ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានប្រកាសនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ថា ដើម្បីធានានូវសិទ្ធិក្នុងការទទួលបានសេវាផ្សេងៗ ជាពិសេសសិទ្ធិនយោបាយក្នុងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់កាន់ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ សូមប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូថ្មី អស់សុពលភាព ឬសុពលភាពនៅសល់តិចជាង ឬត្រឹមរយៈពេល ៩០ថ្ងៃ សូមអញ្ជើញមកបំពេញបែបបទប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី។
ទីតាំង ដែលអាចប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី រួមមាន៖ ១-តាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ឬអធិការដ្ឋានក្រុងស្រុកខណ្ឌ ឬច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៃលំនៅឋានរបស់ខ្លួន ២-នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ( សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ) ៣-ទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើបអ៊ីអនម៉ល២ ( Aeon Mall II ) សែនសុខ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលត្រូវមកប្តូរអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សូមភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលអស់សុពលភាព ឬសុពលភាព នៅសល់តិចជាង ឬត្រឹមរយៈពេល ៩០ថ្ងៃ ( និងឯកសារសំអាង ករណីមានការផ្លាស់ប្តូរទិន្នន័យ )៕

ចែករំលែកព័តមាននេះ