ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គ្រោង​បង្កើត​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​អាស៊ាន​ជា​ផ្លូវការ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​គ្រោង​បង្កើត​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​អាស៊ី​អាគ្នេយ៍​(​អាស៊ាន​)​ជា​ផ្លូវការ​

រាជធានី​ភ្នំពេញ ៖ កម្ពុជា​គ្រោង​បង្កើត​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​អាស៊ី​អាគ្នេយ៍​(​អាស៊ាន​)​ជា​ផ្លូវការ​ដែល​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង លក្ខន្តិកៈ និង​ដឹកនាំ​ត្រឹមត្រូវ​ឲ្យ​រួចរាល់​មុន​ពេល​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​មក​ដល់​។

គម្រោង​បង្កើត​សហព័ន្ធ​កីឡា​មួយ​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​គុន​ល្បុក្កតោ​បាន និង​កំពុង​ហ្វឹកហាត់ បណ្តុះបណ្តាល​នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន​ទាំង​នៅ​អាស៊ី អា​មេ​រិ​ក និង​អឺរ៉ុប ប៉ុន្តែ​ក្នុង​សកម្មភាព​ជា​ក្រុម​ៗ ដែល​មិន​ទាន់​មាន​រចនាសម្ព័ន្ធ​ដឹកនាំ​ច្បាស់លាស់​។

ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ បាន​ជួប​លោក Tanayut Jongsukkaijai ប្រធាន​សមាគម​កីឡា​បញ្ច​សិលា នៅ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ដើម្បី​ពិភាក្សា​ការងារ​ផ្តោត​លើ​គុន​ល្បុក្កតោ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ជា​ផ្លូវការ​នៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​។

ភាគី​ខេត្ត​សុរិន្ទ មាន​គោលបំណង​មក​សិក្សា​ស្រាវជ្រាវ និង​ស្វែង​យល់​ពី​គុន​ល្បុក្កតោ​របស់​កម្ពុជា ដែល​គ្រោង​នឹង​បញ្ជូន​គ្រូ​ពី​ខេត្ត​សុរិន្ទ មក​កម្ពុជា ឬ​ពី​កម្ពុជា​ទៅ​ខេត្ត​សុរិន្ទ ដើម្បី​ផ្លាស់​ប្តូរ​ក្នុង​ការ​បង្ហាត់បង្រៀន​ឲ្យ​យល់​ពី​លក្ខន្តិកៈ​ក្បាច់គុន​ល្បុក្កតោ ភ្ជាប់​ខ្លួន​ឲ្យ​ក្លាយជា​បេក្ខភាព​មួយ​ចូលរួមការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។ នេះ​ជា​អ្វី​ដែល​កម្ពុជា​ចង់បាន​គឺ​បង្កើត​ភាព​ងាយស្រួល មិត្តភាព និង​សាមគ្គីភាព រវាង​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដើម្បី​ពង្រីក​ក្បាច់គុន​ល្បុក្កតោ​ក្នុង​តំបន់​ឲ្យ​មាន​ភាព​ជាក់លាក់ ការ​ទទួលខុសត្រូវ និង​រចនាសម្ព័ន្ធ​ដឹកនាំ​ត្រឹមត្រូវ​នៅ​តាម​ប្រទេស​នីមួយ​ៗ និង​ពង្រីក​ពី​តំបន់​ទៅ​ទ្វីប ហើយពី​ទ្វីប​ទៅ​ពិភពលោក​។

ឯកឧត្តម វ៉ា​ត់ ចំរើន ប្រាប់​ថា បច្ចុប្បន្ន​គុន​ល្បុក្កតោ កំពុង​មាន​សកម្មភាព​នៅ ឥណ្ឌា អ៊ីរ៉​ង់
អូស្ត្រាលី អឺរ៉ុប អា​មេ​រិ​ក ប៉ុន្តែ​មិន​ទាន់​ពង្រឹង​រចនាសម្ព័ន្ធ​ដឹកនាំ​ឲ្យ​បាន​ល្អ​ប្រសើរ​នៅឡើយ​ទេ ។ ដូច្នេះ កម្ពុជា​នឹង​បង្កើត​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​អាស៊ាន ដើម្បី​ពង្រីក​វិសាលភាព និង​មាន​រចនាសម្ព័ន្ធ​ដឹកនាំ​ក្នុង​តំបន់​ត្រឹមត្រូវ មុន​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម ។ ការ​រៀបចំ​ការ​ប្រកួត​មួយ ដែល​មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់ ការ​គ្រប់គ្រង​ច្បាស់លាស់ ដើម្បី​មើល​ការ​ខុស​ត្រូវ​ច្ចេកទេស​ក្នុង​តំបន់ មិន​ថា​កម្ពុជា គឺ​គ្រប់គ្រង​ទាំងអស់​គ្នា ហើយ​អនុវត្ត​ទាំងអស់​គ្នា​។

សម្រាប់​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នឹង​មាន​ប្រទេស​ជា​ច្រើន​ទៀត​ចូលរួម​ប្រកួត​គុន​ល្បុក្កតោ​ចាប់ពី​៧​ទៅ​៨​ប្រទេស មាន ឥណ្ឌូ​ណេ​ស៊ី ហ្វី​លី​ពី​ន វៀតណាម ឡាវ ថៃ មី​យ៉ា​ន់​ម៉ា និង​កម្ពុជា​ជា​ម្ចាស់​ក្បាច់គុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ