ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែមាន ៣បក្សទេ ដាក់ភ្នាក់ងារសង្កេត​មើល​ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះ​ឈ្មោះបោះឆ្នោត ឆ្នាំ២០២២

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ គ.ជ.ប បានប្រកាសនៅថ្ងៃទី១៩ ខែតុលានេះ ពីលទ្ធផលបណ្ដោះអាសន្នចំនួនភ្នាក់ងារ​គណបក្សនយោបាយ សម្រាប់សង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ នោះគឺ​មាន ៣គណបក្ស…

ភ្នំពេញ៖ គ.ជ.ប បានប្រកាសនៅថ្ងៃទី១៩ ខែតុលានេះ ពីលទ្ធផលបណ្ដោះអាសន្នចំនួនភ្នាក់ងារ​គណបក្សនយោបាយ សម្រាប់សង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ នោះគឺ​មាន ៣គណបក្ស បានដាក់ភ្នាក់ងារសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ រួមមាន៖ គណបក្ស​ប្រជាជនកម្ពុជា គណបក្សភ្លើងទៀន និងគណបក្ស​ខ្មែររួបរួមជាតិ​។

តាមសេចក្តីប្រកាស គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ មានភ្នាក់ងារ​គណបក្ស​នយោបាយ ស្នើសុំ​សង្កេតមើលដំណើរការ​ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សរុបមានចំនួន ៤​៦៦៩​នាក់ ក្នុងនោះ ស្ត្រីមានចំនួន ១១២៥នាក់​។

គ.ជ.ប ប្រកាសថា ក្នុងចំណោមភ្នាក់ងារ​គណបក្ស​នយោបាយ ស្នើសុំ​សង្កេតមើលដំណើរការ​ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សរុបមានចំនួន ៤​៦៦៩​នាក់ គឺ១-គណបក្ស​ប្រជាជនកម្ពុជា បានដាក់ភ្នាក់ងារនៅគ្រប់ ២៥រាជធានីខេត្ត តែមិនគ្រប់ឃុំសង្កាត់ទេ គឺតែចំនួន ១៤៥៦ឃុំសង្កាត់ ក្នុងចំណោមឃុំសង្កាត់សរុប ១៦៥២ឃុំសង្កាត់ ដោយមានភ្នាក់ងារ ច្រើនជាងគេ ចំនួន ៣៣០៩​នាក់ ( ស្ត្រី ៩៤២នាក់ )។ ២-គណបក្សភ្លើងទៀន ដាក់ភ្នាក់ងារ នៅ ២១រាជធានីខេត្ត ដោយ​នៅតាមឃុំសង្កាត់តែ ៦៣២ឃុំសង្កាត់ប៉ុណ្ណោះ និងមានភ្នាក់ងារ ចំនួន ១៣៣៦​នាក់ ( ស្ត្រី ១៧២នាក់ ) និង៣-គណបក្ស​ខ្មែររួបរួមជាតិ ដាក់ភ្នាក់ងារសង្កេតមើល នៅ ៤រាជធានីខេត្ត ហើយនៅតែ ១៣ឃុំសង្កាត់ ដោយមានភ្នាក់ងារ ២៤នាក់ ( ស្ត្រី ១១នាក់ )។

គ.ជ.ប ប្រកាសថា ការចុះឈ្មោះភ្នាក់ងារ​គណបក្ស​នយោបាយ ដើម្បីចូលរួម​សង្កេតមើល​ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ រហូតដល់​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣​។

គ.ជ.ប ក៏បានគូសបញ្ជាក់ថា ភ្នាក់ងារគណបក្ស​នយោបាយ ដែលចូលរួម​សង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា ដែលពាក់ព័ន្ធជាធរមាន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សម្រាប់គណបក្ស​នយោបាយ បេក្ខជន និងភ្នាក់ងារ​គណបក្ស​នយោបាយ ក្នុងដំណើរការបោះឆ្នោត​។

ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ចាប់ផ្តើមនៅថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមសាលាឃុំសង្កាត់ នៅទូទាំងប្រទេស​។

ក្រៅពីទៅពិនិត្យ​បញ្ជីឈ្មោះដោយផ្ទាល់​ នៅសាលាឃុំសង្កាត់ ប្រជាពលរដ្ឋខ្មែរ ដែល​បានចុះឈ្មោះ និងបានបោះឆ្នោត​ឃុំសង្កាត់ កាលពីខែមិថុនានេះ ក៏អាចពិនិត្យ និងស្វែងរកឈ្មោះរបស់ខ្លួន តាមរយៈវេបសាយរបស់គ.ជ.ប voterlist.nec.gov.kh ឬតាមរយៈ App-NEC KH ក្នុងទូរស័ព្ទដៃ​។

ចំណែក​អ្នកមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអាយុចាប់ពី ១៨ឆ្នាំឡើង គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣​ អាច​ទៅចុះ​ឈ្មោះបោះឆ្នោត នៅតាមសាលាឃុំសង្កាត់ ដែលខ្លួនរស់នៅសព្វថ្ងៃ ដោយភ្ជាប់នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ។

សូមកុំភ្លេចថា អ្នកដែល​មានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២២ នេះ ទើប​អាច​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ