ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃឹម​ថា «ខ្លែងឯក​ខ្មែរ​»នឹង​បាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​​បេតិកភណ្ឌ​ពិភពលោក

17 ម៉ោង មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ ក្រុម​យុវជន​គណបក្ស​កម្ពុជាខេត្តសៀមរាបបាន​លើក​ឡើង នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៤ នេះ​ថា ពួក​គេ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​បាត់បង់ ខ្លែងឯក ដែល​ជា​មរតក​សិល្បៈ​ដ៏​ចំណាស់​របស់​ខ្មែរ…

​ខេត្ត​សៀម​រា​ប ៖ ក្រុម​យុវជន​គណបក្ស​កម្ពុជាខេត្តសៀមរាបបាន​លើក​ឡើង នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៤ នេះ​ថា ពួក​គេ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​បាត់បង់ ខ្លែងឯក ដែល​ជា​មរតក​សិល្បៈ​ដ៏​ចំណាស់​របស់​ខ្មែរ ខណៈ​ដែល​ចំនួន​អ្នកចេះ​ចាំ​ជំនាញ​ធ្វើ​ខ្លែង​នេះ​កាន់តែ​តិច​ទៅ​ ។ ​

ក្នុង​នោះ​ដែរ លោក ហូ សម័យ ប្រធាន​ក្រុមការងារ​យុវជន​ខេត្ត ចុះ​មូលដ្ឋាន​ស្រុក​សូទ្រនិគម បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​យុវជន​ម្នាក់ លោក​ពិតជា​មានការ​ព្រួយបារម្ភ​​ពី​ការ​បាត់បង់ ខ្លែងឯក​ខ្មែរ ដែល​ជា​មរតក​សិល្បៈ​ដ៏​ផូរផង់​របស់​ខ្មែរ​យើង ។ ដូច្នេះ​ ទើប​លោករួម​ជាមួយ​ក្រុមការងារ​យុវជន​មក​ពី​បណ្តា​ក្រុង ស្រុក​ផ្សេង​ៗ​នាំ​គ្នា​មក​រៀនសូត្រ​អំពី​របៀប​ធ្វើ​ខ្លែង របៀប​ធ្វើ​ឯក ពី​សំណាក់​ព្រឹទ្ធាចារ្យ​ដែល​លោក​នៅ​ចេះ​ចាំ ។

លោក ហូ សម័យ បន្ត​ថា “​ថ្ងៃនេះ​ យើង​បាន​នាំ​យុវជន​ជាង​៣០នាក់​មក​រៀន​ជាមួយ​លោកតា ស៊ន់ ដែល​រស់នៅ​ភូមិ​ព្រំ​កុ​ដ្ឋ សង្កាត់​ប​ល្ល័​ង្គ ក្រុង​រុន​តា​ឯក តេ​ជោ​សែន​  រៀន​ពី​របៀប​ធ្វើ​ខ្លែងឯក ដើម្បី​ថែរក្សា​ប្រពៃណី​វប្បធម៌​ខ្មែរ​យើង ។ ព្រោះ​យើង​ព្រួយបារម្ភ​​ខ្លាច​នៅ​ពេល​ខាង​មុខ ​និង​បាត់បង់ដោយសារ​ចាស់​ៗ​ពី​មុន​ដែល​គាត់​ចេះ​ហ្នឹង​ស្ទើរ​បាត់​អស់​ទៅ​ហើយ ដោយ​យុវជន​យើង​សម័យនេះ​ក៏​មិន​បានជា​គិតគូរ​ ឬ​ក៏​ខ្វា​យខ្វល់​អំពី​ការ​ធ្វើ​ខ្លែងឯក​ទៀត​ទេ ។

ថ្ងៃនេះ​ យុវជន​យើង​មក​ពី​បណ្តា​ក្រុង​ស្រុក​ផ្សេង​ៗ​គ្នា បាន​មក​រៀន​ពី​របៀប​ធ្វើ​ឯក​ឱ្យ​ឮ របៀប​បិត​ឫស្សី ជា​ពិសេស​ របៀប​ធ្វើ​កន្ទុយ​ដែល​យក​ស្លឹក​ត្នោត​មក​ត្បាញ​ត​ភ្ជាប់​ជាប់​គ្នា​” ។

លោក លឺ ភា​រុណ ប្រធាន​ក្រុមការងារ​យុវជន​ចុះ​មូលដ្ឋាន​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន បាន​លើក​ឡើង​ផង​ដែរ​ថា នេះ​ជា​ការ​ពិត​សម្រាប់​លោក​ផ្ទាល់ ដែល​ពី​មុន​មក​លោក​ធ្លាប់​ឃើញ​តែ​ខ្លែង​សេរី ហើយ​ទើបតែ​ធ្លាប់​ឃើញ​ខ្លែងឯក​ជា​លើក​ទី​១ នៅ​ពេល​ដែល​មក​រៀន​នេះ​ប៉ុ​ណ្ណោះ ។​ 

លោក​បាន​លើក​ឡើង​ថា ដូច្នេះ​ហើយ ​ដើម្បី​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​បាន​ថែរក្សា​មរតក​វប្បធម៌​ដូនតា​នេះ ទើប​លោក​សហការ​ជាមួយ​លោកស្រី​ចៅសង្កាត់​ប​ល្ល័​ង្គ​ស្នើ​សុំ​ឱ្យ​លោកតា​ស៊ន់ ជួយ​បង្ហាត់បង្រៀន​អំពី​របៀប​ធ្វើ​ខ្លែងឯក​នេះ ។

ក្នុង​នោះ​ដែរ​ លោក ខៀវ ប្រសើរ ប្រធាន​ផែនការ​និង​របាយការណ៍ និង​ជា​តំណាង​ឱ្យ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប​បាន​ធ្វើការ​អំពាវនាវ​ដល់​យុវជន​ទាំងអស់ ឱ្យ​ចូលរួម​ជួយ​ថែ រក្សា​វប្បធម៌​ប្រពៃណី​ដែល​ដូនតា​យើង​បាន​បន្សល់​ទុក​ឱ្យ ដោយ​នាំ​គ្នា​សិក្សា​ស្វែង​យល់ និង គាស់​រំលឹក​មក​វិញ​នូវ​អ្វី​ដែល​ស្ទើរនឹង​បាត់បង់ ដូច​ជា​ខ្លែងឯក​នេះ​ជាដើម ។

លោក​បាន​លើក​ឡើង​ថា ពាក់ព័ន្ធ​នឹង​ខ្លែងឯក​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​កសាង​សារមន្ទីរ​ខ្លែង​ខ្មែរ​តាំងពី​ឆ្នាំ​២០០៣ ប៉ុន្តែ​សួរ​ថា​ តើ​យុវជន​យើង​ប៉ុន្មាន​នាក់​ដែល​ដឹង? ដូចនេះ​ សូម​យុវជន​យើង​ទៅ​សិក្សា​ស្វែង​យល់​បន្ថែម​ពី​ខ្លែងឯក​នៅ​ទីនោះ​ផ្ទាល់ ។ ហើយ​ក៏​មាន​សមាគម​អភិរក្ស និង អភិវឌ្ឍ​ខ្លែង​ខ្មែរ ដើម្បី​ប្រមូល​អ្នក​ស្រលាញ់​វិស័យ​ខ្លែងឯក​ខ្មែរ ឲ្យ​មក​ជួយ​ថែរក្សា​លើក​ស្ទួយ​វប្បធម៌​ប្រពៃណី​មួយ​នេះ និង ដើម្បី​ចែករំលែក​ចំណេះ​ដឹងផង​ដែរ ។ ​

ទន្ទឹម​នឹង​ការ​ព្រួយបារម្ភ​អំពី​ការ​បាត់បង់​នេះ​ក្រុម​យុវជន​បក្ស​ខេត្តសៀមរាប បាន​បង្ហាញ​នូវ​ការ​រំពឹង​ខ្ពស់​ថា តាម​រយៈ​ការ​យកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​ធិ​បតី ហ៊ុនម៉ា​ណែ​ត និង មាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជា​សេនាធិការ នឹង​នាំ​យក​នូវ​ខ្លែងឯក ដែល​ជា​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ​នេះ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នា​ពេល​ខាង​មុខ​នេះ ។ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ