ខេត្តស្វាយរៀង ៖ មន្ត្រីកាំកុងត្រូល បានដាក់កម្លាំងចុះត្រួតពិនិត្យទៅលើខ្ទឹម.ស ខ្ទឹមក្រហម បន្លែ ត្រី សាច់ ពោះគោ និងគ្រឿងក្នុងមាន់-ទាពីប្រទេសវៀតណាម ឆ្លងព្រំដែនតាមច្រករបៀងកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត និងទំនិញជាច្រើនមុខទៀត ដែលឈ្មួញបាននាំចូលមកលក់នៅក្នុងផ្សារក្រុងបាវិត និងលក់នៅផ្សារក្រុងស្វាយរៀង ដោយពលរដ្ឋមួយចំនួនបានសង្ស័យផ្ទុកសារជាតិគីមីពុល ។
ការចុះពិនិត្យ ធ្វើឡើងកាលពីវេលាម៉ោង០៧ព្រឹកថ្ងៃទី២៩ មីនា ស្ថិតនៅច្រករបៀងកំពង់ស្ពាននេ ក្រុងបាវិត ដែលជាទីតាំងនាំចូលមួយក្នុងចំណោមច្រកជាច្រើនទៀត ។ បើតាមប្រជាពលរដ្ឋនិយាយថា មន្ត្រីកាំកុងត្រូខេត្តស្វាយរៀង បានចុះទៅណែនាំ និងប្រាប់ឲ្យប្រជាពលរដ្ឋបញ្ឈប់ការនាំចូលមើមខ្ទឹម.ស និងមើមខ្ទឹមក្រហមពីប្រទេសវៀតណាមបន្តទៀត ដោយសារតែទំនិញទាំងនេះ មានផ្ទុកសារធាតុគីមី ដែលធ្វើឲ្យមានការប៉ះពាល់ដល់សុខភាពពលរដ្ឋនៅពេលបរិភោគ ។
ក្នុងប្រតិបត្តិការនេះ គឺមានកិច្ចសហការល្អពីមន្ត្រីវរការពារព្រំដែន មន្ត្រីកាំកុងត្រូលខេត្ត បានបន្តចុះទៅតាមមាត់ច្រករបៀង «កំពង់ស្ពាន» ដើម្បីពិនិត្យទំនិញ ដែលដឹកតាមម៉ូតូ និងរ៉ឺម៉ក ជាពិសេសបន្លែ គោលបំណងស្វែងរកសារធាតុគីមីហាមឃាត់ ។
តាមរយៈការធ្វើតេស្តបឋមនៅហ្នឹងកន្លែងទៅលើបន្លែ សាច់ចំនួន២៩មុខ ដូចជា ៖ ម្រះ ត្រឡាច ត្រប់វែង ក្រអៅឈូក ម្ទេសប្លោក ស្ពៃជើងទា ស្ពៃក្រញ៉ាញ់ ផ្សិត ស្នៀតពោត ត្រកួន ជន្លង់ ស្លឹកខ្ទឹម ឆៃថាវ ការ៉ុត សណ្តែកកួរ ពោតបារាំង ពពាយ សណ្តែកបណ្តុះ ផ្កាខាត់ណា ប៉េងប៉ោះ ស្ពៃក្តោប ស្ពៃឈួល ស្ពៃចង្កឹះ ផ្លែស៊ូ ខ្ទឹមបារាំង សណ្តែកកួរបារាំង ប្រហិតសាច់គោ និងគ្រឿងក្នុងគោ ជាលទ្ធផលបង្ហាញថា ពុំមានវត្តមានសារធាតុគីមី ត្រូវបានរកឃើញឡើយ ។
ចែករំលែកព័តមាននេះ