ដោយទ្រាំមិនបាននឹងការរីកដាលនៃល្បែងស៊ីសងនៅកម្ពុជា និងផលប៉ះពាល់ដែលបណ្តាលមកពីល្បែងស៊ីសង សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាដាច់ណាត់អោយធ្វើការបង្ក្រាបទូទាំងប្រទេសរាល់ល្បែងស៊ីសងខុសច្បាប់។

និយាយពីល្បែងស៊ីសងមានច្រើនប្រភេទគេអាចបែងចែកល្បែងស៊ីសងនេះជាពីរប្រភេទ មួយប្រភេទជាល្បែងស៊ីសងដែលពលរដ្ឋធ្លាប់លេងជាយូរមកហើយ និងមួយប្រភេទទៀតល្បែងថ្មីទើបនាំចូល។ល្បែងស៊ីសងដែលពលរដ្ឋធ្លាប់លេងតាំងពីដើមមកមានកន្ទុយលេខ ឆ្នោត បៀរ អាប៉ោង រហូតដល់ការជល់មាន់ជាដើម។ចំណែកល្បែងស៊ីសងដែលទើបមានថ្មីៗមានល្បែងអនឡាញ ឡូតូ ជាដើម។
ល្បែងស៊ីទាំងអស់ហាក់បានកំពុងពង្វក់ពលរដ្ឋឲ្យងុបងល់នឹងវាភ្លេចការរកស៊ីប្រចាំថ្ងៃហើយបានផ្តេចផ្តួលលើល្បែងទាំងនោះទៅវិញ។មានការលើកឡើងថាមានសិស្សសាលាមួយចំនួនក៏ត្រូវបានល្បែងស៊ីសងទាំងនោះអូសទាញឲ្យពួកគេភ្លេចការសិក្សាផងដែរ។ល្បែងស៊ីសងដែលកំពុងពង្វក់ពលរដ្ឋទាំងក្មេងទាំងចាស់ទាំងអ្នកនៅទីក្រុង និងជនបទនេះបានកំពុងជះឥទ្ធិពលជាច្រើនដល់សង្គម។ក្រៅពីធ្វើឲ្យពលរដ្ឋខាតបង់ថវិកា ខាតពេលវេលា ល្បែងស៊ីសងជាប្រភេទនៃជម្លោះជាប្រភពនៃអំពើហិ.ង្សាក្នុងគ្រួសារប៉ះពាល់សន្តិសុខសណ្តាប់ធ្លាប់សង្គម និងអាចបង្កើតជាអំពើចោរកម្ម អំពើប្លន់ទៀតផង។

នៅក្នុងចុងឆ្នាំ២០២២នេះពោលចាប់ពីខែសីហាមកអាជ្ញាធរគ្រប់ខេត្ត ក្រុង ហាក់បានបញ្ចេញសាច់ដុំនៅក្នុងការបង្ក្រាបល្បែងស៊ីសងក្នុងទ្រង់ទ្រាយធំ ក្រោយពីមានបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលឲ្យបង្ក្រាបជាដាច់ខាតនូវល្បែងស៊ីសងខុសច្បាប់ទាំងអស់នោះ។តាមរយៈបទបញ្ជាពីថ្នាក់លើនេះគេសង្កេតឃើញការបង្ក្រាបបទល្បែងស៊ីសងមានគ្រប់ខេត្តក្រុងដែលបង្ហាញថា ល្បែងស៊ីសងបានចាក់ឬសយ៉ាងជ្រៅនៅក្នុងសង្គមកន្លែងណាក៏មានបនល្បែង និងអ្នកលេងល្បែងដែលជាក្តីបារម្ភដ៏ធំមិនគួរមើលរំលង និងបណ្តែតបណ្តោយតទៅទៀតនោះទេ។

ក្រៅពីការបង្កឲ្យមានក្តីវិនាសនៅក្នុងគ្រួសារ និងបង្កើតជាអន្តិសុខសង្គមភ្លាមៗក្នុង ពេលបច្ចុប្បន្នការងប់ងល់ និងល្បែងស៊ីសងរបស់ពលរដ្ឋមួយចំនួននោះជាគំរូមិនល្អសម្រាប់សង្គមជាតិ ពិសេសបានជះឥទ្ធិពលដល់ក្មេងជំនាន់ក្រោយ។ក្មេងៗ ដែលមិនបាច់ជាកូនចៅរបស់ពលរដ្ឋអ្នកលេងល្បែងស៊ីសងផ្ទាល់នោះទេ តែជាកូនចៅអ្នកភូមិ អ្នកជិតខាង និងអ្នករស់នៅក្នុងសហគមន៍ដែលមានពលរដ្ឋលេងល្បែងស៊ីសង ឬមានកន្លែង បើកល្បែងស៊ីសងផ្ទាល់តែម្តងនោះ នឹងអាចយកគំរូដ៏អាក្រក់នេះអនុវត្តនៅក្នុងជីវិតរបស់ពួកគេដែរ។ ហើយនិយាយពីកូនចៅអ្នកលេងល្បែងវិញក្រៅពីបានឃើញបានឮពីសកម្មភាពឪពុកម្តាយរបស់ខ្លួនលេងល្បែងស៊ីសងរាល់ថ្ងៃហើយពួកគេបានទទួលរងបញ្ហាផ្លូវចិត្តទៀតផងប្រសិននៅក្នុងគ្រួសារខ្លួនមានផ្ទុះអំពើហិ.ង្សារវាងឪពុកម្តាយកើតឡើងនោះ។
ផលវិបាកកើតចេញពីល្បែងស៊ីសងមានច្រើន ដែលពិបាកពណ៌រនាឲ្យអស់។ ដូច្នេះអាជ្ញាធរមិនគួរបណ្តោយឲ្យមានល្បែងស៊ីសងតទៅទៀត នៅក្នុងដែនដីរបស់ខ្លួនឡើយ ប្រសិនជាចង់ឃើញសហគមន៍របស់ខ្លួនមានសន្តិសុខ ពលរដ្ឋរស់នៅដោយសេចក្តីថ្លៃថ្លូមានសុភមង្គលក្នុងគ្រួសារ និងសង្គមមានការរីកចម្រើននោះ។ចូរគ្រប់គ្នាចងចាំថា «ល្បែងតែងវិនាស»។

កន្លងមកគេសង្កេតឃើញល្បែងស៊ីសងបានបើកអាជីវកម្មជាចំហរ ដូចជា កន្លែងចាក់កន្ទុយលេង កន្លែងភ្នាល់បាល កន្លែងលក់ឆ្នោតផ្សងសំណាង និងកន្លែងចាក់ឡូតូ ដែលជាប្រភេទល្បែងថ្មីជាដើមនោះបានដំណើរនៅក្នុងហាងកាហ្វេ កន្លែងលក់ទំនិញ ដែលនណាក៏អាចមើលឃើញ។
តាមពិតទៅការបង្ក្រាបល្បែងស៊ីសងមិនគួរចាំបាច់មានបទបញ្ជាពីនាយករដ្ឋមន្ត្រីនោះទេ បើគេអនុវត្តតាមគោលការណ៍ភូមិឃុំ មានសុវត្ថិភាពឲ្យហ្មត់ចត់ត្រឹមត្រូវ ឃុំសង្កាត់ទូទាំងប្រទេសកម្ពុជានឹងគ្មានល្បែងស៊ីសងនោះឡើយ។៩ចំនុចនៅក្នុងគោលការណ៍ភូមិឃុំ មានសុវត្ថិភាពមានចំនុចមួយចែងពីការដែលគ្មានលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។កម្ចាត់ល្បែងស៊ីសង គឺជាការកំចាត់ជំងឺសង្គមរ៉ាំរ៉ៃមួយ ដើម្បីកម្ពុជាកាន់តែប្រសើរជាងនេះ៕ ដោយ ៖ សារ៉ាន់
ចែករំលែកព័តមាននេះ