រាជធានីភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿង ដែលម្ចាស់ចតទុកនៅមុខផ្ទះ ហើយបានចូលទៅសម្រាន្តលង់លក់ ត្រូវចោរលួចយកទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង១២និង៤០រំលងអធ្រាត្រឈានចូល ថ្ងៃទី២៧ មីនា ស្ថិតនៅក្បែរទីស្នាក់ការភូមិទ្រា៤ ផ្ទះលេខ១៣១៨ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ម្ចាស់រថយន្តឈ្មោះ ហួត នី ភេទប្រុស អាយុ៥៥ឆ្នាំ ប្រកបរបរបើករថយន្តដឹកបន្លែលក់ មានប្រពន្ធឈ្មោះ ទំ ហេន អាយុ៥៩ឆ្នាំ មុខរបរលក់បន្លែ ស្នាក់នៅផ្ទះលេខ១៣១៨ ផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែករថយន្តដែលត្រូវចោរលួចយកទៅនោះម៉ាកសាំយ៉ុងធុន១៥កៅអី ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខភ្នំពេញ ២X-៣៣៤១ ។
តាមសម្ដីម្ចាស់រថយន្ដបាននិយាយថា នៅវេលាព្រឹកមុនពេលកើតហេតុ រូបគាត់បានយករថយន្តទៅដឹកបន្លែយកមកលក់នៅផ្សារលូប្រាំរួចហើយគាត់បានបើករថយន្តមកចតទុកនៅមុខផ្ទះ ដោយបានយកភួយមកគ្រប់យ៉ាងត្រឹមត្រូវ ។ លុះដល់យប់ឡើងពួកគាត់ព្រមទាំងកូនចៅ បានចូលទៅសម្រាកក្នុងផ្ទះលង់លក់អស់រហូតដល់ម៉ោងកើតហេតុខាងលើ ពួកគាត់ទាំងកូនទាំងចៅ ស្រាប់តែឮសំឡេងបញ្ឆេះរថយន្ត ពេលបើកទ្វារផ្ទះចេញមកមើល ស្រាប់តែឃើញរថយន្តរបស់គាត់ ត្រូវគេបើកយកទៅចម្ងាយប្រមាណជា៥០ម៉ែត្រ ។ ពេលនោះ ពួកគាត់បានស្រែកថាចោរៗ ផ្អើលអស់អ្នកជិតខាងចេញមក និងបានទាញម៉ូតូជិះដេញតាម តែរថយន្តបើកលឿនពេកធ្វើឲ្យពួកគាត់មិនដឹងថារថយន្តបើករត់ទៅផ្លូវណាឱ្យប្រាកដនោះទេ ។
ពេលនោះ គ្រួសារគាត់បានជិះម៉ូតូ៣គ្រឿងស្វែងរករថយន្ត តែរកមិនឃើញសោះ ។ ដោយអស់សង្ឃឹមក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដើម្បីជួយស្រាវជ្រាវរករថយន្តរបស់គាត់មកវិញ ។ ជាការគួរឱ្យស្ដាយបើរថយន្ដបង្កប់ប្រព័ន្ធGPS ប្រហែលចោរលួចមិនបាននោះឡើយ ៕
ចែករំលែកព័តមាននេះ