ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ច្រាំង​ទន្លេទៀតហើយ ពលរដ្ឋ​ចោទ​ថា​មក​ពី​បូម​ខ្សាច់ តែ​មន្ត្រី​ជំនាញ​ថា​មក​ពី​ចរន្តទឹក​បុក

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ លំនៅ​ឋាន​១​ខ្នង​នៅ​ជាប់ច្រាំង​ទន្លេបាសាក់ ខាងជើង​វត្ត​ឈូង​លៀបស្ថិត​ក្នុងភូមិ​កោះគ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង មាន​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ

ខេត្តកណ្តាល ៖ លំនៅ​ឋាន​១​ខ្នង​នៅ​ជាប់ច្រាំង​ទន្លេបាសាក់ ខាងជើង​វត្ត​ឈូង​លៀបស្ថិត​ក្នុងភូមិ​កោះគ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង មាន​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ ធ្វើ​អំពី​ឈើ ជញ្ជាំង​ស័ង្កសី ដំបូល​ស័ង្កសី បាន​បាក់​ចូល​ទៅ​ក្នុងទន្លេបាសាក់ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៥ ខែមីនា និង​៩​ខ្នង​ផ្សេង​ទៀត​កំពុង​ទទួល​រង​ការ​គំរាមកំហែង​នៃ​គ្រោះ​បាក់​ដី​ច្រាំង​ទន្លេ​នេះ ហើយ​កំពុងធ្វើការ​រុះរើ​ជា​បន្ទាន់ ។

ទោះជា​យ៉ាងណា ករណី​បាក់​ច្រាំង​ទន្លេ​នេះមិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​និង​សត្វ​ទេ ។ អ្នក​ភូមិ​បាន​ចោទប្រកាន់​ថា ការ​បាក់​ច្រាំង​ទន្លេ នេះ​បណ្តាល​មក​ពី​ការ​បូម​ខ្សាច់​នៅ​ក្បែរ​ច្រាំង​ពេក ដែល​មានផ្ទះ​អ្នក​ភូមិ​នៅ​ទីនោះ ។ ផ្ទះ​ដែល​បាក់​ចូល​ក្នុង​ទន្លេ និង​ផ្ទះ​៩​ខ្នង​ដែល​បាន​រុះរើ គឺ​សុទ្ធតែ​ជា​ផ្ទះ​ឈើ ប្រក់ស​ង្ក័​សី​ទាំងអស់ ។

អ្នក​ភូមិ​ដែល​រង​គ្រោះ​និយាយ​ថា នេះ​អាច​ចាត់ទុកជា​សំណាងល្អ ដែល​ការ​បាក់​ច្រាំង​ទន្លេ​កើតឡើង​ពេល​ថ្ងៃ​អាច​បានដឹង​មុន បើ​ពេល​យប់​វិញ​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​មិន​ខាន​ឡើយ ហើយ​ក៏​មិន​អាច​រុះរើ​ផ្ទះ​បាន​ទាន់​ពេល​ដែរ ។

អ្នក​ភូមិ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពួក​គាត់​ទាំងអស់​គ្នា​ជា​ពលរដ្ឋ​ក្រីក្រ មក​សង់ផ្ទះ​តៀម​តូច​ៗ​ជាប់​ច្រាំង​ទន្លេ​យូរហើយ ។ រយៈពេល​ជាង​២​ខែ​មកនេះ មាន​ក្រុមហ៊ុន​បូម​ខ្សាច់​មួយ​មក​ធ្វើ​សកម្មភាព​បូម​ឡើង​រញ្ជួយ​ដី ដោយ​បូម​ខ្សាច់​ឡើង​ទៅ​ខាងលើ​នៅ​ចំណុច​កើតហេតុ ហើយ​ពេល​ទូក​បូម​ខ្សាច់​ចេញចូល ស្លាបចក្រ​បាន​ខួង​ដី​កាន់តែ​ជ្រៅ​ខ្លាំង​ឡើង​ៗ ទើប​បណ្ដាល​ឱ្យ​បាក់​ច្រាំង​បែប​នេះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា​នោះ គេ​បានឃើញ​ដី​ប្រេះ លុះដល់​ថ្ងៃ​ល្ងាច​ក៏​បាន​បាក់​ដី និង​នាំ​យក​ផ្ទះ​មួយ​ខ្នង​ចូល​ក្នុង​ទន្លេបាសាក់​តែ​ម្ដង ហើយ​ដី​ក៏​នៅ​តែ​បន្ត​ប្រេះ​បន្តិច​ម្ដង​ៗ​ទៀត ទើប​ម្ចាស់ផ្ទះ​៩​ខ្នង​ទៀត​សម្រេចចិត្ត​ធ្វើការ​រុះរើ​ជា​បន្ទាន់ ដោយ​មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ជួយ​រុះរើ​ផង​ដែរ ។ លុះ​បាន​តែ​មួយ​យប់ ច្រាំង​ដែល​រុះរើ​ផ្ទះ​ចេញ បាន​បន្ត​បាក់​ទៀត​ដែល​មាន​ចម្ងាយបាក់​ដី​ប្រមាណ​១០​ម៉ែត្រ និង​បណ្ដោយ​ប្រមាណ​២០​ម៉ែត្រ ជិត​ដល់​ចិញ្ចើម​ផ្លូវជាតិ​លេខ​២១A ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា មន្ត្រី​អាជ្ញាធរ ស្រុក ខេត្ត និង​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ។ លោក ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ពន្យល់​ប្រាប់​ពលរដ្ឋ​រង​គ្រោះ​ថា ចំណុច​ដែលបាក់​ច្រាំង​នេះ​មិន​មានការ​បូម​ខ្សាច់​ពី​បាតទន្លេ​ទេ មាន​តែ​បូម​ពី​ទូក​កាណូត​ឡើង​មក​លើ​ច្រាំង ដែល​វា​មិន​ប៉ះពាល់​ដល់​ច្រាំង​ទន្លេ​ឡើយ ។ លោកនឹង​ឲ្យ​ផ្អាក​ការ​បូម​ខ្សាច់​ឡើង​ចេញពី​ទូក​នៅ​ទី​នេះ​សិន ដើម្បី​ឱ្យ​ខាង​មន្ត្រី​ជំនាញ​មក​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​មូលហេតុ​បាក់​ច្រាំង​នេះ​ថា តើ​វា​បណ្តាល​មក​ពី​អ្វី​ពិតប្រាកដ ។

លោក​រដ្ឋលេខាធិការ បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ការ​បាក់​គឺ​ដោយសារ​តែ​ចរន្ត​ខ្សែទឹក​ហូរ​បុក​មក​ចំ​កន្លែង​នេះ ដែល​មាន​ដី​លយ​ចូល​ក្នុង​ទន្លេ ហើយ​ទឹក​ហូរ​បុក​ច្រោះ​ពីក្រោម ។ ម្យ៉ាងទៀត ដី​នៅ​ចំណុច​នេះ​ជា​ដី​ល្បាយ​និង​សើម​ថែម​ទៀត ។ កន្លែង​បូម​ខ្សាច់​ដាក់​ទូក​កាណូត​នៅ​ខាងលើ និង​ខាងក្រោម​ឆ្ងាយ​ពី​កន្លែង​បាក់​ដី​នេះ ដែល​ខាង​ក្រសួង​បាន​បោះ​ពោង​ត្រឹមត្រូវ​ឱ្យ​ក្រុម​ហ៊ុន​បូម​ខ្សាច់ ដើម្បី​ស្ដារ​ទន្លេ និង​បញ្ចៀស​បញ្ហា​បាក់​ច្រាំង​នេះ ។ នា​ពេល​នោះ លោក​រដ្ឋលេខាធិការ ឌិ​ត ទីណា និង​ក្រុមការងារ​គណៈ​ពង្រឹង​ស្រុក​ស្អាង បាន​ផ្ដល់​ថវិកា​មួយ​ចំនួន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ការ​បាក់​ច្រាំង​នេះ ៕