សង្គ្រោះដំរីព្រៃមួយហ្វូងធ្លាក់ចូលក្នុងរណ្តៅគ្រាប់អាបេ
ខេត្តមណ្ឌលគិរី ៖ ដំរីព្រៃមួយហ្វូងមានមេមានកូន បានរអិលធ្លាក់ចូលក្នុងរណ្តៅមួយជម្រៅប្រមាណ៣ម៉ែត្រកាលពីថ្ងៃទី២៥ ខែមីនា ធ្វើឱ្យអ្នកស្រុកមាន
ខេត្តមណ្ឌលគិរី ៖ ដំរីព្រៃមួយហ្វូងមានមេមានកូន បានរអិលធ្លាក់ចូលក្នុងរណ្តៅមួយជម្រៅប្រមាណ៣ម៉ែត្រកាលពីថ្ងៃទី២៥ ខែមីនា ធ្វើឱ្យអ្នកស្រុកមាន
ខេត្តមណ្ឌលគិរី ៖ ដំរីព្រៃមួយហ្វូងមានមេមានកូន បានរអិលធ្លាក់ចូលក្នុងរណ្តៅមួយជម្រៅប្រមាណ៣ម៉ែត្រកាលពីថ្ងៃទី២៥ ខែមីនា ធ្វើឱ្យអ្នកស្រុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ក្រោយពីជាប់ផុងក្នុងល្បាប់ភក់អស់ជាច្រើនម៉ោង ទើបមន្ត្រីបរិស្ថាននិងអ្នកស្រុកនៅជិតកន្លែងកើតហេតុបានដឹង និងជួយសង្គ្រោះហ្វូងដំរីទាំងនោះឲ្យងើបចេញពីរណ្តៅដែលមានល្បាប់ភក់នោះបាន ។
ជាការកត់សម្គាល់ ការសង្គ្រោះហ្វូងដំរីព្រៃនេះ បានប្រើពេលវេលាអស់ជិត១០ម៉ោងនិងជាប្រតិបត្តិការលើកដំបូងសម្រាប់មន្ត្រីជំនាញខាងវិស័យព្រៃឈើ សត្វព្រៃ នៅប្រទេសកម្ពុជា ដែលកម្រកើតមាន ក្នុងការជួយស្រោចស្រង់ជីវិតដំរីចំនួន១១ក្បាលទាំងធំនិងតូចពីក្នុងណ្តៅមរណៈ ។
នៅកន្លែងកើតហេតុ គេសង្កេតឃើញមានអ្នកស្រុកក្មេងចាស់ប្រុសស្រីរាប់សិបនាក់ឈរត្រៀបត្រាជុំវិញមាត់រណ្តៅគ្រាប់បេ៥២ ដែលតាមអ្នកស្រុកនិយាយថា ជារណ្តៅបន្សល់ទុកតាំងពីសម័យសង្គ្រាមនាដើមទសវត្សរ៍ឆ្នាំ៧០ដើម្បីតាមដានមើលសកម្មភាពជួយសង្គ្រោះដំរីដ៏កម្រ ដែលកំពុងរស់នៅទាំងភិតភ័យក្នុងដែនជម្រកសត្វព្រៃកែវសីមា ។
ក្រុមមន្ត្រីនិយាយថា បន្ទាប់ពីទទួលបានព័ត៌មានថា មានហ្វូងដំរីដើរធ្លាក់ក្នុងរណ្តៅគ្រាប់បេ៥២ មន្ត្រីបរិស្ថានដែលទទួលភារកិច្ចបន្តការងារពីរដ្ឋបាលព្រៃឈើ និងដើម្បីការពារ ថែរក្សានិងអភិរក្សព្រៃឈើ សត្វព្រៃ ក្នុងខេត្តមណ្ឌលគិរី បានរូតរះចេញដំណើរពីស្នាក់ការធ្វើការ ក្នុងដៃប្រដាប់ដោយចប ប៉ែល និងដែកស្បែងជាច្រើនដើម ដើម្បីសហការជាមួយអ្នកស្រុក ជួយកាប់កាយដីមាត់រណ្តៅឲ្យទាបងាយស្រួលដល់ដំរីអាចឡើងមកមាត់រណ្តៅបាន ។
ក្រោមការខិតខំប្រឹងជីកកកាយដីពីសំណាក់មន្ត្រីឧទ្យានុរក្ស និងអ្នកស្រុកតាំងពីវេលាថ្ងៃត្រង់ ថ្ងៃទី២៥ ខែមីនា រហូតដល់វេលាម៉ោង៣និង៣០នាទីរសៀល ច្រកផ្លូវដ៏សមល្មមមួយសម្រាប់ដំរីដើរឡើងមកមាត់រណ្តៅត្រូវបានជីករួចរាល់ ហើយដំរីចំនួន១០ក្បាលក៏បានប្រវេប្រវាឡើងចេញពីរណ្តៅភក់មរណៈនោះក្រោយពីមានការបាញ់ទឹកចូលរណ្តៅ ដើម្បីឲ្យភក់លែងស្អិតអាចឱ្យដំរីរើខ្លួនរួច ។ អ្វីដែលជាការកត់សម្គាល់ គឺគេឃើញដំរីគ្នាវាក៏បានជួយរុញគូទឱ្យដំរីក្នុងហ្វូងរបស់ខ្លួនអាចឡើងរួចដែរ។ ប៉ុន្តែដោយសារពួកវាជាប់ក្នុងរណ្តៅយូរពេក ទើបបណ្តាលឲ្យមានការហេវហត់អស់កម្លាំងយ៉ាងខ្លាំង ហើយបើកុំតែមានមនុស្សជួយបាញ់ទឹកឲ្យម្ល៉េះពួកវាអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតទាំងហ្វូងផងក៏មិនដឹង ។
យ៉ាងណាក៏ដោយ ការជួយសង្គ្រោះដំរីព្រៃមួយហ្វូងនេះ មិនបានបញ្ចប់ត្រឹមម៉ោង៣រសៀលនោះទេ ដ្បិតកូនដំរីតូចជាងគេមួយក្បាលមិនអាចឡើងរួច ដូច្នេះគេត្រូវបន្តកាយដីធ្វើផ្លូវម្តងទៀតរហូតដល់ម៉ោង៦ល្ងាចថ្ងៃដដែល ដើម្បីឲ្យកូនដំរីកម្សត់ដែលនៅសល់១ក្បាលអាចងើបចេញពីរណ្តៅភក់មរណៈបាន ហើយប្រតិបត្តិជួយសង្គ្រោះគ្រួសារដំរីបានបញ្ចប់ជាស្ថាពរ ។
សូមរំឭកថា ដំរីចំនួន១១ក្បាលនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា បានដើររអិលធ្លាក់ ចូលក្នុងរណ្ដៅភក់កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ ខែមីនា ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។ ក្រោយមានហេតុការណ៍នេះកើតឡើង លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ទៅជួយសង្គ្រោះដំរីទាំង១១ក្បាលនោះ ។
រហូតមកដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែល ក្រុមការងារមន្ទីរបរិស្ថានខេត្ត ដឹកនាំដោយលោក កែវ សុភគ៌ បានជីករណ្ដៅដើម្បីជួយសង្គ្រោះដំរីទាំង១១ក្បាលនោះបានដោយសុវត្ថិភាពចំនួន១០ក្បាលហើយ ហើយដំរីទាំងនោះក្រោយពីសង្គ្រោះបានហើយក៏នាំបោលចូលទៅក្នុងព្រៃវិញអស់ទៅ ។ លុះមកដល់ម៉ោងប្រមាណ៦ល្ងាច គឺ១ម៉ោងក្រោយមកទៀត កូនដំរី១ក្បាលចុងក្រោយក៏ត្រូវជួយសង្គ្រោះបានជាស្ថាពរដែរ ។
សូមបញ្ជាក់ថា តំបន់ដែលមានសត្វព្រៃក្នុងខេត្តមណ្ឌលគិរី កំពុងរងការកាប់ទន្ទ្រានយកដីពីសំណាក់ជនខិលខូចអស់ជាច្រើនម៉ឺនហិកតានាទសវត្សចុងក្រោយនេះ ក្នុងនោះ
តំបន់សំខាន់ៗដែលកំពុងរងគ្រោះមានដូចជាតំបន់ដែនជម្រកសត្វព្រៃកែវសីមា តំបន់ដែនជម្រកសត្វព្រៃស្រែពក តំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃណាំលៀជាដើម ហើយគ្រាន់តែកន្លែងដែលដំរីធ្លាក់ក្នុងរណ្តៅក៏មានស្ថានភាពវាលស្រឡះអស់ហើយដែរ ។
ការធ្លាក់ដំរីព្រៃទាំងហ្វូងទៅក្នុងរណ្តៅ ប្រហែលជាពួកវាដើររកទឹកផឹកនារដូវប្រាំងនេះ ហើយក្នុងការចូលទៅសង្គ្រោះហ្វូងដំរីនោះ គឺមិនមានផ្លូវអាចបើករថយន្តចូលទៅបានឡើយ ព្រោះជាដីវាលកណ្តាលព្រៃ ។ កាលពីថ្ងៃទី២៥ ខែមីនានោះដែរ សាធារណមតិដែលបានតាមដានព័ត៌មានតាមហ្វេសប៊ុក បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមអ្នកសង្គ្រោះជីវិតហ្វូងដំរី ហើយនេះជាការបង្ហាញពីមោទនភាពមួយក្នុងការគាំពារសត្វព្រៃដ៏កម្រដែលកំពុងប្រឈមនឹងការដាច់ពូជ ខណៈដែលការកាប់បំផ្លាញព្រៃឈើហាក់គ្មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនោះ ៕
ចែករំលែកព័តមាននេះ