ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហការគ្នា​ជា​ប្រព័ន្ធ​លួច​ខ្ទេចខ្ទី​អស់​រាប់​ម៉ឺន​ដុល្លារ លុះ​អតិថិជន​ខ្សឹប​ប្រាប់ ទើប​ថៅកែ​ដឹងខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២២ បាន​បង្ហាញមុខ​ជនសង្ស័យ​មួយ​ក្រុម​ចំនួន​៨​នាក់ ដែល​ជា​មុខសញ្ញា​លួច ហៅ​ថា (​ដង្កូវ​ក្នុង​សាច់​) ដែល​សហការ​គ្នា​ជាមួយ​ជា​ប្រព័ន្ធ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២២ បាន​បង្ហាញមុខ​ជនសង្ស័យ​មួយ​ក្រុម​ចំនួន​៨​នាក់ ដែល​ជា​មុខសញ្ញា​លួច ហៅ​ថា (​ដង្កូវ​ក្នុង​សាច់​) ដែល​សហការ​គ្នា​ជាមួយ​ជា​ប្រព័ន្ធ លួច​ខ្ទេច​លួច​ខ្ទី​លួច​ទាល់តែ​អតិថិជន​ខ្សឹប​ប្រាប់ បាន​ថៅកែ​ដឹងខ្លួន ទើប​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្តង​។

ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ​នេះ រួម​មាន ៖ ១- ឈ្មោះ រ៉ែ​ន សៅ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​អ្នកគ្រប់គ្រង​ឃ្លាំង​ដាក់​សម្ភារៈ ជាង​គ្រប់​ប្រភេទ របស់​ក្រុមហ៊ុន «​លី​ហ្វា​» ស្នាក់​នៅ​ឃ្លាំង​គ្មាន​លេខ​ផ្លូវ​លេខ​៩០ ផ្លូវ​បេ​តេ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ២- ឈ្មោះ រិ​ត ទី​ហ្សេ​ន ហៅ​ពៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​អ្នក​បើក​រ៉ឺ​ម៉ក​ដឹក​សម្ភារៈ​ជាង​គ្រប់​ប្រភេទ​ក្រុមហ៊ុន​លី​ហ្វា​។ ៣- ឈ្មោះ រ៉​ន គី​ម​ហេង ហៅ​គី​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​អ្នក​បើក​រ៉ឺ​ម៉ក​ដឹក​សម្ភារៈ​ជាង​គ្រប់​ប្រភេទ ក្រុមហ៊ុន​លី​ហ្វា​។

៤-​ឈ្មោះ ហោ ហ៊ុយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​អ្នក​បើក​រ៉ឺ​ម៉ក​ដឹក​សម្ភារៈ​ជាង​គ្រប់​ប្រភេទ ក្រុមហ៊ុន​លី​ហ្វា​។ ៥- ឈ្មោះ ចាន់ សម្បត្តិ ហៅ ហុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​អ្នក​បើក​រ៉ឺ​ម៉ក​ដឹក​សម្ភារៈ​ជាង​គ្រប់​ប្រភេទ​ក្រុមហ៊ុន​លី​ហ្វា​។ ៦- ឈ្មោះ យឹ​ម ទី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជា​សិស្ស​។ ៧- ឈ្មោះ ឆាយ ស៊ី​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ និង​៨- ឈ្មោះ ណែ​ត សុនី ហៅ នី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លាង​ម៉ូតូ​។ ពួក​គេ​ស្នាក់​នៅ​ឃ្លាំង​គ្មាន​លេខ ផ្លូវ​លេខ​៩០ ផ្លូវ​បេ​តេ និង​ផ្ទះ​ជួល នៅ​សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ក្នុង​ពិធី​បង្ហាញមុខ​ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ​នោះ លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង​២១​និង​០៥​នាទី​យប់ កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ដំបូង​ចំនួន​៧​នាក់ ក្រោយមក​ក៏​ចាប់​បាន​ម្នាក់​ទៀត នៅ​ចំណុច​ឃ្លាំង​គ្មាន​លេខ ផ្លូវ​លេខ​៩០​បេ​តេ ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស (​លួច​) លួច​សម្ភារៈ​ជាង​គ្រប់​ប្រភេទ​មាន​ដូច​ជា ៖ ម៉ូ​ទ័​រ​ស្វាន​, ម៉ូ​ទ័​រ​ឆាប​, ម៉ូ​ទ័​រដោះ​ប៊ូឡុង​, ម៉ូ​ទ័​រ​កាត់​ដែក​, ម៉ូ​ទ័​រលាង​រថយន្ត​, ម៉ូ​ទ័​រ​ជម្រុញ​ទឹក​, ម៉ូ​ទ័​រ​ទម្លាក់​អណ្តូង និង​សម្ភារៈ​ផ្សេង​ៗ​ទៀត ចំនួន​៥ ០០០​គ្រឿង ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ៨០ ០០០ ដុល្លារ​អា​មេ​រិ​ក ប្រព្រឹត្ត​នៅ​ឃ្លាំង​គ្មាន​លេខ ផ្លូវ​លេខ​៩០​បេ​តេ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ក្នុង​នោះ​ដែរ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​មក​វិញ រួម​មាន ៖ សម្ភារៈ​ជាង​គ្រប់​ប្រភេទ​ចំនួន​១២៣​កេស និង​៥៦៧​គ្រឿង ដូច​ជា ៖ ម៉ូ​ទ័​រ​ឆាប​, ម៉ូ​ទ័​រ​ស្វាន​, ម៉ូ​ទ័​រ​មី​កា​តិច​, ម៉ូ​ទ័​រដោះ​ប៉ូ​ឡុ​ង​រថយន្ត​, ម៉ូ​ទ័​រ​ស្វាន​ម៉ូ​លា​, ម៉ូ​ទ័​រ​ឈូស និង​សម្ភារៈ​ជាង​ផ្សេង​ៗ​ទៀត ។

លោក ប៊ុ​ន សត្យា បញ្ជាក់​ទៀត​ថា ការ​ស្រាវជ្រាវ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​លួច​ខាងលើ​នេះ គឺ​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ លី ថៃ​ហួត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​ពាណិជ្ជករ (​ថៅ​ឃ្លាំង​សម្ភារៈ​) មាន​ទីលំនៅ​ផ្ទះ​លេខ​៤៦ អា​អឺ​០​អឺ​១ ផ្លូវ​លេខ​៣៣៨ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ទោ សុង លី ស្នង ការ​រង​ទទួល​ផែន​កណ្តាល​នគរបាល​យុត្តិធម៌ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ​។

សូម​ជម្រាប​ថា អំពើ​លួច​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ខែមិថុនា ឆ្នាំ​២០២២ រហូត​ដល់​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២២ រាល់ថ្ងៃ​ឲ្យ​តែ​រំលង​អធ្រាត្រ ពាក់កណ្តាល​យប់ គឺ​ឈ្មោះ រ៉ែ​ន សៅ (​អ្នកគ្រប់គ្រង​ឃ្លាំង​) បាន​បញ្ជា​ឲ្យ​បក្សពួក​របស់​ខ្លួន​ធ្វើ​សកម្មភាព ខ្លះ​ឡើង​តាម​របង​ចំហៀង ខ្លះ​ចូល​តាម​ប្រឡោះ​ជញ្ជាំង​ឃ្លាំង​ដាក់​សម្ភារៈ ដែល​ថៅកែ លី ថៃ​ហួត មិន​នៅ និង​បាន​បិទទ្វារ​ចាក់សោ​ត្រឹមត្រូវ ហើយ​លួច​យក​សម្ភារៈ​ជាង​គ្រប់​ប្រភេទ​នោះ ។

លុះ​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២២ ជន​រង​គ្រោះ​ឈ្មោះ លី ថៃ​ហួត ទើបបាន​ទទួល​ព័ត៌មាន​ពី​អតិថិជន​របស់​ខ្លួន​ថា មាន​គេ​កាត់​ស្តុក​សម្ភារៈ​ជាង​តម្លៃ​ពិសេស​ៗ ហើយ​យក​មក​លក់​បន្ត​ឲ្យ​អតិថិជន​ដល់ទី​ផ្សារ​ទៀត​ផង​។ ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ជន​រង​គ្រោះ​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ ទើប​ដឹង​ថា សម្ភារៈ​ជាង​ទាំងអស់ ដែល​គេ​កាត់​លក់​លើ​ទីផ្សារ​នោះ គឺជា​របស់​ខ្លួន​តែ​ម្តង ដូច្នោះ​ថៅកែ​ឃ្លាំង​ហៅ​ឈ្មោះ រ៉ែ​ន សៅ ជា​អ្នកគ្រប់គ្រង​សម្ភារៈ​ជាង​គ្រប់​ប្រភេទ ទៅ​ធ្វើការ​សាកសួរ ទើប​ឈ្មោះ រ៉ែ​ន សៅ សារភាព​ថា «​ខ្លួន​និង​បក្សពួក ពិតជា​សហការ​គ្នា​លួច​សម្ភារៈ​ជាង​គ្រប់​ប្រភេទ​ទាំង​អស់នោះ​មែន ហើយ​នៅ​ពេល​លួច​បាន ក៏​នាំ​គ្នា​យក​ទៅ​លក់​បាន​ប្រាក់​មក​ចែក​គ្នា​ចាយវាយ​រៀង​ៗ​ខ្លួន​ទៅ​»​។

ដោយ​យោង​ទៅ​លើ​ពាក្យបណ្តឹង និង​ចម្លើយ​សារភាព រួម​ជាមួយ​វត្ថុ​តាង​ចាប់​យក​គ្រប់គ្រាន់​ហើយ សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៨​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ