ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន​៤​នាក់ ករណី​ចាប់ជំរិត​ទារប្រាក់​ជាង​២០​ម៉ឺន​ដុល្លារ​ដែល​ជា​ជនជាតិ​ចិន​ដូច​គ្នា

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​នាយក​ដ្នា​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដោយ​មានការ​សហការ​ជាមួយ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​នាយក​ដ្នា​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដោយ​មានការ​សហការ​ជាមួយ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​កម្លាំង​វរៈ​ការពារ​ព្រំដែន​៩១១ ព្រមទាំង​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អយ្យការ នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​២៤ មីនា ២០១៧​នេះ បាន​ចុះ​បង្ក្រាប​ករណី​ជនជាតិ​ចិន​ចាប់​បង្ខាំង​ជំរិត​ទារប្រាក់​ពី​ជនជាតិ​ចិន​ដូច​គ្នា នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​ប៉ោយ​បែ​ត​។

តាម​ម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច សហការ​ចាប់ខ្លួន​នោះ​មាន​៤​នាក់ ប្រុស​៣​នាក់ និង​ស្ត្រី​ម្នាក់ ក្នុង​នោះ​ដែរ​សមត្ថកិច្ច​ក៏​មានការ​រំដោះ​ជន​រង​គ្រោះ​ដែល​ជនសង្ស័យ​ចាប់​យក​ទៅ​បង្ខាំង​ទុក ដើម្បី​ជំរិត​ទារប្រាក់​។ ប្រភព​បន្ត​ថា កាលពី​ថ្ងៃ​ទី​៦ មីនា ២០១៧ មាន​ស្ត្រីជន​ជាតិចិន​ម្នាក់​(​ជន​រង​គ្រោះ​)​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​៤​នាក់​អន្ទង​ឲ្យ​មក​លេង​ស្រុក​ខ្មែរ លុះ​ពេល​ជន​រង​គ្រោះ​មក​ដល់​ពួក​គេ​បាន​បបួល​នាង​ទៅ​លេងល្បែង​ស៊ីសង​នៅ​កាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែ​ត ចាញ់​អស់ប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

ក្រោយ​ចាញ់ល្បែង​អស់ប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ​ហើយ ក្រុម​ជនសង្ស័យ​បាន​បង្ខាំង​ជន​រង​គ្រោះ​ទុក​នៅ​ក្នុង​សណ្ឋាគារ ពេល​មួយ​នោះ​ប្តី​នាង​បាន​ឆាត​តាម​ហ្វេ​ស​ប៊ុ​ក​ទាក់ទង​ចុះឡើង ត្រូវ​ជនសង្ស័យ​គំរាម​ទារប្រាក់​ជាង​២០​ម៉ឺន​ដុល្លារ បាន​ធ្វើការ​ដោះ​លែង​ស្ត្រី​ជា​ប្រពន្ធ​វិញ​។ ដោយ​ដឹង​ច្បាស់​ថា ប្រពន្ធ​ត្រូវ​ធ្លាក់​ក្នុង​អន្ទាក់​ក្រុម​ជន​ចាប់ជំរិត​ភ្លាម បុរស​ជា​ប្តី​បាន​ធ្វើ​ដំណើរ​មក​ស្រុក​ខ្មែរ ហើយ​ក៏​បាន​ទាក់ទង​តាម​លំដាប់លំដោយ​ពី​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​បាន​ប្តឹង​ទៅ​សមត្ត​កិច្ច​ឲ្យ​ជួយ​អន្តរា​គម​ក្នុង​រឿង​នេះ​។

ប្រភព​បន្ត​ថា បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​បុរស​ជា​ប្តី​ជន​រង​គ្រោះ លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់​បទបញ្ជា​ទៅ​អគ្គស្នងការ​រង​ទទួល​ការងារ​ព្រហ្មទណ្ឌ ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌ និង​ទៅ​លោក​ឧត្តមសេនីយ៍ឯក សុខ ខេ​ម​រិ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឲ្យ​ប្រើប្រាស់​កម្លាំង​ជំនាញ​ចុះ​ទៅ​ជា​បន្ទាន់​ដើម្បី​ក្រសោប​ជនសង្ស័យ និង​រំដោះ​ជន​រង​គ្រោះ​។

ពេល​នោះ​លោក​ឧត្តមសេនីយ៍ទោ ង៉េ​ង ជួរ អនុប្រធាន​នាយកដ្ឋាន​ដឹកនាំ​កម្លាំង ជាមួយ​លោក​វរៈសេនីយ៍ឯក ជាវ វិបុល ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ចេញ​ទៅ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដូច​បាន​រៀបរាប់​ខាងលើ ពិសេស​កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​៩១១ ដែល​មាន​លោក​វរៈសេនីយ៍ឯក សូ ចាន់​ណា​រី ជា​ប្រធាន​អង្គភាព បាន​ជួយ​សម្រួល និង​ការពារ​ក្នុង​រង្វង់​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ចាប់​ជនសង្ស័យ រួម​ទាំង​រំដោះ​ជន​រង​គ្រោះ​នោះ​។ ក្រោយ​ពី​ចាប់​ឃាត់ខ្លួន​នៅ​រសៀល​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៤ នេះ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​មក​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​៕