ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនបរទេស​ម្នាក់ អនុវត្ត​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​របស់​តុលាការខេត្ត

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​គ្រប់គ្រង​ជនបរទេស បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​ជនបរទេស​ម្នាក់ ពី​បទ​ឆបោក ដែល​ប្រព្រឹត្ត​ទៅ​កាលពី​អំឡុង​ខែសីហា

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​គ្រប់គ្រង​ជនបរទេស បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​ជនបរទេស​ម្នាក់ ពី​បទ​ឆបោក ដែល​ប្រព្រឹត្ត​ទៅ​កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៥ ស្ថិត​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប រួច​នាំ​យក​មក​ធ្វើការ​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ​បន្ត​។ ហេតុការណ៍​ឃាត់ខ្លួន​ជនបរទេស​តាម​ដីកា​នោះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២​និង​០០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន គូលែន​២ ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប​។

លោក​វរសេនីយ៍ទោ វ៉ា​ន់ រិ​ទ្ធ នាយការិយាល័យ​នគរបាល​គ្រប់គ្រង​ជនបរទេស​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៧​នេះ​ថា ដោយ​យោង​តាម​បទបញ្ជា​របស់​លោក​វរសេនីយ៍ឯក ជា គឹ​ម​សាន ស្នងការ​រង​ទទួល​ផែន អន្តោប្រវេសន៍ បានឱ្យ​កម្លាំង​ក្រោម​ឱវាទ ចុះ​អនុវត្ត​តាម​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​របស់​លោក ឆែ វី​រៈ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប ឱ្យ​នាំ​ខ្លួន​ជនបរទេស​ម្នាក់​ឈ្មោះ Pike Andrew Howard John ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិ​អូស្ត្រាលី សញ្ជាតិ​អូស្ត្រាលី មុខរបរ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខ​N9143462 មក​កាន់​សាលាដំបូង​ខេត្តសៀមរាប ពាក់​ព​ន្ធ័​ករណី អំពើ​ឆបោក ដែល​ប្រព្រឹត្ត​ទៅ​កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៥ ស្ថិត​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប​។

លោក​បាន​បន្ត​ថា ក្រោយ​ពី​បាន​ធ្វើការ​សាកសួរ​រួច​មក ចៅក្រម​ស៊ើបសួរ ក៏​បាន​ចេញ​ដីកា​បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ច​យើង​ដឹក​ជន​ត្រូវ​ចោទ​ទៅ​កាន់​ពន្ធនាគារ​ខេត្ត ដើម្បី​ធ្វើការ​ឃុំខ្លួន ជា​បណ្តោះអាសន្ន​រង់ចាំ​ថ្ងៃ​សវន​ការ​នា​ពេល​ខាង​មុខជា​បន្ត​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​នាំ​យក​ទៅ​ដាក់​ពន្ធនាគារ តាម​បទបញ្ជា​របស់​លោក ឆែ វី​រៈ ចៅក្រម​ស៊ើបសួរ កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៧ បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​៕