ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបង្ហាញ មោទនភាពចំពោះការអភិវឌ្ឍរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្ររបស់ខេត្តកំពង់ឆ្នាំង និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការរដ្ឋបាលខេត្ត និងមន្ទីរជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងលោកគ្រូអ្នកគ្រូដែលបាននិងកំពុងយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ។

ការបង្ហាញមោទនភាពរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក បែបនេះ បានធ្វើឡើងនៅក្នុង ពិធីស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជក្រឹត្យប្រទានគោរមងារ ប្រគេនព្រះមេគណខេត្តកំពង់ឆ្នាំង និងសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តអារញ្ញិការាម ក្រុងកំពង់ឆ្នាំង នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏អរគុណដល់គណៈកម្មាធិការគណបក្សខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងសាខាបក្សភូមិ ព្រមទាំងក្រុមការងារចុះមូលដ្ឋានគ្រប់យន្តការនៅក្នុងមូលដ្ឋានក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបាននៅកៀកជិតស្និទ្ធបម្រើប្រជាជនដូចភ្លៀងរលឹម ដោយមិនគិតពីការនឿយហត់ និងប្រកបដោយការលះបង់គ្រប់បែបយ៉ាង ដើម្បីផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមជូនប្រជាពលរដ្ឋតាមមូលដ្ឋាន រហូតទទួលបាននូវទំនុកចិត្តដ៏លើសលប់ក្នុងគ្រប់អាណត្តិនៃការបោះឆ្នោតកន្លងមក ។ គណបក្សប្រជាជនកម្ពុជា មានភាពរឹងមាំ គឺដោយសារកម្លាំងសាមគ្គីភាពដ៏ស្អិតរមួតរបស់ថ្នាក់ដឹកនាំ និងប្រតិបត្តិករគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងការគាំទ្រដ៏ស្មោះស្ម័គ្រពីសំណាក់ប្រជាជនជាម្ចាស់ស្រុក។

ឯកឧត្តម បានបន្តថា ខុសពីការដឹកនាំនៅក្នុងរបបប៉ុលពត រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខតែងបានអនុវត្តគោលនយោបាយប្រកបដោយធម៌ជាកត្តាអាទិភាពចម្បងនៅក្នុងគ្រប់កិច្ចការ និងគ្រប់ដំណាក់កាលទាំងអស់ ទាំងការសង្គ្រោះអាយុជីវិត, ការបង្កើតដង្ហើមសេដ្ឋកិច្ច, ការបង្កើនឱកាសការងារ, ការបង្កលក្ខណៈដល់ការអនុវត្តសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជូនប្រជាពលរដ្ឋ រហូតទទួលបានការស្រលាញ់ជឿជាក់ និងក្តីទុកចិត្តជានិច្ចនិរន្តរ៍តរៀងមក៕





ចែករំលែកព័តមាននេះ