ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​កន្លែង​ស្ល​ប្រេង​ខ្មៅ​យ៉ាង​សន្ធោសន្ធៅ ក្នុង​ខណ្ឌឫស្សីកែវ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដី​ឡូត៍​មួយ​កន្លែង​ដែល​ជា​កន្លែង​ចម្រាញ់​ប្រេង​ខ្មៅ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ក្នុង​តំបន់

រាជធានី​ភ្នំពេញ ៖ ដី​ឡូត៍​មួយ​កន្លែង​ដែល​ជា​កន្លែង​ចម្រាញ់​ប្រេង​ខ្មៅ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ក្នុង​តំបន់​រត់​ជាន់​ជើង​គ្នា​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ពន្លត់​អស់​៥​គ្រឿង​ទើប​អាច​គ្រប់គ្រង​បាន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៣ មីនា ត្រង់​ចំណុច​ដី​ឡូត៍​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ទួល​ពពែ ក្រុម​៥ សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ផ្សែងហុយ​ចេញពី​កន្លែង​ចម្រាញ់​ប្រេង​ខ្មៅ​ក្នុង​ដី​ឡូត៍​ជួល​ដែល​មាន​ទំហំ​២០​ម៉ែត្រ​គុណ​៣០​ម៉ែត្រ ។ ពេល​គេ​ផ្អើល​រត់​មក​មើល ស្រាប់តែ​ឃើញ​ភ្លើង​ក្នុង​ឡ​សម្រាប់​ស្ល​ប្រេង​ខ្មៅ​ឆេះ​យ៉ាង​សន្ធោសន្ធៅ ទោះបី​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​ទឹក​មក​បាញ់​ពន្លត់​ក៏​គ្មាន​ប្រយោជន៍​ដែរ ព្រោះ​ក្នុង​ឡ​ស្ល​ប្រេង​ខ្មៅ​នោះ​ពោរពេញ​ទៅ​ដោយ​ប្រេង​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពេល​គេ​យក​ទឹក​ទៅ​បាញ់​ធ្វើ​ឱ្យ​ភ្លើង​ឆាបឆេះ​កាន់តែ​ខ្លាំង​ឡើង ។ ឃើញ​បែប​នេះ សមត្ថកិច្ច​ដែល​មក​ដល់ទី​តាំង​កើតហេតុ​បាន​ទាក់ទង​ទៅ​កាន់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​មក​បាញ់​ពន្លត់​ចំនួន​៨​គ្រឿង តែ​ប្រើប្រាស់​អស់​តែ​៥​គ្រឿង​ភ្លើង​ក៏​បាន​រលត់​ទៅ​វិញ ដោយ​ប្រើ​រយៈពេល​មួយ​ម៉ោង ។

គួរ​បញ្ជាក់​ថា ចំពោះ​កម្មករ​ដែល​ស្នាក់​នៅ​កន្លែង​ចម្រាញ់​ប្រេង​ខ្មៅ​ខាងលើ​នេះ ពេល​ភ្លើង​ឆាបឆេះ​ឡើង​បាន​នាំ​គ្នា​រត់​ចេញ​អស់ពី​កន្លែង​កើតហេតុ ហើយ​គ្មាន​នរណា​ម្នាក់​ដឹង​អំពី​មូលហេតុ​នៃ​ការ​បង្ក​ឱ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង​នោះ​ទេ ។

បើ​តាម​លោក ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ​បាន​បញ្ជាក់​ថា ទីតាំង​ខាងលើ​នេះ​បើក​អាជីវកម្ម​ខុសច្បាប់ ហើយ​ថ្មី​ៗ​កន្លង​មក​លោក​បាន​ចាត់​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​មក​ណែនាំ​និង​ពិនិត្យ​រួច​ហើយ​ដឹង​ថា ទីតាំង​ខាងលើ​មិន​មានច្បាប់​អនុញ្ញាត​ទេ ។ នៅ​ថ្ងៃស្អែក លោក​នឹង​ប្រើ​កណ្ដាប់ដៃ​ដែក​របស់​លោក​ចុះ​បិទ​ទីតាំង​មួយ​កន្លែង​ខាងលើ​នេះ ដោយសារ​តែ​មិន​គោរព​និង​ហ៊ាន​បំពាន​ច្បាប់ ៕