ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី និង​ចិន​នឹង​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ផ្ដោតលើ​សាច់​គោ

7 ឆ្នាំ មុន

ទីក្រុង​ស៊ី​ដ​នី ៖ អូស្ត្រាលី និង​ចិន​ត្រូវ​បាន​រំពឹង​ថា នឹង​ចុះ​កិច្ចព្រមព្រៀងទ្វេភាគី​ថ្មី​មួយ​លើ​ការ​នាំ​ចេញ​សាច់​គោ អគ្គិសនី និង​សន្តិសុខ ក្នុងអំឡុងពេល​លោកនាយក​រដ្ឋមន្ត្រី​ចិន Li Keqiang ធ្វើ​ទស្សន

ទីក្រុង​ស៊ី​ដ​នី ៖ អូស្ត្រាលី និង​ចិន​ត្រូវ​បាន​រំពឹង​ថា នឹង​ចុះ​កិច្ចព្រមព្រៀងទ្វេភាគី​ថ្មី​មួយ​លើ​ការ​នាំ​ចេញ​សាច់​គោ អគ្គិសនី និង​សន្តិសុខ ក្នុងអំឡុងពេល​លោកនាយក​រដ្ឋមន្ត្រី​ចិន Li Keqiang ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ស​ប្ដា​ហ៍​មុន ។

ប្រទេស​អូស្ត្រាលី​ចង់​ទាញ​យក​ប្រ យោជន៍​ពី​ការ​សម្រេចចិត្ត​របស់​ចិន​កាលពី​ស​ប្តា​ហ៍​មុន​ថា នឹង​ផ្អាក​ការ​នាំ​ចូល​សាច់​ពី​ប្រេ​ស៊ី​ល ជា​ប្រទេស​នាំ​ចេញ​សាច់​គោ និង​សាច់​បក្សី​ធំ​ជាងគេ​លើ​ពិភពលោក ព្រោះតែ​មានរឿង​អាស្រូវ​ទាក់ទិន​នឹង​សាច់​ខូចគុណភាព ។

ប៉ុន្តែ​ប្រទេស​អូស្ត្រាលី​ប្រហែលជា​គ្មាន​សមត្ថភាព​បង្កើន​ការ​នាំ​ចេញ​សាច់​គោ​បាន​ច្រើន​ទេ ព្រោះ​ចំនួន​សត្វ​គោ​របស់​ពួក​គេ​មាន​តិច ។

យ៉ាងណា​ក្តី សាច់​គោ គឺជា​កសិផល​មួយ​ក្នុង​ចំណោម​កសិផល​ដែល​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ដែល​មាន​តម្លៃ​សរុប​ច្រើន​ជាង​៦,១៤​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ។ ការ​នាំ​ចេញ​សាច់​គោ​នេះ ត្រូវ​បាន​ជំរុញ​បន្ថែម​ដោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ចិន និង​អូស្ត្រាលី ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៥ ធ្វើ​ឲ្យ​ចិន​រក្សា​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​អូស្ត្រាលី ។

លោកនាយក​រដ្ឋមន្ត្រី Malcolm Turnbull ថ្លែង​ថា ៖ « ចិន​ត្រូវ​ចិញ្ចឹម​ប្រជាជន​របស់​ខ្លួន ប៉ុន្តែ​ពួក​គេ​មាន​ដី​ដែល​អាច​ធ្វើ​កសិកម្ម​បាន​តែ​៧%​ប៉ុណ្ណោះ ។ អូស្ត្រាលី​កំពុង​ចាប់​យក​ឱកាស​ផ្តល់​អាហារ​ដែល​មានគុណ​ភាព​ខ្ពស់ និង​អនាម័យ​ល្អ​ដល់​ប្រទេស​ចិន » ។

លោក Turnbull បន្ត​ថា លោក​នឹង​ព្យាយាម​បន្ត​ដំណើរការ​កិច្ចព្រមព្រៀង​ក្នុង​តំបន់​ផង​ដែរ ព្រោះ​ប្រទេស​អូស្ត្រាលី​ចង់​កាត់​បន្ថយ​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ពី​ការ​ដកខ្លួន​របស់​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង TPP កាលពី​ខែមករា ។

ខណៈ​លោក Trump គាំទ្រ​គោលនយោបាយ​អា​មេ​រិ​ក​ទី​១ ប្រទេស​ចិន​បាន​បង្ហាញ​ពី​គោលបំណង​ដើរតួ​នាទី​កាន់តែ​ធំ​ឡើង​នៅ​លើ​ឆាក​អន្តរជាតិ ជា​ពិសេស លើកតម្កើង​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី ។

មិនយូរ​ប៉ុន្មាន ក្រសួងការបរទេស​ចិន​លើក​ឡើង​ថា លោក Li បាន​ប្រាប់​លោក Turnbull ថា ចិន​នឹង​បន្ត​បើក​ទូលាយ និង​សហការ​ជាមួយ​អូស្ត្រាលី ដើម្បី​ផ្តល់​សញ្ញា​វិជ្ជមាន​ពី​ការ​លើកតម្កើង​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី និង​ការពារ​ប្រព័ន្ធ​ធ្វើ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន ។

លោក Li ត្រូវ​បាន​គិត​ថា នឹង​ជំរុញ​អូស្ត្រាលី​ឲ្យ​ចូលរួម​ផ្តួចផ្តើម​គំនិត​កសាង​វិ​ថី​សូត្រ​របស់​ប្រទេស​ចិន ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​ប្រហែលជា​មិនកើត​ឡើង​ឡើយ​ក្នុង​អំឡុងពេល​ទស្សនកិច្ច​នេះ ។

បញ្ហា​សន្តិសុខ​ក្នុង​តំបន់ ក៏​នឹង​ត្រូវ​លើក​ឡើង​មក​ពិភាក្សា​ផង​ដែរ ព្រោះ​អូស្ត្រាលី​ចង់​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ៕