ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រមាញ់​ចោរប្លន់​ប្រដាប់​អាវុធ​ចាប់​បាន​2​នាក់

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ចោរប្លន់​ម៉ូតូ​ដែល​តែងតែ​ធ្វើ​សកម្មភាព​នៅ​តាម​បណ្តា​ខេត្ត​នានា ពេល​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពត និង​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ចោរប្លន់​ម៉ូតូ​ដែល​តែងតែ​ធ្វើ​សកម្មភាព​នៅ​តាម​បណ្តា​ខេត្ត​នានា ពេល​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពត និង​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​២៥ ខែមីនា​កន្លង​មកនេះ បាន​បើក​ប្រតិបត្តិការ​តាម​បង្ក្រាប​ក្រុម​ជនល្មើស​ទាំងនោះ​បាន​២​នាក់​ជា​បន្តបន្ទាប់ ។ ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​គឺ​បន្ទាប់​ពី​ជនល្មើស​បាន​ប្លន់​ម៉ូតូ​ពី​អ្នកស្រុក​មួយ​គ្រឿង​នៅ​ភូមិ​តា​យុង ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ។

តាម​នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ថា ក្រោយ​ពី​ក្រុម​ចោរ​ទាំងនោះ​បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​ពី​ជន​រង​គ្រោះ​នៅ​ស្រុក​ភ្នំស្រួច​បាន​ហើយ ពួក​គេ​ក៏​ជិះ​ម៉ូតូ​នោះ​សំដៅ​ទៅ​ខេត្តកំពត ។ ក្រោយ​ទទួល​បាន​ព័ត៌មាន​អំពី​ករណី​ប្លន់​ខាងលើ កម្លាំង​នគរបាល​ខេត្តកំពត បាន​ចេញ​ស្ទាក់​ក្នុងភូមិ​សាស្ត្រ​ជាប់​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ ស្រាប់តែ​ជនល្មើស​ហាក់ដូចជា​ដឹងខ្លួន​មុន ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ខេត្តកំពង់ស្ពឺ​វិញ​តាម​ផ្លូវជាតិ​លេខ​៤១ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ខាង​ខេត្តកំពង់ស្ពឺ​ចាប់​បាន​នៅ​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ។

តាម​មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា ជនល្មើស​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​នៅ​ខេត្តកំពង់ស្ពឺ​ឈ្មោះ ម៉ៅ គឹ​ម​អេ​ង ហៅ​ច​ន អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ក្នុងភូមិ​មាន​ជ័យ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច មានស្រុក កំណើត​នៅ​ភូមិ​ចំលង​ជ្រៃ ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។ ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​ដកហូត​ម៉ូតូ​របស់​ជន​រង​គ្រោះ​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ដែល​ប្លន់​បាន​នោះ​ម៉ាក​ហុងដា​ធុន​C125 ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ 1H-6919 ដែល​មាន​ម្ចាស់​ឈ្មោះ​ផាត សា​រឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​រស់នៅ​ក្នុងភូមិ​តា​យ៉ុ​ង ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ កម្លាំង​នគរបាល​បាន​សហការ​ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ង៉េ​ង ជួ និង​លោក​ឧត្តមសេនីយ៍ទោ ឡឹ​ក វណ្ណៈ ចាប់​បាន​គូកន​ម្នាក់​ទៀត ដែល​កំពុង​យក​ម៉ូតូ​ទៅ​លក់​នៅ​ភ្នំពេញ នៅ​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​។ ជនសង្ស័យ​ទី​២​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ​ចាន់ រ័​ត្ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បណ្តោះអាសន្ន នៅ​ភូមិ​មាន​ជ័យ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មានស្រុក​កំណើត​នៅ​ភូមិ​កោះ​តា​ចាន់ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​ដកហូត​បាន​ម៉ូតូ​ដែល​ក្រុម​ជនល្មើស​តែងតែ​ជិះ​ធ្វើ​សកម្មភាព​បាន​១​គ្រឿង ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ 1AK-4747 ភ្នំពេញ ដែល​ជិះ​ធ្វើ​សកម្មភាព​កន្លង​មក​នៅ​ខេត្តកំពត​និង​តាម​បណ្តា​ខេត្ត​នានា​នោះ ។ ក្រោយ​ការ​ចាប់ខ្លួន នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​នាំ​ជនសង្ស័យ​ទៅ​យក​អាវុធ ដែល​បាន​លាក់​ទុក​ផង​ដែរ​គឺ​កាំភ្លើងខ្លី​១​ដើម ។ វត្ថុ​តាម​រួម​នឹង​ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​នាំ​ទៅ​សួរនាំ​បន្ត​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ។

ស្តាប់​ការ​សារភាព​របស់​ជនសង្ស័យ

ខេត្តកំពត ៖ មុខសញ្ញា​ចោរប្លន់​ដ៏​សកម្មនៅ​ក្នុង​ខេត្ត​ចំនួន​៣​មាន ខេត្តកំពត ខេត្តកំពង់ស្ពឺ និង​ខេត្ត​កែប ចំនួន​២​នាក់ បាន​ត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​ក្រសួងមហាផ្ទៃ សហការ​ជាមួយស្នងការដ្ឋាន​នគរបាល​ខេត្តកំពត និង​ខេត្តកំពង់ស្ពឺ ស្រាវជ្រាវ​ចាប់ខ្លួន​បាន ហើយ​ក្រោយ​ពី​សួរ​ចម្លើយ​ពេញ​មួយ​យប់ ជនសង្ស័យ​បាន​សារភាព​ថា ធ្លាប់​ប្លន់​៩​ដង បាញ់​សម្លាប់​ជន​រង​គ្រោះ និង​យក​បានទ្រព្យ​សម្បត្តិ​យ៉ាងច្រើន​នា​ពេល​កន្លង​មក ។

លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត ថ្លែង​ថា ក្រោយ​ពី​សួរ​ចម្លើយ​ពេញ​មួយ​យប់ ក្រុម​ចោរប្លន់​នៅ​ខេត្តកំពត និង​ខេត្ត​កែប ដែល​បង្ក្រាប​បាន​កាលពី​ថ​ទី​២៥ ខែមីនា សារភាព​ថា ពួក​គេ​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​ចំ​នយន​៩​លើក តាំងពី​ឆ្នាំ​២០១៤​មក ។ លោក​ឧត្តមសេនីយ៍​ស្នងការ បាន​ប្រាប់​លម្អិត​ថា ៖

លើក​ទី​១-​នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៤ ប្លន់​ផ្ទះ​ឈ្មោះ អេ​ង សេង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​បុគ្គលិក​បណ្តែត​ពេទ្យ​៣១៧​តេ​ជោ​អភិវឌ្ឍន៍ និង​ប្រពន្ធ​ឈ្មោះ ទៀង សា​រិ​ន អាយុ​៥៥​ឆ្នាំ ជា​បុគ្គលិក​ពេទ្យ​៣១៧ នៅ​ភូមិ​តេ​ជោ ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ។ ពេល​នោះ​បាន​កាប់​ឈ្មោះ អេ​ង សេង ជា​ប្តី ចំនួន​៩​ពូថៅ​បណ្តាល​ឲ្យ​ស្លាប់​នៅ​ក្បែរ​ជញ្ជាំង​ក្រៅ​ផ្ទះ រីឯ​ប្រពន្ធ​ឈ្មោះ ទៀង សា​រិ​ន របួសធ្ងន់ ។
លើក​ទី​២-​នៅ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៥​ប្លន់​ផ្ទះ​អ្នក​ដូរ​លុយ​នៅ​ផ្សា​រលក ក្នុងភូមិ​លក ឃុំ​ប្ញ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ។
លើក​ទី​៣-​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៥ ប្លន់​នៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ។
លើក​ទី​៤-​នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ប្លន់​ម៉ូតូ​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ក្បែរ​ព្រំប្រទល់​ក្រុង​កំពត​និង​ស្រុក​ទឹកឈូ ក្នុងភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ។ ជន​រង​គ្រោះ​ឈ្មោះ វង្ស សៀ​ក ភេទ​ស្រី អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​រលួស ឃុំ​បឹង​ទូក បាញ់​របួស​កំភួនដៃ​ឆ្វេង​ធ្លាយ និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ អុ​ិ​ន ក្រូច ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​រលួស ឃុំ​បឹង​ទូក របួស​ថ្ងាស​និង​ក្បាល ដោយ​ត្រូវ​ពួក​គេ​កាប់​នឹង​ពូថៅ ។
លើក​ទី​៥-​នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ ប្លន់​សម្លាប់​នៅ​ភូមិ​អង្គ្រង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ។ ជន​រង​គ្រោះ​ឈ្មោះ ភឹ​ម ខន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជា​ជន​ពិការ​ជើង ផ្ទះ​នៅ​ភូមិ​ធ្នង់ ឃុំ​ប្ញ​ស្សី​ស្រុក​ខាងកើត ស្រុក​កំពង់ត្រាច មាន​ដីស្រែ​និង​ដី​ភូមិ​នៅ​ភូមិ​អង្គ្រង ដោយ​វាយ​និង​កាប់​បណ្ដាល​ស្លាប់​នៅ​នឹង​កន្លែង​។ រីឯ​កូនស្រី​បាន​វាយ​ឲ្យ​របួសធ្ងន់ និង​ចង​ភ្ជាប់​ជាមួយ​សព​ឪពុក ។
លើក​ទី​៦-​នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៧ ប្លន់​ម៉ូតូ​របស់​ឈ្មោះ លាង ឡេ​ង​ប៉ុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ។
លើក​ទី​៧-​នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៧ ប្លន់​ម៉ូតូ​នៅ​មុខ​មណ្ឌល​សុខភាព ប៊ុ​ន​រ៉ា​នី ហ៊ុន សែន ក្នុងភូមិ​តេ​ជោ​អភិវឌ្ឍន៍ ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ដោយ​បាញ់​ទៅ​លើ​ជន​រង​គ្រោះឈ្មោះ ថោ​ង ប៊ុ​ន​ធិ​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ត្រូវ​គល់ភ្លៅ​ខាងស្ដាំ ។
លើក​ទី​៨-​នៅ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៧ ប្លន់​ម៉ូតូ​នៅ​ផ្លូវលំ​ក្រួស​ក្រហម​ចេញពី​ផ្លូវ​បេតុង រោងចក្រ​ស៊ីម៉ង់ត៍ K-Cement ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ក្រាំង​ដូង ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស ដោយ​បាញ់​៣​គ្រាប់ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ឈ្មោះ ពៅ ដេ​វ៉ា ត្រូវ​ពោះ​របួសធ្ងន់ ។
លើក​ទី​៩-​នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៧ ប្លន់​នៅ​តាម​ផ្លូវលំ​ជាប់ជើង​ភ្នំ​ត្នោត ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង ឃុំ​តា​កែន ស្រុក​ឈូក ។ ជន​រង​គ្រោះ​ឈ្មោះ រុំ រ៉ុ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ទួល ឃុំ​ល្បើក ស្រុក​ឈូក ដោយ​បាន​បាញ់​ជន​រង​គ្រោះ​១​គ្រាប់​របួស​ត្រគាក​ឆ្វេង​បៀម​គ្រាប់ ។

លោក​ឧត្តមសេនីយ៍​ស្នងការ បាន​បញ្ជាក់​ថា «​កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ យើង​បាន​ចាប់​ជនសង្ស័យ​ឈ្មោះ លឹ​ម ភី អាយុ​៣៧​ឆ្នាំ ជា​គូកន​របស់​ក្រុម​ចោរ​នេះ បច្ចុប្បន្ន​កំពុង​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​»​។

លោក​បន្ត​ថា ក្រោយ​ពី​បង្ក្រាប​បាន កម្លាំងសមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​មាន​កាំភ្លើងខ្លី​១ដើម​ម៉ាក​កា​៥៩ បង់​១ និង​គ្រាប់​៩​គ្រាប់ ម៉ូតូហុងដា​ឌ្រី​ម​សេ​១២៥ ស៊េ​រី​ឆ្នាំ​២០០៩ មួយ​គ្រឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១AK-៤៧៤៧ដែល​លោក​ឧត្តមសេនីយ៍ទោ ឡឹ​ក វណ្ណៈ និងលោក​ឧត្តមសេនីយ៍ទោ ង៉េ​ង ជួរ អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ដឹកនាំ​ចាប់​យក​វត្ថុ​តាង​ទាំងនេះ​បាន ។ រីឯ​ម៉ូតូ​ដែល​ប្លន់​នៅ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៧ រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ។

លោកស្នងការ​ថ្លែង​ទៀត​ថា បក្សពួក​ចោរប្លន់​២​នាក់​ដែល​បង្ក្រាប​បាន​នៅ​ពេល​នេះ ម្នាក់ឈ្មោះ ម៉ៅ គឹ​ម​អេ​ង ហៅ ច​ន មាន​ដីកាចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តកំពត ករណី​ប្លន់​សម្លាប់ កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​អង្គ្រង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច និង​ម្នាក់​ទៀត​ឈ្មោះ ចាន់ រ័​ត្ន មាន​ដីកាចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តកំពត ករណី​ប្លន់​សម្លាប់ កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៤ នៅ​ភូមិ​តេ​ជោ​អភិវឌ្ឍន៍ ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ ខេត្តកំពត និង​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​សហការ​គ្នា​តាម​ចាប់ខ្លួន​បាន​ម្នាក់​នៅ​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បន្ទាប់​ពី​ប្លន់​ម៉ូតូ​របស់​អ្នកស្រុក​នៅ​ស្រុក​ភ្នំស្រួច និង​ម្នាក់​ទៀត​ចាប់ខ្លួន​បាន​នៅ​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ៕