រាជធានីភ្នំពេញ ៖ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានប្រកាសសាលក្រមជាសាធារណៈ ដោយផ្ដន្ទាទោសអតីតផ្កាយ២ យោធា សូយ ចាន់សឿន ដាក់ពន្ធនាគារកំណត់១ឆ្នាំ បន្ថែមលើទោសពីមុន ដែលមានស្រាប់ ក្រោមការចោទប្រកាន់ពីបទប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងបទបរិហាបង្កាច់កេរ្ត៍ ។
សាលក្រមក៏បានសម្រេចផ្តន្ទាទោសលើឈ្មោះ សូ ប៊ិនឡា ដែលជាគូកន ដាក់ពន្ធនាគារកំណត់១ឆ្នាំដូចគ្នា និងបង្គាប់ឲ្យរួមគ្នាសងជំងឺចិត្តទៅដើមបណ្ដឹងរដ្ឋប្បវេណី លើទឹកប្រាក់ចំនួន១០លានរៀល ទៀតផង ។
សាលក្រម ក៏បានពិន័យជាប្រាក់លើឈ្មោះ ធី សូចន្នា ចំនួន ១លានរៀល ពីបទបរិហាបង្កាច់កេរ្ត៍ និងបើកផ្លូវឲ្យប្តឹងឧទ្ធរណ៍ តាមកំណត់ច្បាប់ បើសិនភាគីណាមួយ កើតទុកមិនសុខចិត្ត ចំពោះការកាត់ក្តីនេះ ។
ទណ្ឌិត សូយ ចាន់សឿន ភេទប្រុស អាយុ៤៥ឆ្នាំ អតីតផ្កាយ២យោធា មានទីលំនៅផ្ទះលេខ ៣១០ អឺ០ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បច្ចុប្បន្នកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ។
ចំណែកគូកនមានឈ្មោះ សូ បិនឡា ភេទប្រុស អាយុ៤៣ឆ្នាំ អាសយស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឈ្មោះ ធី សូចន្នា ភេទស្រី កំពង់រសនៅក្រៅឃុំ ។
ជនត្រូវចោទទាំង៣នាក់ បានរងនូវពាក្យបណ្តឹង របស់ឈ្មោះ កើត ខេង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ ជាអាជីវករ រស់នៅរាជធានីភ្នំពេញ ។
តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានចោទប្រកាន់ជនជាប់ចោទទាំង៣ ពីបទប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងបទបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៩ ដែលបទល្មើសមានចែងតាមបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២៥៣ នៃច្បាប់ភូមិបាល នឹងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីឆ្នាំ២០១៩ និងនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ជនជាប់ចោទ ។
អង្គហេតុក្នុងសំណុំរឿងនេះ បានបញ្ជាក់ទៀតថា នៅក្នុងអំឡុងឆ្នាំ ២០១៩ ឈ្មោះ កើត ខេង បានរៀបចំដីធ្លី ដែលជាកម្មសិទ្ធិរបស់ខ្លួននៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយមានរបងហ៊ុំព័ទ្ធជុំ វិញរឹងមាំ និងស្របច្បាប់ ។ ស្រាប់តែត្រូវឈ្មោះ សូយ ចាន់សឿន និងឈ្មោះ សូ បិនឡា បានទៅគំរាមកំហែង និងវាយកំទេចរបងថ្មនោះ ថែមទាំងយកថ្នាំពណ៌ ទៅបាញ់ប្រឡាក់ពាសពេញទីនោះ ដោយគោលបំណងទុច្ចរិត និងបង្កើតអាខោនហ្វេសប៊ុកផ្ទាល់ខ្លួន ជេរប្រមាថទៅលើអ្នកកាន់កាប់អចលនវត្ថុពិតប្រាកដ ។ ដោយទង្វើ និងចរិតរបស់ជនជាប់ចោទទាំង៣នាក់ មានលក្ខណៈពាក់ពន្ធបទល្មើសព្រហ្មទណ្ឌនោះ ទើបឈ្មោះ កើត ខេង សម្រេចចិត្តពឹងពាក់មេធាវីសិក្សាតាមផ្លូវច្បាប់ ប្តឹងជនជាប់ចោទ ដើម្បីទាមទារយកភាពស្អាតស្អំ ដូចដែលតុលាការបានផ្តល់នូវភាពយុត្តិធម៍មក វិញនេះ ។
សូមរម្លឹកថា ជនជាប់ចោទឈ្មោះ សូយ ចាន់សឿន និងគូកនឈ្មោះ សូ ប៊ិនឡា ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសមួយបទល្មើសរួចហើយ ដែលសាលក្រមបានដាក់ពន្ធនាគារកំណត់៨ខែ និងតម្រូវឲ្យសងជំងឺចិត្តទៅដើមបណ្តឹង លើទឹកប្រាក់ប្រមាណ២០លានរៀល ពីបទ បរិហារបង្កាច់កេរ្ត៍ ។ ហើយជនជាប់ចោទឈ្មោះ សូយ ចាន់សឿន នៅមានជាប់ពាក់ពន្ធបទល្មើសផ្សេងទៀត ដែលតុលាការខេត្តកំពង់ស្ពឺ គ្រោងនឹងបើកសវនាការជាបន្តបន្ទាប់ ៕
ចែករំលែកព័តមាននេះ