ខេត្តកំពង់ឆ្នាំង ៖ វត្តពោធិ៍រុក្ខារាម ហៅវត្តកំពង់ត្រឡាចលើនៅតែជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរបរទេសដែលតែងតែចូលទស្សនាជារៀងរាល់ថ្ងៃ ដោយសារតែមានទាំងគំនូរបុរាណ ដែលមានអាយុការជាង៣រយឆ្នាំមុន (សតវត្សទី១៧) ។ អ្វីដែលពិសេសនោះ ក្រៅពីអញ្ជើញទៅទស្សនាវត្តដ៏ចំណាស់មួយនេះ តាមមធ្យោបាយរថយន្ត ភ្ញៀវទេសចរ ដែលចុះពីកប៉ាល់ទឹកបានជិះរទេះគោដែលជាមធ្យោបាយបុរាណកាល របស់ខ្មែរផងដែរ ។ វត្តកំពង់ត្រឡាចលើ ស្ថិតក្នុងភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ។

ប្រជាពលរដ្ឋ ដែលបានចងក្រងជាសហគមន៍ ក្រុមរទេះគោសម្រាប់ដឹកភ្ញៀវទេសចរបរទេសទាំងនោះ បានសំដែងក្តីរីករាយនៅពេលបានដឹកភ្ញៀវបរទេស ដោយពួកគាត់បាននិយាយថា ភ្ញៀវទេសចរបរទេស មានការចាប់អារម្មណ៍ នឹងការជិះរទេះគោនេះខ្លាំងណាស់ ពួកគេមួយណា ក៏ដូចមួយណា ពេលបានជិះរទេះ គឺសប្បាយ ព្រោះពួកគាត់មិនធ្លាប់បានឃើញ និងបានជិះពីមុនមក ។ នៅពេលបានជិះរទេះគោ ដែលជាមធ្យោបាយធ្វើដំណើររបស់ខ្មែរយើង តាំងពីបុរាណកាលមក ភ្ញៀរបរទេសទាំងនោះបានសម្តែងនូវក្តីរីករាយដោយបានថតរូបជាមួយរទេះ និងថតឱ្យគ្នាម្តងម្នាក់ទៀតផង ។

បងប្អូនប្រជាពលរដ្ឋ អ្នកបរទេះគោដឹកភ្ញៀវបានបញ្ជាក់ថា ពេលឡើងពីកប៉ាល់ ភ្ញៀវត្រូវជិះរទេះគោមកកម្សាន្តនៅវត្តកំពង់ត្រឡាចលើ និងបានចូលទស្សនាព្រះវិហារ និងគំនូរបុរាណ នៅតាមជញ្ជាំងព្រះវិហារ បន្ទាប់មកពួកគាត់បានជិះរទេះគោត្រឡប់ទៅជិះកប៉ាល់វិញ ដែលចតនៅមាត់ទន្លេមុខសាលាឃុំកំពង់ត្រឡាច ។
ចំពោះតម្លៃវិញមាន២ប្រភេទ គឺសម្រាប់ភ្ញៀវចុះពីរថយន្តមកទស្សនាវត្តកំពង់ត្រឡាចក្រោមហើយត្រូវជិះរទេះគោទៅជិះកប៉ាល់វិញ១ជើង៤ដុល្លារ (រទេះគោ១ ភ្ញៀវជិះតែម្នាក់ឬ២នាក់ប៉ុណ្ណោះ ។ ចំណែកភ្ញៀវឡើងពីកប៉ាល់មកជិះរទេះគោ ពេលទស្សនាវត្តហើយជិះត្រឡប់មកវិញថ្លៃ៥ដុល្លារ ។ បច្ចុប្បន្ន រទេះគោសម្រាប់ដឹកភ្ញៀវមានជាង៦០រទេះ ដោយបានចែកជាក្រុមតូចៗក្នុង១ក្រុម មាន១០រទេះសម្រាប់ដាក់វេនចែកគ្នាដឹកផង និងដើម្បីងាយស្រួលក្នុងការទាក់ទងហៅមកដឹកភ្ញៀវផងដោយ និងដាក់វេនគ្នាដឹក អោយបានស្មើៗគ្នាមិនច្រណែនគ្នា ។

ដោយឡែក លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានបញ្ជាក់តាមទូរស័ព្ទថា រយៈពេល៩ខែឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសដែលបានចូល រួចកម្សាន្តលើទឹកដីខេត្តកំពង់ឆ្នាំង មានចំនួន១៦៤៥៥ នាក់ គឺបានកើនឡើង៧១.៣៥ % បើប្រៀបធៀប៩ខែឆ្នាំ២០២៣រយ:ពេលដូចគ្នា ។

ចំណែកភ្ញៀវជាតិមានចំនួន១ ៦២២ ២៩៦នាក់ ។ ខេត្តកំពង់ឆ្នាំងមានរមណីយដ្ឋាន សរុប២៥កន្លែង ក្នុងនោះរមណីយដ្ឋានប្រវត្តិសាស្ត្រ១០កន្លែង និងរមណីយដ្ឋានធម្មជាតិ១៥ កន្លែង ដែលមាននៅក្នុងស្រុករលាប្អៀរ៦ កន្លែងស្រុកបរិបូណ៌២កន្លែង ស្រុកកំពង់លែង៨កន្លែង ស្រុកកំពង់ត្រឡាច២កន្លែង ស្រុកសាមគ្គីមានជ័យ២កន្លែង និងស្រុកទឹកផុស៥កន្លែង ៕








ចែករំលែកព័តមាននេះ