ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដំឡើង​ប្រាក់ខែ ទម្លាក់​ថ្លៃ​ទឹក​ភ្លើង​និង​អត្រា​ការ​ប្រាក់​ជួយ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេដ្ឋវិទូ និង​ក្រុម​អ្នកជំនាញ​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ការ​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន មន្ត្រីរាជការ និង​ការ​ទម្លាក់​តម្លៃ​ទឹក ភ្លើង និង​អត្រា​ការ​ប្រាក់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ គឺជា

រាជធានី​ភ្នំពេញ ៖ សេដ្ឋវិទូ និង​ក្រុម​អ្នកជំនាញ​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ការ​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន មន្ត្រីរាជការ និង​ការ​ទម្លាក់​តម្លៃ​ទឹក ភ្លើង និង​អត្រា​ការ​ប្រាក់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ គឺជា​ការ​ជួយ​លើកកម្ពស់​ផលិតភាព​សេដ្ឋកិច្ចជាតិ ។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​នៃ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ មីនា កន្លង​មក​ថា ការ​ទម្លាក់​តម្លៃ​ទឹក​ភ្លើង និង​អត្រា​ការ​ប្រាក់​ពី​៣០%​មក​ត្រឹម​១៨% ដែល​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ មេ​សា ខាង​មុខ​នេះ ជា​វិធានការ​ដ៏​ល្អ​របស់​រាជរដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ល្អ​ប្រសើរ និង​អាច​សន្សំ​ប្រាក់​បាន​ច្រើន​ជាង​មុន ។

លោក​ថ្លែង​ថា ៖ « វិធានការ​នេះ​នឹង​ធ្វើ​ឲ្យ​ផលិតភាព​សេដ្ឋកិច្ច​កើនឡើង​នៅ​កម្ពុជា ហើយ​ប្រា​សាក់​នឹង​បញ្ចុះ​អត្រា​ការ​ប្រាក់​តាម​ការ​ប្រកាស​របស់​រាជរដ្ឋាភិបាល ដែល​នឹង​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​១ មេ​សា ខាង​មុខ​នេះ​តទៅ​»​។​   

ទីប្រឹក្សា​សភាពាណិជ្ជកម្ម​កម្ពុជា លោក ហូ វ​ណ្ឌី បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ការ​ដាក់​ចេញ​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល គឺ​ចូលរួម​យ៉ាង​សំខាន់​លើ​ផ្នែក​ជា​ច្រើន ដូច​ជា កាត់​បន្ថយ​ការ​ចំណាយ​មិន​ចាំបាច់ ដែល​កន្លង​មក ម្ចាស់​អាជីវកម្ម​ខ្លះ​សន្សំ​សំចៃ​អគ្គិសនី ដោយសារ​អគ្គិសនី​ថ្លៃ ប៉ុន្តែ​ពេល​តម្លៃ​អគ្គិសនី​ថោក ពួក​គេ​អាច​បើកភ្លើង​ពេល​យប់ ធ្វើ​ឲ្យ​ទីក្រុង​របស់​យើង​កាន់តែ​មាន​ពន្លឺ​ស្រស់​ស្អាត ។ ប្រជាពលរដ្ឋ​អាច​សន្សំ​សំចៃ​ប្រាក់​បាន​ច្រើន និង​យក​ទៅ​ចំណាយ​លើ​វិស័យ​ដទៃ​ទៀត ដែល​ធ្វើ​ឲ្យ​ចរន្ត​សាច់ប្រាក់​កាន់តែ​សកម្ម និង​ជួយ​ទាក់ទាញ​វិនិយោគិន​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​ផង​ដែរ ។

លោក អិុ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ថ្លែង​ផង​ដែរ​ថា ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ វា​រួម​ផ្សំ​ពី​ការ​រីក​ចម្រើន​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​។ ដូចនេះ ការ​បង្កើន​ប្រាក់ខែ​គ្រូបង្រៀន នឹង​ជួយ​ឲ្យ​ជីវភាព​ពួក​គាត់​កាន់តែ​ល្អ​ប្រសើរ និង​មាន​ទឹកចិត្ត​បង្រៀន​អនាគត​កូន​ខ្មែរ​ជំនាន់​ក្រោយ ។ ចំណែក​ការ​បញ្ចុះ​តម្លៃ​ទឹក ភ្លើង ក៏​ជា​ផលប្រយោជន៍​ដែល​ប្រជាជន​នឹង​ទទួល​បាន​ទាំងអស់​គ្នា​ផង​ដែរ ។

លោក​បន្ត​ថា ងាក​មក​មីក្រូហិរញ្ញវត្ថុ​ឯណេះ​វិញ នៅ​ពេល​អត្រា​ការ​ប្រាក់​ទាប វា​នឹង​ជួយ​ឲ្យ​មាន​ផលិតកម្ម និង​បង់ពន្ធ​ជូន​រាជរដ្ឋាភិបាល​កាន់តែ​ច្រើន ប៉ុន្តែ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ត្រូវ​ធ្វើការ​ច្រើន​ជាង​មុន​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន ។

សេដ្ឋវិទូ​កម្ពុជា លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ថ្លែង​ថា សម្រាប់​អ្នក​ប្រើប្រាស់​អ្វី​ក៏​ដោយ​ឲ្យ​តែ​ចុះថ្លៃ តែងតែ​សប្បាយចិត្ត ហើយ​​អ្នក​ក្រីក្រ និង​អ្នក​មិនសូវ​មាន​លទ្ធភាព​សប្បាយចិត្ត​ជាងគេ ប៉ុន្តែ​ការ​បញ្ចុះតម្លៃ​ទឹក​ភ្លើង ត្រូវធ្វើ​យ៉ាងណា​កុំ​ឲ្យ​ខាត បើ​ខាតបង់ រាជរដ្ឋាភិបាល​ត្រូវ​ឧបត្ថម្ភ​ធន ។

ចំណែក​ការ​ផ្គត់ផ្គង់​អគ្គិសនី មិនមែន​ជាទី​កន្លែង​រក​ប្រាក់​ចំណេញ​ទេ​។ ដូច្នេះ ធ្វើ​យ៉ាងណា​ឲ្យ​តែ​រួចខ្លួន​បាន​ហើយ ព្រោះ​នៅ​ពេល​អគ្គិសនី​ចុះថោក វា​នឹង​ជួយ​ដល់​ផលិតភាព​សេដ្ឋកិច្ច ។

លោក​បណ្ឌិត​មាន​ប្រសាសន៍​ថា ៖ « នៅ​ពេល​គ្រូបង្រៀន​មាន​ប្រាក់ខែ​កើនឡើង ពួក​គេ​នឹង​ខំ​បង្រៀន មាន​កម្លាំងចិត្ត​បង្រៀន ដែល​អាច​លើកកម្ពស់​គុណភាព​អប់រំ​នៅ​ស្រុក​យើង​» ។ លោក​បន្ត​ថា ៖ « វិស័យ​អប់រំ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​សេដ្ឋកិច្ច និង​ប្រទេស​របស់​យើង បើ​យុវជន​មិន​រៀន តើ​ពួក​គេ​ធ្វើ​អ្វី​នា​ពេល​អនាគត ។ ហេតុនេះ ការ​អប់រំ​មាន​សារសំខាន់​ណាស់ ព្រោះ​នៅ​កម្ពុជា​មាន​យុវជន​វ័យក្មេង​ច្រើន » ។

លោក​បណ្ឌិត ម៉ី កល្យាណ បន្ថែម​ថា នៅ​ពេល​តម្លៃ​អគ្គិសនី ទឹក ការ​ប្រាក់​ថយ​ចុះ និង​ប្រាក់ខែ​គ្រូបង្រៀន​កើនឡើង នឹង​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ល្អ​ជាង​មុន ទំនិញចុះថោក ហើយ ពួក​គាត់​មាន​លទ្ធភាព​ទិញ​អ្វី​ផ្សេង​ទៀត​ច្រើន​ជាង​មុន ។ ពេល​ណា​មាន​អ្នកទិញ​ច្រើន ផលិតភាព​នឹង​កើនឡើង ហើយ​សេដ្ឋកិច្ច​កម្ពុជា ជា​ស្វ័យប្រវត្តិ​នឹង​ល្អ​ជាងមុន ៕