្រិត​៣ ប្រចាំ​តំបន់​អាស៊ី​/អូ​សេ​អា​នី (Asia/Oceania Group III) វិញ នៃ​ព្រឹត្តិការណ៍​វាយ​កូន​បាល់​ពិភពលោក Davis Cup 2022 បន្ទាប់​ពី​យកឈ្នះ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ទីក្រុង Isa Town ប្រទេស​បា​រ៉ែ​ន ។ នេះ​គឺជា​ការ​សម្រេច​ជោគជ័យ​មួយ​ដ៏​ធំ​របស់​ក្រុមកីឡា​វាយ​កូន​បាល់​កម្ពុជា ដែល​បាន​ត្រឡប់​ទៅ​កាន់​កៅអី​កម្រិត​៣ នៃ​ព្រឹត្តិការណ៍​ពិភពលោក​នេះ​វិញ បន្ទាប់​ពី​ខកខាន​អស់​រយៈពេល ៦​ឆ្នាំ ហើយ​ក៏​ជា​ការ​សម្រេច​គោលដៅ​មួយ​ដ៏​ធំ ក្នុង​ផែនការ​របស់​សហព័ន្ធ សម្រាប់​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា នា​ពេល​ខាង​មុខ​ផង​ដែរ​។

ការ​ទទួល​បាន​ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​កម្រិត​៣ ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អា​នី​នេះ ស្រប​ពេល​ក្រុមកីឡា​វាយ​កូន​បាល់​កម្ពុជា ដែល​ឈរ​លេខ​១ ពូ​ល A បាន​តតាំង​ជាមួយ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី ដែល​ឈរ​លេខ​១ ពូ​ល B ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្រិត​៤ យ៉ាង​ស្វិតស្វាញ ហើយ​កម្ពុជា បាន​យកឈ្នះ ២-១ ជាមួយ​លទ្ធផល​៖

ការ​ប្រកួត​ទី​១ ឯកត្តជន : ជា​ការ​ប្រកួត​រវាង​កីឡាករ​ខ្មែរ​-​អា​មេ​រិ​ក Mathew Krusling បាន​ចាញ់​កីឡាករ​សិង្ហ​បុរី Shaeed Alam ដោយ​លទ្ធផល ២​សិត​១ ។ សិត​ទី​១ Mathew Krusling បាន​ចាញ់​ពិន្ទុ ១-៦ ចូល​សិត​ទី​២ Mathew Krusling បាន​វាយបក​យកឈ្នះ​វិញ ៦-២ តែ​សិត​ទី​៣ កីឡាករ​សិង្ហ​បុរី បាន​ត្រឡប់​យកឈ្នះ ៤-៦​។

ការ​ប្រកួត​ទី​២ ឯកត្តជន : កីឡាករ​ជើង​ខ្លាំង​កម្ពុជា ប៊ុ​ន កេ​ន្នី ធ្វើ​បាន​យ៉ាង​ល្អ​ជូន​កម្ពុជា ដោយ​យកឈ្នះ ២​សិត​០ លើ​កីឡាករ​សិង្ហ​បុរី Roy Hobbs ក្នុង​ពិន្ទុ ៦-៣ និង ៦-៣​។

ការ​ប្រកួត​ទី​៣ វាយ​គូ : ការ​ប្រកួត​កាត់សេចក្ដី លើ​វិញ្ញាសា​វាយ​គូ បន្ទាប់​ពី​ក្រុម​ទាំង​ពីរ ឈ្នះ​១ ចាញ់​១ លើ​វិញ្ញាសា​ឯកត្តជន​នេះ ក្រុម​កម្ពុជា គឺ​មាន​កីឡាករ​ខ្មែរ​-​បារាំង ប៊ុ​ន កេ​ន្នី ចាប់ដៃ​គ្នា​ជាមួយ Mathew Krusling ដោយ​បាន​យកឈ្នះ​កីឡាករ​សិង្ហ​បុរី Shaheed Alam និង Ethan Kai Xin Lye ២​សិត​០ ទៀត ក្នុង​ពិន្ទុ ៧-៦ និង ៦-២​។

ដូច្នេះ ជ័យជម្នះ​នេះ នាំ​ឲ្យ​ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា បាន​ឡើង​ទៅ​ប្រកួត​កម្រិត​៣ (Group III) នៃ​ព្រឹត្តិការណ៍ Davis Cup ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អា​នី នា​ឆ្នាំ​ក្រោយ រួម​ជាមួយ​ស្រី​លង្ការ ដែល​បាន​ឈ្នះ​នៅ​ក្នុង Events A ធ្វើ​នៅ​ប្រទេស​ស្រី​លង្ការ​។

គួរ​ឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​កម្រិត​ពិភពលោក Davis Cup 2022 នេះ កម្ពុជា​បាន​បញ្ជូន​កីឡាករ ៥​រូប​ចូលរួម គឺ​មាន​កីឡាករ ឡុ​ង សំនៀង​, ឃ្លាំង ពន្លក​, ប៊ុ​ន កេ​ន្នី (​ខ្មែរ​-​បារាំង​), Tep Timothy និង Matthew David Krusling​។ នេះ​ជា​ជោគជ័យ​ដ៏​ប្រសើរ​សម្រាប់​ក្រុម​វាយ​កូន​បាល់​កម្ពុជា ដើម្បី​ជា​ទំនុកចិត្ត​សម្រាប់​ត្រៀមលក្ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ