ខេត្តសៀមរាប ៖ បងប្អូនប្រជាពលរដ្ឋមកពីខេត្តបន្ទាយមានជ័យ បានមកទស្សនានៅតាមប្រាសាទអង្គរវត្តក្នុងថ្ងៃ៧ មករា ក៏បានប្រទះឃើញកាបូបលុយភ្ញៀវបរទេស ដែលភ្លេចរួចយកទៅប្រគល់ឱ្យកម្លាំងនគរបាលបេតិកភណ្ឌ ដើម្បីរក្សាទុកជូនភ្ញៀវបរទេសវិញ ។

ហេតុការណ៍ភ្ញៀវទេសចរភ្លេចកាបូបលុយ នៅតាមប្រាសាទអង្គរវត្ត កើតឡើងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។ បើតាមប្រភពពីសមត្ថកិច្ចនគរបាលប្រចាំការនៅតាមប្រាសាទអង្គរបានប្រាប់ភ្នាក់ងារកោះសន្តិភាពថា កម្លាំងភ្នាក់ងារទេសចរណ៍ បានសហការជាមួយនគរបាលបេតិកភណ្ឌ ទទួលយកកាបូបលុយពីភ្ញៀវជនជាតិខ្មែរម្នាក់ឈ្មោះ ភឿន ស៊ីនួន ភេទស្រី អាយុ៤១ឆ្នាំ មកពីភូមិតាភរ ឃុំតាភរ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលបានប្រទះឃើញកាបូបលុយពណ៌ខ្មៅមួយ នៅគោលដៅព្រះពាន់ ដោយក្នុងកាបូបរួមមាន៖-ប្រាក់ដុល្លារអូស្ត្រាលីចំនួន៣៥០AUD(បីរយហាសិបដុល្លារ) ។ ប្រាក់ដុល្លាអាមេរិកចំនួន៣០USD (សាមសិបដុល្លារ) ។ ប្រាក់រៀលចំនួន៣០០០៛(បីពាន់រៀល) ។ ប័ណ្ណបើកបរចំនួន០១ ។ វីសាកាតចំនួន០១ ។

ប្រភពបានបញ្ជាក់ទៀតថា នៅវេលាម៉ោង១២ និង០៧នាទីថ្ងៃ ខែឆ្នាំដដែល ភ្នាក់ងារទេសចរណ៍យើង បានធ្វើការប្រគល់កាបូបលុយជូននគរបាលបេតិកភណ្ឌ ដើម្បីធ្វើការរក្សាទុកជូនដល់ម្ចាស់ដើមវិញ ។ បច្ចុប្បន្ន កម្លាំងនគរបាលបេតិកភណ្ឌប្រចាំការតំបន់អង្គរខេត្តសៀមរាប បានធ្វើការប្រគល់កាបូបលុយ ភ្ញៀវទេសចរដែលមានម្ចាស់ឈ្មោះ EDWARD M DESSMANN ជនជាតិបារាំង ភេទប្រុស អាយុ៦១ឆ្នាំ បានមករកវិញ ដោយពិនិត្យឃើញថា ពិតជារបស់គាត់ពិតប្រាកដមែន ដូច្នោះក្រុមភ្នាក់ងារយើងបានសហការគ្នាប្រគល់ជូនគាត់វិញនៅវេលាម៉ោង៣ និង៤០នាទីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ រួចរាល់ផងដែរ ៕


ចែករំលែកព័តមាននេះ