រាជធានីភ្នំពេញ ៖ បុរសជាជនជាតិអាមេរិកម្នាក់ ឈ្មោះ Charles DiBella និងជាជនពិការជើងផងនោះ កាលពីយប់ថ្ងៃទី២៩ មីនា បានបាត់កង់នៅកន្លែងមួយឈ្មោះ SmallWorld ស្ថិតនៅផ្ទះលេខ១៧ ផ្លូវ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ជាកន្លែងដែលគាត់ស្នាក់នៅ និងបង្រៀនសិស្សក្រីក្រ អស់រយៈពេល៥ឆ្នាំមកហើយ ។ ដោយពេលនេះ សូមអំពាវនាវដល់បងប្អូន ប្រសិនបើឃើញកង់ដូចភិនភាគក្នុងរូបថតនេះ សូមមេត្តាទាក់ទងមកការិយាល័យកោះសន្ដិភាព តាមរយ:ទូរស័ព្ទលេខ ០៩៨ ៣២០ ៣៣៧ ផង ព្រោះកង់នោះ ជាមិត្តកម្សត់កម្រជាមួយគាត់ជាង១៧ឆ្នាំមកហើយ ។
តាមរយៈយុវជនឈ្មោះឡូវ ហុងថវិកា ដែលត្រូវជាកូនសិស្សបានរៀបរាប់ថា លោក Charles DiBella មានអាយុ៦០ឆ្នាំ បានមកកម្ពុជា នៅអំឡុងឆ្នាំ២០០៧ ។ កង់របស់គាត់ ត្រូវចោរលួចបាត់កាលពីយប់ថ្ងៃទី២៩ មីនា ដោយទុកនៅក្រោមជណ្តើរដែលធ្លាប់ទុកអស់៥ឆ្នាំហើយ ។ លុះនៅវេលាម៉ោងប្រហែល៥ព្រឹកថ្ងៃទី៣០ មីនា ខណៈដែលគាត់ចុះមកយកកង់ទៅហាត់ប្រាណដូចធម្មតា ស្រាប់តែបាត់មិន ឃើញតែម្ដង ហើយពេលនេះក្រុមរបស់ពួកគេកំពុងតាមរកកង់ជូនលោកគ្រូវិញ ។
យុវជនរូបនេះបន្ដថា លោក Charles DiBella បានមកលេងប្រទេសកម្ពុជា ក្នុងដំណើរទេសចរណ៍ផ្ទាល់ខ្លួន ។ គាត់ពុំមានគោលបំណងស្នាក់នៅយូរនោះទេ តែដោយសារជួបជាមួយពួកគេ និងបានសំណូមពរឲ្យគាត់នៅជួយបង្រៀន ។ គាត់បានចាប់ ផ្តើមបង្រៀន និងផ្តល់កម្លាំងចិត្តឲ្យពួកគេជឿជាក់លើខ្លួនឯង ហើយបានក្លាយជាអ្នកណែនាំនិងទីប្រឹកក្សាសម្រាប់មនុស្សជាច្រើននៅ SmallWorld នេះ ។
យុវជនហុង ថវិកា និយាយថា «គាត់ចង់ចាកចេញពីប្រទេសកម្ពុជាជាច្រើនដងមកហើយ តែដោយសារពួកយើងត្រូវការគាត់ នោះជាមូលហេតុដែលគាត់ត្រូវតែស្នាក់នៅ និងបណ្ដុះបណ្ដាលពួកយើងបន្ដទៀត ប៉ុន្តែជាអកុសលនៅថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០១៧ ចោរ ដែលអត់បេះដូងបានចូលទៅដល់ផ្ទះនៅពេលយប់ហើយបានលួចកង់របស់គាត់ទៅបាត់ » ។ យុវជនហុងថវិកាបន្ដថា « កង់របស់គាត់គឺដូចជាជីវិតរបស់គាត់អីចឹង គាត់បានទិញកាលពីឆ្នាំ២.០០០ក្នុងតម្លៃ១.០០០ដុល្លារ ដូច្នេះ បើបងប្អូនបានប្រទះឃើញ សូមមេត្តាយកមកប្រគល់ជូនគាត់វិញផង»។
គួររំលឹកថា នេះជាលើកទីពីរហើយដែលជនបរទេសបានបាត់កង់នៅភ្នំពេញ និងបានអំពាវនាវសូមឲ្យបងប្អូនខ្មែរយើងជួយស្វែង រក ។ កាលពីអំឡុងពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៦ បុរសជនជាតិជប៉ុនលោក Shun Yanagisawa អាយុ៣៤ឆ្នាំ បានបាត់កង់ នៅសណ្ឋាគារ Aura Thematic Hostel ស្ថិតនៅផ្ទះលេខ២០៥ ផ្លូវលេខ១៩ ក្រោយព្រះបរមរាជវាំង ។
ក្រោយពីសារព័ត៌មានកោះសន្ដិភាពបានចុះផ្សាយពីដំណើររឿងនេះ ក៏បានជ្រួតជ្រាបដល់មហាជន ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និងមន្ត្រីគ្រប់ជាន់ថ្នាក់ ហើយទីបំផុតត្រូវបានរកឃើញ និងប្រគល់ជូនលោកShun វិញ ។ តើលើកនេះ យើងអាចជួយរកគាត់ឃើញវិញដែរឬទេ?
ចែករំលែកព័តមាននេះ