ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ប្រចៀវ​​នៅ​ក្នុងរូង​ភ្នំ​សំពៅ​ធ្វើ​ឱ្យ​កក្រើក​ដល់​ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​រាប់រយ​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ហ្វូង​សត្វ​ប្រចៀវ​រាប់​លាន​ក្បាល ដែល​ហោះ​ចេញពី​ក្នុង​ល្អាង​ភ្នំ​សំពៅ ស្ថិត​ក្នុង​

ខេត្តបាត់ដំបង ៖ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​រាប់រយ​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ហ្វូង​សត្វ​ប្រចៀវ​រាប់​លាន​ក្បាល ដែល​ហោះ​ចេញពី​ក្នុង​ល្អាង​ភ្នំ​សំពៅ ស្ថិត​ក្នុង​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ មុន​ពេល​សូ​រិ​យា​ហៀ​ប​អស្តង្គត ដែល​ពួក​គេ​ចាត់​ទុក​ថា ជា​ទស្សនីយភាព​ដ៏​ប្លែក​ភ្នែក និង​កម្រ​បាន​ជួប​ប្រទះ​បំផុត​។

អ្នក​នៅ​ខេត្តបាត់ដំបង ភាគច្រើន​សុទ្ធតែ​ធ្លាប់​ដឹង និង​ធ្លាប់​បានឃើញ​ហ្វូង​សត្វ​ប្រចៀវ​ទាំងនោះ​ហោះ​ចេញពី​ក្នុង​ល្អាង​ភ្នំ​សំពៅ ផ្ទុយ​ពី​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​នានា ក្នុង​ប្រទេស​កម្ពុជា ដែល​កម្រ​បានឃើញ​ក្បូន​សត្វ​ប្រចៀវ​ហោះ​ចេញ​ស្វែងរក​ចំណី​នា​ពេល​ល្ងាច​។ ដោយឡែក​សម្រាប់​ភ្ញៀវ​ទេសចរ​ណ៍​បរទេស​វិញ រឹត​តែ​កម្រ​បាន​ជួប​ប្រទះ​ទៀត​។ ប៉ុន្តែ​ក្រោយ​ពី​បាន​ទស្សនា​ហ្វូង​សត្វ​ប្រចៀវ​ហោះ​ចេញពី​ល្អាង​ភ្នំ​ម្ដង ពួក​គេ​បាន​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​ហ្វូង​សត្វ​ប្រចៀវ​នេះ ហើយ​ចាត់​ទុក​ថា ជា​សកម្មភាព​ប្លែក​ភ្នែក ល្អមើល​ និង​ធ្វើ​ឲ្យ​ចាប់​អារ​ម្ម​ណ៏​បំផុត​។

មុន​ពេល​សូ​រិ​យា​ហៀ​ប​អស្ដង្គត​នៅ​ចន្លោះ​ម៉ោង​៥និង៣០​នាទី​ដល់​ម៉ោង​៦និង១៥​នាទី​ល្ងាច គឺជា​ពេលវេលា​ដ៏​ជាក់លាក់ ដែល​ហ្វូង​សត្វ​ប្រចៀវ​ចាប់ផ្ដើម​ហោះ​ចេញពី​ល្អាង​ភ្នំ​សំពៅ ក្រោមក្រសែភ្នែក​មនុស្ស​រាប់រយ​នាក់ ដែល​រង់​ចាំ​គយគន់ ​និង​ផ្ដិត​យក​រូបភាព ដែល​មើលទៅ​ហាក់ដូចជា​សត្វ​ចម្លែក​ម្យ៉ាង​ហោះ​ចេញពី​ក្នុង​រូងភ្នំ​ដូច្នេះ​ដែរ​។ នៅ​លើ​ដងផ្លូវ​ជាប់​នឹង​ជើងភ្នំ​សំពៅ ស្ថិត​ចំ​ពីមុខ​ល្អាង​ប្រចៀវ​នោះ​តែ​ម្ដង គេ​ឃើញ​អ្នក​លក់ដូរ​នៅ​ទីនោះ បាន​រៀបចំ​តុ​កៅអី​តម្រៀប​គ្នា​ជា​ជួរ​យ៉ាង​មាន​របៀប សម្រាប់​ឲ្យ​ភ្ញៀវ​ទេស​ចរ​ណ៍​គ្រប់​ជាតិ​សាស​ន៍​អង្គុយ​ទស្សនា​ហ្វូង​សត្វ​ប្រចៀវ​ហោះ​ចេញពី​ក្នុង​ល្អាង​ភ្នំ​ជា​ក្បូន​មួយ ​។ អ្នកលក់​ដូរ​បាន​បង្ហាញ​ពី​ទឹកមុខ​រីករាយ​ជាមួយនឹង​មុខទំនិញ​របស់​ខ្លួន​ដែល​ភ្ញៀវ​ស្រែក​កុម្ម៉ង់​ទិញ​មិន​ដាក់​មាត់​។

អ្នកស្រី​ ប៉ែន សូ​ភី អាយុ​៣៦​ឆ្នាំ ដែល​កំពុង​មមាញឹក​បំផុត​ក្នុង​ការ​លក់ដូរ បាន​និយាយ​ថា ការ​លក់ដូរ​នៅ​តំបន់​ទេសចរ​ណ៍​ភ្នំ​សំពៅ គឺ​លក់ដាច់​តែ​ពេល​ល្ងាច​រយៈ​ជាង​១​ម៉ោង​ប៉ុណ្ណោះ ពេល​ដែល​ភ្ញៀវ​ទេសចរ​ណ៍​ចាប់ផ្ដើម​នាំ​គ្នា​សម្រុក​មក​អង្គុយ​ទស្សនា​ហ្វូង​សត្វ​ប្រចៀវ​ហោះ​ចេញពី​ល្អាង​។ អ្នកស្រី​បន្ត​ថា មិន​ថា​ភ្ញៀវ​ជាតិ ​ឬ​ភ្ញៀវ​អន្តរជាតិ​នោះ​ទេ តែងតែ​នាំ​គ្នា​មក​ទស្សនា​ហ្វូង​សត្វ​ប្រចៀវ​នេះ​យ៉ាង​ពពាក់ពពូន​បំផុត តែ​អ្នកស្រី​បញ្ជាក់​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ភ្ញៀវ​ទេសចរ​ណ៍​បរទេស​ហាក់​ធ្លាក់​ចុះ​បន្តិច​។

អ្នក​នាំ​ភ្ញៀវ​ទេសចរ​ណ៏៍បរទេស​ម្នាក់​បាន​និយាយ​ថា ភ្ញៀវ​ទេសចរ​ណ៍​ស្ទើរ​គ្រប់​ជាតិ​សាស​ន៍ ​គឺ​ចូល​ចិត្ត​មើល​ហ្វូង​ប្រចៀវ​នេះ​បំផុត​។ គាត់​និយាយ​ថា ស្ទើរ​រាល់​ថ្ងៃមុន​ពេល​ដល់​ម៉ោង​ហ្វូង​សត្វ​ប្រចៀវ​ហោះ​ចេញពី​ក្នុង​ល្អាង​ភ្នំ ពួក​ភ្ញៀវ​ទេសចរ​ណ៍​តែង​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ​ដើម្បី​ទស្សនា និង​ថត​សកម្មភាព​ហ្វូង​ប្រចៀវ​ទាំងនោះ​។ អ្នក​ដឹក​ភ្ញៀវ​រូប​នេះ ​បាន​ស្រង់​សំដី​ភ្ញៀវ​របស់​ខ្លួន​ថា ពួក​គេ​មិន​ធ្លាប់​ឃើញ​សកម្មភាព​ហ្វូង​សត្វ​ប្រចៀវ​រាប់​លាន​ក្បាល​ហោះ​ចេញពី​ភ្នំ​បែប​នេះ​ទេ​។ ពួក​គេ​ចាត់​ទុក​សកម្មភាព​ហ្វូង​ប្រចៀវ​នេះ​ថា ជា​ហ្វូង​សត្វ​ចម្លែក ដែល​ធ្វើ​ឲ្យ​ពួក​គេ​គយគន់​មិន​ចេះ​ជិនណាយ ហើយ​ហ្វូង​សត្វ​ទាំងនេះ​ហោះ​យ៉ាង​មាន​របៀប​ទៀត​ផង​។ ពួក​ភ្ញៀវ​បរទេស​ពិតជា​ចាប់​អារម្មណ៍​​នឹង​ហ្វូង​សត្វ​ប្រចៀវ​នេះ​បំផុត​។

លោក​ អ៊ុ​ច​អ៊ុំ ភី​នី​ស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរ​ណ៍​ខេត្ត​បាន​ថ្លែងប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​៣១ មី​នា ​តាម​ទូរស័ព្ទ​ថា ភ្ញៀវ​ទេសចរ​ណ៍​បរទេស​ពិតជា​កើនឡើង​ខ្លាំង​មែន ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ហ្វូង​សត្វ​ប្រចៀវ​ចេញពី​ល្អាង​ភ្នំ​សំពៅ នា​ពេល​ថ្ងៃ​លិច​។ លោក​បាន​និយាយ​ថា ភ្ញៀវ​ទេសចរ​ណ៍​ដែល​ទៅ​ទស្សនា​ហ្វូង​ប្រចៀវ​បាន​កើនឡើង​ខ្លាំង​ក្នុង​រយៈ​​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ បន្ទាប់​ពី​លោក​បាន​ធ្វើការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម តាម​វ៉េបសាយ និង​តាម​សមាគម​​ទេសចរ​ណ៍​នានា​។

លោក ​អ៊ុ​ច​អ៊ុំ ភី​នី​ស្សា​រ៉ា បាន​បញ្ជាក់​ដែរ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ភ្ញៀវ​ទេសចរ​ណ៍​ភ្ញាក់ផ្អើល និង​ចាប់​អារ​ម្ម​ណ៍​បំផុត អំពី​សកម្មភាព​ហ្វូង​ប្រចៀវ​រាប់​លាន​ក្បាល​នេះ គឺ​ហ្វូង​ប្រចៀវ​ទាំងនេះ​ហាក់​បាន​បង្ហាញ​ពី​លក្ខណៈ​ពិសេស នៃ​ការ​ធ្វើ​ដំណើរ​ដែល​លក្ខណៈ​ជា​ក្រុម​ៗ មាន​មេ​កើយ​នាំ​ហ្វូង ហើយ​ថែម​ទាំង​បាន​កំណត់​នូវ​ពេលវេលា​យ៉ាង​ច្បាស់​លាស់​​បំផុត ទាំង​ពេល​ចេញដំណើរ ទាំង​ពេល​ត្រឡប់​ចូល​ក្នុង​ជម្រក​វិញ​។ នេះ​ជា​លក្ខណៈ​ពិសេស​ដែល​ភ្ញៀវ​ទេសចរ​ណ៍​ចាប់ចិត្ត​បំផុត រហូត​នាំ​គ្នា​ទៅ​អង្គុយ​រង់ចាំ​មើល​ហ្វូង​​សត្វ​ប្រចៀវ​ចេញពី​ល្អាង​ភ្នំ​ស្ទើរ​រាល់ថ្ងៃ​។ លោក​ថា ក្រៅពី​ទៅ​ទស្សនា​ហ្វូង​សត្វ​ប្រចៀវ​ហោះ​ចេញពី​ភ្នំ​សំពៅ ភ្ញៀវ​ទេសរ​ណ៍​ក៏​មិន​ភ្លេច​ទៅ​ជិះ​ឡូ​រី​លើ​ផ្លូវដែក​កម្សាន្ត​ជា​មួយនឹង​ទេសភាព​ស្រុកស្រែ និង​ដើរ​ទស្សនា​អគារ​បេ​តិក​ភ័​ណ្ឌ​ក្នុង​ក្រុង​បាត់ដំបង​ផង​ដែរ​៕