ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​បង្កើន​ថវិកា​ដល់​3​ប៊ី​លាន​ដុល្លារ​ដើម្បី​សាងសង់​ទីក្រុង​រណប​ជ្រោយចង្វា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន OCIC គ្រោង​បង្កើន​ថវិកា​រហូត​ដល់​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​វិនិយោគ​ទីក្រុង​រណប​ជ្រោយចង្វា ដែល​ស្ថិត​នៅ​លើ​ផ្ទៃដី​ជាង​២០០​ហិ​កតា។

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន OCIC គ្រោង​បង្កើន​ថវិកា​រហូត​ដល់​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​វិនិយោគ​ទីក្រុង​រណប​ជ្រោយចង្វា ដែល​ស្ថិត​នៅ​លើ​ផ្ទៃដី​ជាង​២០០​ហិ​កតា។

អគ្គនាយករង​ក្រុមហ៊ុន OCIC លោក ទូច សំណាង បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មីនា ម្សិលមិញ​ថា ទីក្រុង​រណប​នេះ​គ្រោង​បង្កើន​ថវិកា​ពី​១.៦០០​លាន ដល់​៣​ពាន់​លាន​ដុល្លារ​ដើម្បី​វិនិយោគ​លើ​គម្រោង​ទីក្រុង​រណប​នេះ ដែល​ជំហាន​ដំបូង ក្រុមហ៊ុន​នឹង​សាងសង់​សាល​ពិព័រណ៍ និង​សាល​សម្រាប់​រៀបចំ​អាពាហ៍ពិពាហ៍ មុន​ចាប់ផ្តើម​គម្រោង​អភិវឌ្ឍន៍​ផ្សេង​ៗ​ទៀត ។ លោក​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ ការ​សាងសង់​ផ្លូវ​មេ​កាត់​ចំ​កណ្តាល​ទីក្រុង​រណប​នេះ​បាន​បញ្ចប់​ហើយ នៅ​សល់​តែ​ការ​ចាក់​កៅស៊ូ​បេ​ទី​ម​ខ្លះ​ៗ​ប៉ុណ្ណោះ ចំណែក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ទៀត​កំពុង​តែ​សាងសង់ ។

តាម​គម្រោង​ក្រុមហ៊ុន OCIC នឹង​សាងសង់​ស្ពាន​ថ្មី​មួយទៀត​ចេញពី​តំបន់​ជាប់​ផ្លូវជាតិ​លេខ​៥ ទៅ​កាន់​ទីក្រុង​រណប​នេះ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ ។

លោក ទូច សំណាង បន្ត​ថា គម្រោង​សាងសង់​ទីក្រុង​រណប​នេះ នឹង​ចំណាយ​រយៈពេល​សាងសង់​ចំនួន​២០​ឆ្នាំ ទើប​អាច​បញ្ចប់​គម្រោង​ទាំងមូល ហើយ​ផែនការ​លម្អិត​របស់​គម្រោង​នេះ មិន​ទាន់​បញ្ចប់​ជាក់លាក់​នៅឡើយ​ទេ ។

ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​និយាយ​ស្រ​ដៀង​គ្នា​ថា ទីក្រុង​រណប​នេះ​មាន​ទីតាំង​ដ៏​ល្អ និង​ជា​តំបន់​មាន​សក្តានុពល​សម្រាប់​អភិវឌ្ឍន៍ ដោយសារ​ទីក្រុង​រណប​នេះ​មា​នទី​តាំងនៅ​ជិត​កណ្តាល​រាជធានី​ភ្នំពេញ ជា​តំបន់​មាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ ដោយ​មាន​ទន្លេមេគង្គ និង​ទន្លេសាប​ព័ទ្ធ​ជុំវិញ ព្រមទាំង​ផ្លូវជាតិ​សំខាន់​ៗ​ភ្ជាប់​ជាមួយ​ផង​ដែរ ដូច​ជា ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៦ ។

លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ថ្លែង​ថា ការ​សាងសង់​ស្ពាន​ថ្មី​មួយ​ចេញពី​ផ្លូវជាតិ​លេខ​៥ ទៅ​កាន់​តំបន់​ជ្រោយចង្វា នឹង​ធ្វើ​ឲ្យ​ដីធ្លី​នៅ​តំបន់​នោះ​ឡើងថ្លៃ​បន្ថែម​ទៀត ជា​ពិសេស លើក​ស្ទួយ​ការ​អភិវឌ្ឍ​នៅ​តំបន់​នោះ​កាន់តែ​រស់​រវើក បន្ថែម​លើ​សក្តានុពល​ដែល​មាន​ស្រាប់ ដូច​ជា ជា​តំបន់​មាន​អាកាសធាតុ​ល្អ​ដោយសារ​មាន​ទន្លេ​អម​សងខាង មានការ​ត​ភ្ជាប់​ស្ពាន​ជ្រោយចង្វា​ភ្លោះ ដែល​បាន​ជួយ​លើកកម្ពស់​មុខមាត់ និង​អចលនទ្រព្យ​នៅ​តំបន់​នេះ​រួច​ទៅ​ហើយ ។

លោក​បន្ត​ថា ៖ « គម្រោង​ទីក្រុង​រណប​ជ្រោយចង្វា​នឹង​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​កម្រិត​នៃ​ភាព​ជោគជ័យ វា​អាស្រ័យ​លើ​ទំហំ​គម្រោង និង​រយៈពេល​នៃ​ការ​បញ្ចប់​គម្រោង​នេះ » ។

លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ ថ្លែង​ថា ការ​សាងសង់​ស្ពាន​នៅ​តំបន់ មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​មុខមាត់​តំបន់​នេះ​ទេ ប៉ុន្តែ​ជា​ការ​ជួយ​សម្រួល​លំហូរ​ចរាចរណ៍​ចេញពី​ផ្លូវជាតិ​លេខ​៦ មក​កាន់​ផ្លូវជាតិ​លេខ​៥ កុំ​ឲ្យ​ចូល​រាជធានី​កាន់តែ​ច្រើន​ផង​ដែរ ជា​ពិសេស វា​មិន​ធ្វើ​ឲ្យ​ចរាចរណ៍​ប្រមូលផ្តុំ​តែ​មួយ​កន្លែង ដែល​នាំ​ឲ្យ​មានការ​កកស្ទះ ។

លោក​បន្ត​ថា ៖ « តំបន់​ជ្រោយចង្វា​ជា​តំបន់​លំនៅ​ឋាន ពាណិជ្ជកម្ម ដោយសារ​តំបន់​នេះ​មាន​ទីតាំង​ល្អ និង​មាន​បរិយាកាស​ល្អ​បរិសុទ្ធ​ព្រោះ​មាន​ទន្លេ​ច្រើន​នៅ​ជុំវិញ » ៕