ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​៣​គ្រឿង​បុក​គ្នា​ពេញទំហឹង​ឆាបឆេះ ធ្វើ​ឱ្យ​ម៉ូតូ​១​គ្រឿង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ

1 ឆ្នាំ មុន
  • ភ្នំពេញ

ម៉ូតូ​ហុងដា​ឃ្លី​កមួយ​គ្រឿង​ជិះ​លឿន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្គុ​ប​ពី​មួយ​គ្រឿង ដែល​ជិះ​ឆ្លងកាត់​ផ្លូវបំបែក​ជា​បួន រួច​ក៏​ជ្រុល​បន្ត​ទៅ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ម៉ូតូ​ហុងដា​ឃ្លី​កមួយ​គ្រឿង​ជិះ​លឿន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្គុ​ប​ពី​មួយ​គ្រឿង ដែល​ជិះ​ឆ្លងកាត់​ផ្លូវបំបែក​ជា​បួន រួច​ក៏​ជ្រុល​បន្ត​ទៅ​បុក​ម៉ូតូ​ស្គុ​ប​ពី​មួយ​គ្រឿង​ទៀត ដែល​ជិះ​បញ្ច្រាសទិស​គ្នា បណ្តាល​ដួល​អូស​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ខាង​មុខ​កង​រាជ​អាវុធ​ហ្ថ​ត​ខណ្ឌទួលគោក តាម​បណ្ដោយ​ផ្លូវ​១៨២​កែង​នឹង​ផ្លូវ​២៥៧ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​ម្នាក់​ជិះ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្គុ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1IL-2643 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៥៧ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ម៉ូតូ​នោះ​ក៏​បាន​ជិះ​ឆ្លងកាត់​ផ្លូវ​១៨២ ខណៈ​ពេល​នោះ​ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1IH-1101 ជិះ​ដោយ​បុរស​ម្នាក់​តាម​បណ្ដោយ​ផ្លូវ​១៨២ ទិស​ដៅ​ពី​កើត​ទៅ​លិច និង​ក្នុង​ល្បឿន​យ៉ាង​លឿន រួច​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្គុ​ប​ពី​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ស្គុ​ប​ពី​រង​ការ​វៀចក​ខាង​មុខ និង​ម្ចាស់​រង​របួសស្រាល​។

ប្រភព​ដដែល​បន្ត​ថា រីឯ​ម៉ូតូ​ឃ្លី​ក​វិញ ក៏​បាន​ជ្រុល​ទៅ​ខាង​មុខ​ឆ្លង​ចូល​ចំណី​ផ្លូវ​ម្ខាង​ទៀត រួច​ទៅ​បុក​ចំ​ពីមុខ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ស្គុ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2IU-8160 ដែល​ជិះ​ដោយ​ប្តី​ប្រពន្ធ​ពីរ​នាក់​តាម​បណ្ដោយ​ផ្លូវ​១៨២ បញ្ច្រាសទិស​គ្នា​ជាមួយ​ម៉ូតូ​ឃ្លី​ក បណ្តាល​ឲ្យ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ និង​ធ្វើ​ឱ្យ​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​រង​របួសស្រាល ចំណែកឯ​ម៉ូតូ​ឃ្លី​ក​វិញ បាន​ដួល​អូស​ជា​ច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​ធ្វើ​ឱ្យ​ម្ចាស់​ម៉ូតូ​រង​របួសធ្ងន់​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​មក​ក៏​មាន​ប្រជាពលរដ្ឋ​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​ទាន់​ពេលវេលា គ្រាន់តែ​បណ្តាល​ឲ្យ​ម៉ូតូ​ឆេះ​ខូចខាត​អស់​មួយ​កំណាត់​ខាងក្រោយ​តែ​ប៉ុណ្ណោះ​។ ក្រោយមក​ដោយ​ម្ចាស់​ម៉ូតូ​ស្គុ​ប​ពី​ដែល​រង​ការ​ខូចខាត​វៀច​.​ក មិន​ចង់​មានរឿង​រ៉ាវ​វែង​ឆ្ងាយ ក៏​បន្តដំណើរ​ជិះ​ចេញ​ទៅ​បាត់​។

ក្រោយ​ពេល​កើតហេតុ ក៏​មាន​រថយន្ត​សា​ម៉ុ​យ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ បាន​មក​ដឹក​យក​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ទៅ​សង្គ្រោះ​ភ្លាម​ៗ​។ រីឯ​ម៉ូតូ​ទាំង​ពីរ​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ