រាជធានីភ្នំពេញ ៖ ឃ្លាំងលក់រថយន្តធុនធំមួយកន្លែង ត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យរថយន្តចំនួន៤គ្រឿង និងតួរថយន្តមួយគ្រឿងរងការខូចខាត ដែលហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៣០ មីនា ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ក្នុងចំណុចដីឡូត៍មួយកន្លែង ក្រុម៣ ភូមិពោងពាយ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
ម្ចាស់ឃ្លាំងរថយន្តមានឈ្មោះ លី អាន ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅក្នុងកន្លែងកើតហេតុ ។ បើតាមកម្មករម្នាក់នៅក្នុងឃ្លាំងលក់រថយន្តសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ឃ្លាំងរថយន្តនេះ លក់តែរថយន្តធុនធំៗដូចជារថយន្តហ៊ីយ៉ាន់ដាយ និងរថយន្តកូរ៉េជាច្រើនគ្រឿង មានទាំងរថយន្តថ្មី និងរថយន្តចាស់ផងដែរ ។
នៅមុនពេលកើតហេតុ គាត់ជាមួយកម្មករដទៃទៀតកំពុងតែសំរាកយ៉ាងលង់លក់នៅក្នុងឃ្លាំង ស្រាប់តែធុំក្លិនឈ្ងៀម និងមានផ្សែងហុយចេញមកពីក្បាលរថយន្ត ។ ភ្លាមៗនោះ គាត់បានស្រែកហៅកម្មករដទៃទៀត នាំគ្នាយកបំពុងពន្លត់អគ្គិភ័យបាញ់ និងខ្លះទៀត រត់ទៅអូសទុយោទឹកយកមកបាញ់ ប៉ុន្តែភ្លើងឆេះខ្លាំងពេក មិនអាចទប់ស្កាត់បាន ទើបផ្អើលដល់សមត្ថកិច្ចមូលដ្ឋានរាយការណ៍ទៅប្រាប់ខាងរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍វិញ ។
ទោះបីជាយ៉ាងណា គេមិនទាន់ដឹងពីមូលហេតុនៃការឆេះនេះទេ ។ នៅវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ មីា ទើបរលត់អស់ទាំងស្រុង ដោយប្រើរថយន្តអស់៤គ្រឿង ។
ចែករំលែកព័តមាននេះ