ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ចិន​ពង្រឹង​ពាណិជ្ជ​-​កម្ម និង​វិនិយោគ​ទ្វេភាគី ខណៈ​ទំហំ​ពាណិជ្ជកម្ម​បន្ត​កើនឡើង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី​មួយ និង​ជា​ប្រភព​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ធំ​បំផុត​របស់​កម្ពុជា ។ គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៦ ទុន​វិនិយោគ​ដោយ​ផ្ទាល់​ពី​ប្រទេស​ចិន​នៅ​កម្ពុជា មាន

រាជធានី​ភ្នំពេញ ៖ ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី​មួយ និង​ជា​ប្រភព​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ធំ​បំផុត​របស់​កម្ពុជា ។ គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៦ ទុន​វិនិយោគ​ដោយ​ផ្ទាល់​ពី​ប្រទេស​ចិន​នៅ​កម្ពុជា មាន​ប្រមាណ​ជាង​១.២០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ នៅ​ឆ្នាំ​២០១៥ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប​មាន​ជាង​៤,៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​នៅ​ត្រឹម​ឆមាស​ទី​១​ឆ្នាំ​២០១៦ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​២.៣៤០​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​កើនឡើង​១០,២% បើ​ប្រៀបធៀប​នឹង​ដំណាក់កាល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​លោក ហ៊ូ ហេ​ភីង អភិបាលខេត្ត​សាន​ស៊ី ប្រទេស​ចិន ស្តី​ពី «​ការ​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​-​សាន​ស៊ី​» កាលពី​ថ្ងៃ​ទី​២៧ មីនា ម្សិលមិញ ។

លោក​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា ៖ « ប្រទេស​កម្ពុជា និង​ចិន មាន​ជំនឿ​ថា នឹង​សម្រេច​គោលដៅ​នៃ​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ឆ្នាំ​២០១៧​។ ដោយឡែក ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ខេត្ត​សាន​ស៊ី ប្រទេស​ចិន ក៏​កំពុង​មាន​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ។ តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់ខ្ញុំ ទៅ​កាន់​ក្រុង​ស៊ី​អាន ខេត្ត​សាន​ស៊ី​នា​ដើមឆ្នាំ​នេះ បាន​នាំ​ឲ្យ​មានការ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីនោះ ដើម្បី​ពង្រឹង​កិច្ចសហការ និង​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី » ។

ដើម្បី​សម្រេច​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ខាងលើ​នេះ លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ថ្លែង​ថា ក្រសួងពាណិជ្ជកម្ម​មាន​យុទ្ធសាស្ត្រ​ជំរុញ និង​សម្រប​សម្រួលការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​កម្ពុជា​-​ចិន ដូច​តទៅ ៖

១-​រៀបចំ​ផែនការមេ និង​ជំនួប​រវាង​ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ ។
២-​បង្កើត​ក្រុមការងារ​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​នានា​ដែល​ពាណិជ្ជករ និង​វិនិយោគិន ប្រទេស​ទាំង​ពីរ​ជួប​ប្រទះ ។
៣-​សម្របសម្រួល​ឲ្យ​មាន​ជើងហោះហើរ​ផ្ទាល់​ពី​ទីក្រុង​ធំ​ៗ​នៃ​ប្រទេស​ចិន ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ និង​វិនិយោគិន ព្រមទាំង​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម ។
៤-​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ព័ត៌មាន​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​នៃ​ប្រទេស​ចិន​ថែម​ទៀត ដើម្បី​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ទូលំទូលាយ ។
៥-​បើក​ច្រក​ទីផ្សារ​នៅ​ប្រទេស​ចិន និង​ប្រទេស​ដទៃ​ទៀត ដែល​កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធគយ​សូន្យ និង​មិន​ជាប់​កូតា ដើម្បី​ជំរុញ​ឲ្យ​ការ​វិនិយោគ​នៅ​កម្ពុជា​ទទួល​បាន​ប្រាក់​ចំណេញ និង​ជោគជ័យ ។

៦-​រៀបចំ​វេទិកា​ជំរុញ​ពាណិជ្ជកម្ម​ឲ្យ​បាន​ច្រើន​ថែម​ទៀត​នៅ​តាម​ខេត្ត និង​តំបន់​នានាក្នុង​ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមា​និ​ត​ចិន ។

លោក​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី​បច្ចុប្បន្នភាព​នៃ​ទំនាក់ទំនង​ដ៏​ល្អ ដែល​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ជំរុញ​ដល់​កម្រិត​កំពូល​គឺ «​កិច្ច​សហប្រតិ​បត្តិ​ការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ចំណងមិត្តភាព​ដែកថែប​» ។ ជាក់ស្តែង កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ប្រទេស​កម្ពុជា ដោយ​មានការ​គាំទ្រ​ពេញទំហឹង​ពី​រដ្ឋាភិបាល​ចិន និង​កិច្ចសហការ​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO បាន​រៀបចំ​កិច្ចប្រជុំ​តុមូល​ចិន លើក​ទី​៥ នៅ​លើ​ទឹកដី​អង្គរ​ខេត្តសៀមរាប ក្រោម​ប្រធានបទ «​ការ​អនុវត្ត​ល្អ​បំផុត​ស្តី​ពី​ការ​ចូល​ជា​សមាជិក​នៃ​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs)»​។

លើស​ពី​នេះ នៅ​ក្នុង​ក្របខ័ណ្ឌ «​ខ្សែក្រវាត់​មួយ​-​ផ្លូវ​មួយ​» ដែល​ផ្តួចផ្តើម​ដោយ​លោក ស៊ី ជី​ង​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មន្ត្រីរាជការ សេដ្ឋវិទូ ធុរជន និង​វិនិយោគិន​នៃ​ប្រទេស​ទាំង​ពីរ​បាន​កំពុងធ្វើការ​ជាមួយ​គ​ដើម្បី​កំណត់​កាលានុវត្តភាព​ទាក់ទាញ​ការ​វិនិយោគសាធារណៈ ដោយ​ប្រើប្រាស់​មូលនិធិ «​វិ​ថី​សូត្រ​» ដែល​មាន​ទឹកប្រាក់​ប្រមាណ​៤០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ធ្វើ​ពិពិធ​កម្មវិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ តាម​រយៈ​កា​រត​ភ្ជាប់​ខេត្ត​តាម​មាត់សមុទ្រ​របស់​កម្ពុជា និង​ចិន ៕