រាជធានីភ្នំពេញ ៖ បន្ទាប់ពីលោកឧត្តមសេនីយ៍ឯកហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានលើកឡើង នៅក្នុងពិធីបើកវគ្គបំប៉ន ស្តីពីបច្ចេកទេសត្រួតពិនិត្យរឹតបន្តឹងការបើកបរក្នុងស្ថានភាពស្រវឹង កាលពីថ្ងៃទី២៩ មីនា កន្លងមក ដែលបានលើកឡើងថា នៅពេលខាងមុខ គ្រប់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់កាត់ឈ្មោះកម្មសិទ្ធិ នឹងត្រូវផាកពិន័យ ហើយនឹងត្រូវបញ្ជូនទៅតុលាការ តាមរយៈប្រពន្ធ័ទំនាក់ទំនងសង្គមហ្វេសប៊ុករួចមក ពិតជាមានប្រតិកម្មនិងការលើកឡើងមតិយោបល់ជាច្រើនពាក់ពន្ធ័ទៅនឹងបញ្ហានេះ ។
ទាក់ទិនទៅនឹងបញ្ហាខាងលើនេះ មន្ត្រីជំនាញអង្គភាពចុះបញ្ជីរថយន្តនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យកោះសន្តិភាពដឹងតាមរយៈទូរស័ព្ទ កាលពីព្រឹកថ្ងៃទី៣០ មីនា ថា ក្នុងរយៈពេលកន្លងមក ស្ថានភាពចុះបញ្ជីយានយន្តមានស្ថាន
ភាពស្មុគស្មាញ ដែលប្រជាពលរដ្ឋមួយចំនួនតូច មានការថ្នាំងថ្នាក់ និងរាយការណ៍ទៅដល់ថ្នាក់លើ ។
ក្រោយពីរាយការណ៍រួច សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្តេច ចំណែកក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយផងដែរ គឺអនុញ្ញាតឱ្យកាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិរថយន្ត ដោយមិនចាំបាច់បញ្ជាក់ពីម្ចាស់ដើមនោះទេ គឺដើម្បីដោះស្រាយការលំបាកក្នុងការចុះបញ្ជីយានយន្ត និងធានាការពារផលប្រយោជន៍ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅរួមចំណែកអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យកាន់តែប្រសើរឡើង ។
លោកបន្តថា ប៉ុន្តែសេចក្តីជូនដំណឹងនោះបានបញ្ជាក់ច្បាស់ណាស់ថា ការសម្រួលផ្ទេរកម្មសិទ្ធិនោះ មានរយៈពេល៤ខែ ដោយចាប់គិតពីថ្ងៃទី១១ មីនា ដល់ថ្ងៃទី១១ កក្កដា ២០១៦ ការផុតកំណត់នេះ មន្ត្រីជំនាញត្រូវអនុវត្តន៏ផែនការដូចមានចែងក្នុងសេចក្តីប្រកាសដើមវិញ គឺតម្រូវឲ្យម្ចាស់ដើមដែលមានឈ្មោះក្នុងបណ្ណកម្មសិទ្ធិរថយន្ត ត្រូវផ្តិតមេដៃផ្ទេរបន្តទៅអ្នកផ្សេងទៀត នៅចំពោះមុខមន្ត្រីមានសមត្ថកិច្ចផ្ទេរកម្មសិទ្ធិផ្ទេរយានយន្តនោះ ។
មន្ត្រីជំនាញ អង្គភាពចុះបញ្ជីរថយន្ត នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៤ខែនៃយុទ្ធនាការផ្ទេរកម្មសិទ្ធិរថយន្ត ដោយមិនចាំបាច់មានម្ចាស់ដើមនោះ មានរថយន្តយានយន្តឧបករណ៍ និងត្រាក់ទ័រ បានធ្វើការផ្ទេរ និងកាត់ឈ្មោះបានតែចំនួន៦១៩៨គ្រឿងប៉ុណ្ណោះ គឺមានចំនួនតិច បើប្រៀបធៀបទៅនឹង៤ខែដូចគ្នា ។
មន្ត្រីរូបនោះបានបញ្ជាក់ថា តាមការលើកឡើងរបស់អគ្គស្នងការរងនគរបាលជាតិនោះ ពិតជាមិនខុសទេ គឺជាការអនុវត្តន៍ផែនការនៃច្បាប់របស់ប្រទេស ។
ចែករំលែកព័តមាននេះ