មុខរបរស្មូនដីអ្នកភូមិអណ្តូងប្ញស្សីនៅតែទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរបរទេស
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ មុខរបរស្មួនដីផលិតជាក្អម សម្ភារប្រើប្រាស និងវត្ថុអនុស្សាវរីយ៍ផ្សេងៗរបស់អ្នកភូមិអណ្តូងប្ញស្សី ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅតែមានប្រជាប្រិយភាពទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរបរទេសមកទស្សនាស្ទើរជារៀងរាល់ថ្ងៃដោយមិនចេះជិនណាយ ។

លោក ស៊ន ប៊ុនស៊ីន អគ្គមគ្គុទេសទេសចរណ៍ផ្នែកភាសាបារាំងបានឲ្យដឹងថា ភាគច្រើនភ្ញៀវទេសចរបរទេសពួកគាត់ចង់យល់ដឹងអំពីប្រវត្តិសាស្ត្រ ចង់ដឹងអំពីរបៀបនៃការរស់នៅប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរយើងរស់នៅនិងប្រកបមុខរបរចិញ្ចឹមជីវិតរបៀបណាខ្លះ មានភាពខុសគ្នាជាគ្នាយ៉ាងណាជាមួយជីវភាពរស់នៅរបស់ប្រជាជនស្រុកគាត់ដូចម្តេចខ្លះ។ ជាពិសេស ភ្ញៀវបរទេសដែលមកទីនេះ គឺចាប់អារម្មណ៍ពីជីវភាពរស់នៅរបស់អ្នកភូមិ និងចង់ដឹងអំពីរបៀបនៃការធ្វើក្អម ឆ្នាំង និងចម្លាក់ស្មូនពីដីផ្សេងៗ ។

អគ្គមគ្គុទេសក៍ទេសចរណ៍រូបនោះបានបន្ថែមថា ក្នុងនាមរូបគាត់ជាកូនខ្មែរមួយរូប សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅទីនេះ សូមបន្តធ្វើផលិតផលអំពីដីនេះតទៅមុខទៀត ព្រោះជាមុខរបរដែលដូនតាបន្សល់ទុកបង្ហាញនូវអត្តសញ្ញាណជាតិខ្មែរផងដែរ ។ ប្រសិនជាប្រជាពលរដ្ឋយើងនៅទីនេះ ផ្លាស់ប្ដូរធ្វើមុខរបរអ្វីផ្សេង យើងនឹងបាត់បង់មុខរបរដូនតាបន្សល់ជាយូរលង់ ដែលបង្ហាញពីប្រពៃណីរបស់យើងបាត់បង់ពីរបៀបរបបនៃការផលិតសម្ភារប្រើប្រាស់របស់យើងដោយធ្វើពីការស្មូនដី ហើយក៏បាត់បង់អត្តសញ្ញាណអ្នកខេត្តកំពង់ឆ្នាំង ដែលជាឈ្មោះខេត្តផលិតស្មូនឆ្នាំងផងដែរ ។ សូមអំពាវនាវបន្ថែមសូមប្រជាជនខ្មែរ មន្ទីរពាក់ព័ន្ធបន្តការចូលរួមគាំទ្រ ផ្សព្វផ្សាយ អោយបានកាន់តែទូលំទូលាយ នូវផលិតផលស្នាដៃកូនខ្មែរពិតៗ មានការទទួលស្គាល់ទាំងឆាកជាតិ និងឆាកអន្តរជាតិផងដែរ។

តាមការបកប្រែរបស់មគ្គុទេសទេសចរណ៍ ដែលជួយសម្រួលបកប្រែភាសារបស់ភ្ញៀវទេសចរបរទេសម្នាក់ក្នុងចំណោមភ្ញៀវទេសចរជាច្រើនថា គាត់បានសម្ដែងចំណាប់អារម្មណ៍ថា ការរស់នៅក៏ដូចជាការប្រកបមុខរបររបស់ប្រជាពលរដ្ឋនៅទីនេះ រួមជាមួយការផលិតក្អម ឆ្នាំង និងចម្លាក់ស្មូនដី គឺបង្ហាញពីលក្ខណៈខ្មែរច្បាស់ៗ ម្យ៉ាងទៀត នៅទីនេះមានទេសភាពវាលស្រែ មានភ្នំបែបធម្មជាតិ ។

ចំណែកប្រជាពលរដ្ឋខ្មែរអ្នកផលិតក្អមឆ្នាំងមានទឹកមុខរួសរាយរាក់ទាក់ ដែលបង្ហាញពីការយកទឹកដាក់ទទួលភ្ញៀវទេសចរបរទេស ។ នៅពេលដែលត្រឡប់ទៅប្រទេសពួកគាត់វិញ និងធ្វើការណែនាំនិងផ្សព្វផ្សាយបន្តនៅអរិយធម៌ប្រពៃណី ក៏ដូចជាជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរយើងនៅទីនេះ ទៅដល់មិត្តភក្កិរបស់គាត់ផងដែរ ។

សូមបញ្ជាក់ដែរថា ភ្ញៀវបរទេសដែលបានអញ្ជើញទៅទស្សនាការផលិតស្មូនឆ្នាំងអំពីដីនៅភូមិ
អណ្ដូងប្ញស្សីពេលត្រឡប់ទៅវិញ ពួកគាត់ក៏បានទិញវត្ថុអនុស្សាវរីយ៍ ដែលមានទំហំតូចៗល្មម យកទៅតាមខ្លួនខ្លះៗផងដែរ ៕













ចែករំលែកព័តមាននេះ