រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមផ្ដន្ទាទោសទណ្ឌិត សម រង្ស៊ី ដាក់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិមិនឲ្យធ្វើនយោបាយ ក្រោមការចោទ ពីបទ “ប្រគល់ឱ្យរដ្ឋបរទេស” ពាក់ព័ន្ធករណីទណ្ឌិត សម រង្សី បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជា ចំនួន០៤ខេត្ត ឲ្យជនជាតិដើមភាគតិចម៉ុងតាញ៉ារៀតណាម រស់នៅ ។
សាលក្រម បានសម្រេចដកសិទ្ធិលើជនជាប់ចោទ មិនឲ្យធ្វើនយោបាយ និងថែមទាំងចេញដីកាបង្គាប់ឲ្យចាប់ខ្លួនទណ្ឌិត សម រង្សី ដើម្បីយកមកអនុវត្តទោស ក្នុងពន្ធនាគារតាមអំណាចសាលក្រម ។
លោក ស៊ិន សុវណ្ណរ័ត្ន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសសាលក្រមនេះជាសាធារណៈ ដោយកំបាំងមុខ ប៉ុន្តែចាត់ទុកចំពោះមុខជនជាប់ចោទ ។
សូមរម្លឹកថា ទណ្ឌិត សម រង្ស៊ី មិនមែនមានទោសតែមួយបទល្មើសនេះទេ សំណុំរឿងជាច្រើន ដែលកំពុងបន្ត និងផ្តន្ទាទោសបណ្តើរៗ ដូចជា បទ រួមគំនិតក្បត់ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់យោធាមិនឱ្យស្តាប់បង្គាប់ ដែលផ្តើមចេញពីការប៉ុនប៉ងវិលត្រលប់ចូលប្រទេសកម្ពុជា កាលពីឆ្នាំ២០១៩ និងការបង្កើតចលនាសង្គ្រោះជាតិ (CNRM) បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ តុលាការផ្តន្ទាទោសជាប់ពន្ធនាគារ ១០ឆ្នាំ ហើយកាលពីខែមីនា ឆ្នាំ២០២១ លោកក៏ត្រូវបានតុលាការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ពីបទ «ឧបឃាត» ជុំវិញការជាប់ពាក់នព័ន្ធនឹងប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល ក្នុងគម្រោងវិលចូលប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រួមនឹងបទល្មើសមួយចំនួនទៀត ៕

ចែករំលែកព័តមាននេះ