ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​អត្តសញ្ញាណ​ហើយ ! ជន​បង្ក​គ្រោះថ្នាក់​ចរណ៍ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​៣​នាក់ និង​របួស​ប្រមាណ​១០​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្ដីរាយការណ៍​បន្ថែម​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​រថយន្ត​មួយ​គ្រឿង បើក​បុក​រះ​ម៉ូតូ នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់

រាជធានី​ភ្នំពេញ ៖ សេចក្ដីរាយការណ៍​បន្ថែម​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​រថយន្ត​មួយ​គ្រឿង បើក​បុក​រះ​ម៉ូតូ នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន (​ចន្លោះ ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់​នោះ មក​វិទ្យាល័យ​បឹង​ត្របែក ខាង​មុខ អតីត​រោងចក្រ គង់​ហុង កាត់ដេរ​) ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៣​នាក់​(​ស្រី​២​នាក់ ប្រុស​ម្នាក់​) និង​របួស​ប្រមាណ​១០​នាក់ ព្រមទាំង​ខូចខាត​ម៉ូតូ​ជិត​១០​គ្រឿង​។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ប្រហែល​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៧​នេះ បង្ក​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាកកាម​រី​ឆ្លាម ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-2245​។

សេចក្ដីរាយការណ៍​បាន​បន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បណ្តាល​មក​ពី​ជន​បង្ក បាន​បើករថយន្ត ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​ដល់​ចំណុច​កើតហេតុ ពោល​នៅ​មុខ​អតីត​រោងចក្រ គង់​ហុង កាត់ដេរ ស្រាប់តែ​ជ្រុល​ទៅ​បុក​ជន​រង​គ្រោះ ប្រុស​ស្រី​៣​នាក់ កំពុង​បើក​ម៉ូតូ​ឆ្លងផ្លូវ ហើយ​ក៏​ជ្រុល​ទៅ​បញ្ច្រាស​ផ្លូវ បើក​បុក​រះ​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ដែល​កំពុង​ធ្វើ​ដំណើរ​មក​ពីមុខ បណ្តាល​ឲ្យ​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ គួរ​ឲ្យ​រន្ធត់​។ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បណ្តាល​ឲ្យ​ស្ត្រី​២​នាក់ និង​បុរស​ម្នាក់​ទៀត បាន​ស្លាប់​ភ្លាម​ៗ នៅ​ហ្នឹង​កន្លែង​កើតហេតុ ខណៈ​អ្នក​រង​គ្រោះ​របួស​ជិត​១០​នាក់ ព្រមទាំង​ខូចខាត​ម៉ូតូ​ជិត​១០​គ្រឿង​ផង​ដែរ​។

ដោយសារ​តែ​កំហឹង​ខ្លាំង​ពេក ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បាន​នាំ​គ្នា​វាយ​អ្នក​បើករថយន្ត​ស្ទើរ​ស្លាប់ និង​នាំ​គ្នា​ទៅ​វាយ​រថយន្ត​បណ្តាល​ឲ្យ​ខូចខាត​ស្ទើរ​ទាំងស្រុង​។ បន្ទាប់​ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ព្យាយាម​ជួយ​យក​អ្នក​បើករថយន្ត ចេញពី​កន្លែង​កើតហេតុ និង​ជួយ​អន្តរាគមន៍ ខណៈនោះ​មានការ​ផ្ទុះ​តវ៉ា​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​។ ជាមួយ​គ្នា​នេះ កម្លាំង​នគរបាល​ក៏​បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​បាញ់​ទឹក ខ្លាចក្រែង​ផ្ទុះ​ឆេះ​នៅ​ពេល ប្រជាពលរដ្ឋ​វាយ​កម្ទេច​នោះ​។

​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់ ដែល​បាន​ស្លាប់​នោះ គឺជា​បងប្អូន​ភ្លោះ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នក​របួស ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ផង​ដែរ​។ សម្រាប់​រថយន្ត​បង្ក​ដែល​ខូចខាត​ស្ទើរ​ទាំងស្រុង​នោះ និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ផ្សេង​ទៀត ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក ដើម្បី​ចាត់ការ​បន្ត​ទៀត​តាម​ផ្លូវច្បាប់​។

យ៉ាងណា​ក៏​ដោយ ស្ថានភាព​រញ៉េរញ៉ៃ ដែល​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​នោះ បាន​ស្ងប់ស្ងាត់​ទៅ​វិញ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ ហើយ​ភ្នាក់ងារ​យើង​បាន​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​របស់​ជន​បង្ក​បាន​ច្បាស់​ហើយ​គឺ​មានឈ្មោះ មាស សុខ​ហេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ​ដៃ ស្នាក់​នៅផ្ទះ​លេខ​១១១ ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា សង្កាត់​ចក្រ​អង្រែ​ក្រោម ខណ្ឌមានជ័យ​។ បច្ចុប្បន្ន​ជន​បង្ក​រូប​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ សូ​វៀត​៕