ឥណ្ឌា ៖ ព័ត៌មានមិនពិតអំពីជំងឺឆ្លងដល់សត្វគោក្របី កំពុងតែរីករាលដាលយ៉ាងខ្លាំងលើបណ្ដាញទំនាក់ទំនងសង្គមនៅក្នុងប្រទេសឥណ្ឌា ដែលបង្ខំឱ្យរដ្ឋាភិបាលចាត់វិធានការភ្លាមៗ។
ជំងឺស្បែកដុំពកបានឆ្លងលើសត្វពាហនៈជាង ២,៤លានក្បាលរួចទៅហើយ នៅក្នុងប្រទេសឥណ្ឌា ដែលបណ្តាលឱ្យសត្វគោក្របីជាង ១១០,០០០ក្បាលបានងា.ប់ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់រដ្ឋាភិបាល។
ឥណ្ឌាគឺជាប្រទេសផលិតទឹកដោះគោដ៏ធំបំផុតរបស់ពិភពលោក និងក៏ជាប្រទេសមានប្រជាជនចិញ្ចឹមគោក្របីច្រើនបំផុតលើពិភពលោកផងដែរ។ ប៉ុន្តែការឆ្លងជំងឺកំពុងគំរាមកំហែងដល់ជីវភាពកសិករនៅប្រទេសមួយនេះ។ ជាក់ស្តែងព័ត៌មានមិនពិតបានធ្វើឱ្យមនុស្សមួយចំនួនមានការប្រុងប្រយ័ត្នទទួលទានទឹកដោះគោ ហើយអាជ្ញាធរ និងមន្ត្រីជំនាញបានចេញមកបដិសេធការអះអាងមិនពិតចំនួន៣ ពាក់ព័ន្ធជំងឺស្បែកដុំពកនេះ។
ការបង្ហោះលើបណ្តាញសង្គមជាច្រើនបានអះអាងមិនពិតថា ទឹកដោះគោមិនមានសុវត្ថិភាពសម្រាប់ការទទួលទាន ដោយសារការរីករាលដាលនៃជំងឺស្បែកដុំពក ហើយការផឹកទឹកដោះគោពីសត្វមានជំងឺនេះ នឹងនាំឱ្យកើតជំងឺស្បែកចំពោះមនុស្ស។ ហើយការបង្ហោះជាញឹកញាប់បានភ្ជាប់រូបភាពសាកស.ពមនុស្សមានជំងឺ ដែលអាចមើលឃើញមានស្នាមដំបៅជាច្រើន ដែលកាន់តែបង្កជាការភ័.យខ្លា.ចបន្ថែមទៀត។
បច្ចុប្បន្នកសិករចិញ្ចឹមគោយកទឹកដោះកំពុងរងវិបត្តិដោយសារការអះអាងមិនពិត។ អ្នកជំនាញអះអាងថា តាមការពិត ជំងឺស្បែកដុំពកមិនមែនជាជំងឺ Zoonotic នោះទេ មានន័យថា វាមិនអាចចម្លងដោយធម្មជាតិពីសត្វទៅមនុស្សទេ។ ក្នុងរបាយការណ៍ឆ្នាំ ២០១៧ នៃអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានបញ្ជាក់ថា ជំងឺស្បែកដុំពកមិនប៉ះពាល់ដល់មនុស្សនោះទេ។
ជាមួយគ្នានោះ ព័ត៌មានមិនពិតអំពីប្រភពជំងឺស្បែកដុំពកកំពុងកក្រើកបណ្តាញសង្គមផងដែរ។ ដោយរួមបញ្ចូលទាំងការអះអាងមិនពិតថា ជំងឺនេះ បានហូរចូលឥណ្ឌាមកពីប្រទេសប៉ាគីស្ថាន ដែលជាការឃុបឃិតរបស់ប៉ាគីស្ថានប្រឆាំងនឹងឥណ្ឌា ព្រោះគោត្រូវបានចាត់ទុកថា សត្វដ៏ពិសិដ្ឋសម្រាប់ប្រជាជនហិណ្ឌូភាគច្រើនរបស់ឥណ្ឌា។
ជុំវិញបញ្ជានេះ មន្ត្រីជំនាញបានបញ្ជាក់ថា ជំងឺស្បែកដុំពកមានដើមកំណើតដំបូងនៅប្រទេសហ្សាំប៊ី (Zambia) ក្នុងឆ្នាំ១៩២៩។ មួយរយៈក្រោយមកវានៅតែកើតមាននៅអនុតំបន់សាហារ៉ាអាហ្វ្រិក ប៉ុន្តែចាប់តាំងពីពេលនោះមក វាបានរីករាលដាលដល់ប្រទេសនៅអាហ្វ្រិកខាងជើង មជ្ឈិមបូព៌ា អឺរ៉ុប និងអាស៊ីផងដែរ។
លើសពីនេះទៅទៀត ព័ត៌មានមិនពិតអំពីជំងឺស្បែកដុំពក ត្រូវបានផ្សារភ្ជាប់ជាមួយការសមគំនិតប្រឆាំងនឹងថ្នាំបង្ការលើបណ្តាញសង្គមផងដែរ ដោយអះអាងថា គោរាប់ម៉ឺនក្បាលបានងា.ប់ភា្លមៗ បន្ទាប់ពីចាក់វ៉ាក់សាំងផ្តល់ដោយរដ្ឋាភិបាល។ ការអះអាងទាំងនេះមានការផ្សាយឡើងវិញរាប់ពាន់ដង ហើយត្រូវបានគេមើលរាប់សែនដងផងដែរ។
មន្ត្រីជំនាញបញ្ជាក់យ៉ាងច្បាស់ថា ការអះអាងនេះ គឺរឿងមិនពិតតែម្តង។ ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការកំណត់ការរីករាលដាលនៃជំងឺស្បែកដុំពក នេះបើយោងតាមរបាយការណ៍ពីអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO)។
កម្មវិធីចាក់វ៉ាក់សាំងគោក្របីកំពុងដំណើរការក្នុងរដ្ឋមួយចំនួននៅទូទាំងប្រទេសឥណ្ឌា បច្ចុប្បន្នគោក្របីរាប់លានក្បាលបានទទួលវ៉ាក់សាំងបង្ការ និងសង្គ្រោះរួចហើយនៅទូទាំងប្រទេសឥណ្ឌា។ ហើយការទទួលវ៉ាក់សាំងបង្ការជារឿងដ៏ល្អបំផុត និងផ្តល់ការការពារពី ៧០-៨០% ប្រឆាំងជំងឺស្បែកដុំពកដោយគ្មានផលប៉ះពាល់៕ (ប្រភពពី BBC)






ចែករំលែកព័តមាននេះ