ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​នឹង​ដាក់​ឱ្យ​ដំណើរការ​ក្រុមប្រឹក្សា​ទីផ្សារ និង​ផ្សព្វ​ផ្សាយ​ទេសចរណ៍​នៅ​ខែមេសា ខាង​មុខ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​និង​កំពុង​រៀបចំ​សមាសភាព​ក្រុមប្រឹក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ជាមួយ​ឯកជន ដើម្បី​ជំរុញ​ការ​លើកកម្ពស់ និង​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៅ​កម្ពុជា ។

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​និង​កំពុង​រៀបចំ​សមាសភាព​ក្រុមប្រឹក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ជាមួយ​ឯកជន ដើម្បី​ជំរុញ​ការ​លើកកម្ពស់ និង​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៅ​កម្ពុជា ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពីដើម​ស​ប្តា​ហ៍​នេះ​ថា កន្លង​មក ការ​ធ្វើ​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​នៅ​កម្ពុជា រាជរដ្ឋាភិបាល​ជា​អ្នក​ចំណាយ​នាំមុខ ហើយ​ផ្នែក​ឯកជន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ប៉ុន្តែ​ការ​ចូលរួម​របស់​ផ្នែក​ឯកជន​មាន​កម្រិត​នៅឡើយ ។ ហេតុនេះ ពេល​ក្រសួង​បង្កើត​ក្រុមប្រឹក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍ រាជរដ្ឋាភិបាល​នឹង​ដាក់​វិស័យ​ឯកជន​ចូលរួម​ជាមួយ ដែល​ក្រុមប្រឹក្សា​នេះ លោក​រំពឹង​ថា នឹង​បញ្ចប់​នៅ​ខែមេសា ខាង​មុខ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖ « ពី​មុន​មក​ដោយសារ​រាជរដ្ឋាភិបាល​មិន​ទាន់​មាន​រចនាសម្ព័ន្ធ​ក្រុមប្រឹក្សា​នេះ​ច្បាស់លាស់ ទើប​វិស័យ​ឯកជន​មិន​ទាន់​បាន​ចូលរួម​ទូលំទូលាយ​ជាមួយ​ក្រសួង​នៅឡើយ ។ ដូច្នេះ បន្ទាប់​ពី​បង្កើត​ក្រុមប្រឹក្សា​នេះ វិស័យ​ឯកជន​អាច​ចូលរួម​ជា​ថវិកា និង​សម្ភារ​ផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត » ។

លោក ហូ វ​ណ្ឌី អគ្គលេខាធិការ​សមាគម​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា ថ្លែង​ថា ការ​បង្កើត​ក្រុមប្រឹក្សា​នេះ​ស្ថិត​នៅ​កម្រិត​ណា និង​តើ​ស្ថិត​ក្រោម​នាយកដ្ឋាន​ណាមួយ ឬ​ជា​កម្រិត​អនុ​ក្រឹ​ត ។ ប្រសិនជា​ធ្វើ​ឡើង​ក្នុង​កម្រិត​អនុ​ក្រឹ​ត វា​មាន​ភាព​ទូលំទូលាយ​ជាង ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទីផ្សារ​ទេសចរណ៍​កម្ពុជា ។

យ៉ាងណា​ក៏​ដោយ លោក​បន្ត​ថា ៖ « ទោះជា​បង្កើត​ឡើង​ក្នុង​កម្រិត​ណា​ក្តី ក៏​វា​មាន​ភាព​វិជ្ជមាន​ដែរ ព្រោះ​ក្រុមប្រឹក្សា​នេះ​នឹង​ធ្វើ​ឡើង​ដល់​អ្នក​ធ្វើ​ផ្ទាល់ និង​អ្នក​ទទួល​ផ្តល់​សេវា​ដោយ​ផ្ទាល់ » ។

កម្ពុជា​បាន​ទទួលភ្ញៀវ​ទេសចរ​ចំនួន​៥​លាន​នាក់​កាលពី​ឆ្នាំ​មុន កើនឡើង​៥%​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ និង​រំពឹង​ថា ឆ្នាំ​នេះ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​៥,៤​លាន​នាក់ ។

លោក ធួន ស៊ី​ណា​ន ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា ថ្លែង​ថា អ្វី​ដែល​ក្រសួង​បង្កើត​នេះ វិស័យ​ឯកជន​រង់ចាំ​ជា​យូរ​មក​ហើយ ប៉ុន្តែ​សំខាន់​តើ​រាជរដ្ឋាភិបាល​បង្កើត​ឡើង​ក្នុង​រូបភាព​ណា និង​មាន​រចនាសម្ព័ន្ធ​បែប​ណា ហើយ​តើ​ស្ថាប័ន​នេះ​មាន​ភាព​ឯករាជ្យ ឬ​ស្ថិត​ក្រោម​ស្ថាប័ន​ណាមួយ ។ លោក​បន្ត​ថា យើង​ព្រួយបារម្ភ​ពី​ការ​អនុវត្ត ព្រោះថា បើ​អនុវត្ត​ដូច​បច្ចុប្បន្ន ការ​បង្កើត​ក្រុមប្រឹក្សា​នេះ​គ្មាន​ផលប្រយោជន៍​ច្រើន​ទេ ប៉ុន្តែ​បើ​អនុវត្ត​ការងារ​បាន​ទូលំទូលាយ​ជាង​បច្ចុប្បន្ន ជា​ការ​ល្អ ៕