រាជធានីភ្នំពេញ ៖ ពលរដ្ឋកម្ពុជាគ្រប់រូបកំពុងតែស្រយុតចិត្តនៅពេលបានទទួលព័ត៌មានថា លោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយកំពុងទទួលការសង្គ្រោះនៅឯមន្ទីរពេទ្យក្នុងប្រទេសស្វ៊ីស ។ នេះបើយោងតាមសេចក្តីប្រកាសកាលពីថ្ងៃទី២៨ មីនា របស់មន្ទីរពេទ្យគន្ធបុប្ផា ។
នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា ជាមួយនឹងការធ្លាក់ខ្លួនឈឺធ្ងន់នេះ លោកវេជ្ជបណ្ឌិត Beat Richner នឹងលាលែងពីតំណែងនាពេលខាងមុខ ហើយតំណែងជាប្រធានគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា នឹងត្រូវប្រគល់ជូនលោកវេជ្ជបណ្ឌិត Peter Studer ដែលជាអនុប្រធានមន្ទីរពេទ្យនាពេលបច្ចុប្បន្ន ។
មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសឲ្យដឹងដែរថា ទោះបីលោកវេជ្ជបណ្ឌិត Beat Richner ធ្លាក់ខ្លួនឈឺធ្ងន់យ៉ាងណាក្តី តែមន្ទីរពេទ្យនៅតែដំណើរការជាធម្មតាជាមួយបុគ្គលិកប្រមាណជាង ២.៥០០នាក់ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ត្រូវបានដកស្រង់សម្តីដោយគេហទំព័រក្នុងស្រុកមួយថា ជាមួយការទទួលបានព័ត៌មាននៃការវាយប្រហារដោយជំងឺយ៉ាងធ្ងន់ធ្ងរលើស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផានេះ លោកសូមជូនពរលោកវេជ្ជបណ្ឌិត Richner ឲ្យទទួលបានជោគជ័យក្នុងការព្យាបាល និងឆាប់បានជាសះស្បើយ ។ លោករដ្ឋមន្ត្រីបានចាត់ទុកលោកវេជ្ជបណ្ឌិត Richner ជាបុគ្គលដែលបានជួយសង្គ្រោះជីវិតកុមារកម្ពុជាបានយ៉ាងច្រើន ។ លោកថ្លែងថា ក្រសួងសុខាភិបាលនឹងបន្តធ្វើការយ៉ាងស្អិតល្មួតជាមួយប្រធានមន្ទីរពេទ្យគន្ធបុប្ផាថ្មី គឺលោកវេជ្ជបណ្ឌិត Peter Studer ។
សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Richner បានចាប់ផ្តើមដំណើរការមន្ទីរពេទ្យមនុស្សធម៌សម្រាប់កុមារកម្ពុជាគន្ធបុប្ផាដោយជួយព្យាបាលឥតគិតថ្លៃតាំងពីឆ្នាំ១៩៩២មកម្ល៉េះ និងបានសង្គ្រោះកុមារកម្ពុជារាប់លាននាក់ឱ្យចាកផុតពីសេចក្តីស្លាប់ ។ គិតមកដល់ត្រឹមឆ្នាំ២០១៦ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាជាង៥០០លានដុល្លារសម្រាប់ការព្យាបាលក្នុងនោះប្រមាណ៤០០លានដុល្លារបានមកពីសប្បុរសជននៅប្រទេសស្វ៊ីស និងប្រមាណ៧ភាគរយជាការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ៨,៨%ជាការចូលរួមរបស់រដ្ឋាភិបាលស្វ៊ីស ។
លោកវេជ្ជបណ្ឌិត Beat Richner ត្រូវបានអ្នកអាណាព្យាបាលកុមារកម្ពុជាបាត់ទុកលោកគឺជាពេទ្យទេវតា ដែលបានជួយស្រោចស្រង់ជីវិតកុមារកម្ពុជារាប់លាននាក់ឱ្យចាកផុតពីការស្លាប់ដោយជំងឺនានា ។ ក្នុងនាមជាសារព័ត៌មានជាតិ កោះសន្តិភាពសូមបួងសួងដល់វត្ថុសក្តិសិទ្ធិតាមគាំពាររូបលោកឱ្យចាកផុតពីជំងឺនិងទទួលបាននូវការជាសះស្បើយកុំបីឃ្លាតឡើយ ៕
ចែករំលែកព័តមាននេះ