ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ភាគច្រើន​កំពុង​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​មួយ​ឆ្នាំ​ៗ កម្ពុជា​បាន​នាំ​ចូល​បន្លែ ផ្លែ​ឈើ សាច់ និង​គ្រឿង​ឧបភោគបរិភោគ​ពី​ប្រទេស​ជិតខាង​មក​ផ្គត់ផ្គង់​ស្ទើរតែ​ទាំងស្រុង ខណៈ​ការ​ផលិត​ក្នុងស្រុក​មិន​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ គួប​ផ្សំ​

រាជធានី​ភ្នំពេញ ៖ ក្នុង​មួយ​ឆ្នាំ​ៗ កម្ពុជា​បាន​នាំ​ចូល​បន្លែ ផ្លែ​ឈើ សាច់ និង​គ្រឿង​ឧបភោគបរិភោគ​ពី​ប្រទេស​ជិតខាង​មក​ផ្គត់ផ្គង់​ស្ទើរតែ​ទាំងស្រុង ខណៈ​ការ​ផលិត​ក្នុងស្រុក​មិន​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ គួប​ផ្សំ​នឹង​មិនសូវ​ឲ្យ​តម្លៃ​លើ​ផលិតផល​ក្នុងស្រុក​ផង​នោះ ធ្វើ​ឲ្យ​អ្នក​ផលិត​អស់​ទំនុកចិត្ត គ្មាន​ទីផ្សារ ហើយ​ចុង​ក្រោយ​បោះបង់​ការ​ផលិត​របស់​ខ្លួន​តែ​ម្ដង​។ កត្ដា​ទាំងនេះ​បាន​ធ្វើ​ឲ្យ​តម្រូវការ​ម្ហូបអាហារ គ្រឿង​ឧបភោគបរិភោគ​កាន់តែ​កើនឡើង​ថែម​ទៀត ដែល​ជា​ឱកាស​ដល់​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ស្រប​ពេល​សមត្ថកិច្ច​តាម​ព្រំដែន ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ហាក់​មិន​បាន​រឹត​បន្ដឹង​លើ​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ​ដែល​កំពុង​ក្លាយជា​កង្វល់​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ ។

តាម​រយៈ​ការ​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​អ្នកលក់ និង​អ្នកទិញ​យក​ទៅ​បរិភោគ​ពី​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ មិនមែន​ពួក​គាត់​មិន​ព្រួយបារម្ភ​ទេ គឺ​ពួក​គាត់​បារម្ភ​យ៉ាង​ខ្លាំង​លើ​បញ្ហា​សុខភាព ដោយសារ​ការ​ប្រើប្រាស់​ថ្នាំ​គីមី​ខ្ពស់​លើ​បន្លែ ផ្លែ​ឈើ និង​សាច់ ដើម្បី​ឱ្យ​នៅ​ស្រស់​បាន​យូរ ។

ប្រជាពលរដ្ឋ​ទាំងអស់​សុទ្ធតែ​ចង់បាន​របស់​ល្អ និង​ផលិត​ក្នុងស្រុក​យក​ទៅ​បរិភោគ ប៉ុន្តែ​ពួក​គាត់​មិន​អាច​ដឹង​ថា ផលិតផល​ទាំងនោះ​មាន​ប្រភព​មកពីណា​ឡើយ ព្រោះ​គ្មាន​អ្វី​សម្គាល់ថា ជា​របស់​ប្រទេស​ណា​គឺ​មាន​តែ​អ្នក​នាំ​ចូល​ប៉ុណ្ណោះ​ទើប​ដឹង ។

ស្ត្រី​កម្មការិនី​រោងចក្រ​មួយ​រូប​ដែល​តែងតែ​ទិញ​បន្លែ និង​សាច់​សម្រាប់​ធ្វើ​ម្ហូប​ក្រោយ​ចេញពី​ធ្វើការ បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​កោះសន្តិភាព​ថា តាម​ពិត នាង​ចង់បាន​សាច់ និង​បន្លែ​ដាំ​ដោយ​កសិករ​ខ្មែរ ប៉ុន្តែ​បន្លែ​នៅ​លើ​ទីផ្សារ​រាល់​ថ្ងៃនេះ​មិន​អាច​ដឹង​ទេ​ថា យក​ពី​ប្រទេស​ជិតខាង ឬ​ក្នុងស្រុក​។ នាង​និយាយ​ថា ៖ « រាល់ថ្ងៃ ខ្ញុំ​ទិញ​បន្លែ​នៅ​ផ្សារ​ហ្នឹង​ពេល​ចេញពី​ធ្វើការ តែ​បន្លែ​និង​សាច់​ដែល​ខ្ញុំ​ទិញ​អត់​ដឹង​ថា​មកពីណា​ទេ​។ ខ្ញុំ​ឃើញ​តែ​គេ​ផ្សាយ​ព័ត៌មាន​ពី​រឿង​នាំ​ចូល​បន្លែ ផ្លែ​ឈើ និង​សាច់​ពី​ប្រទេស​ជិតខាង ជា​ពិសេស ពី​វៀតណាម ហើយ​ឮ​គេ​និយាយ​ថា វៀតណាម​ខ្លាំង​ខាង​ដាក់​ថ្នាំ ដូច​ជា​ត្រសក់​តូច​ៗ ដាក់​ឱ្យ​ធំ​ត្រឹមតែ​មួយ​យប់​ជាដើម ។ អីចឹង​ហើយ​ខ្ញុំ​ចេះ​តែ​ខ្លាច តែ​មិនដឹង​ធ្វើ​ម៉េច » ។

អ្នកលក់​បន្លែ​មួយ​រូប​នៅ​ជាប់​របង​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង និយាយ​ថា បន្លែ​ដែល​គាត់​លក់​នៅ​ទី​នេះ គឺ​យក​បន្ត​ពី​ផ្សារ​ដើម​គ និង​ផ្សារ​នាគ​មាស ហើយ​ក៏​មិនដឹង​ថា មាន​ប្រភព​ពី​ណា​ទេ តែបើ​តាម​ការ​ស្មាន ប្រហែលជា​យក​ពី​វៀតណាម​ច្រើន​ជាង ។ អ្នកលក់​បន្លែ​រូប​នេះ​ថា ៖ «​តាម​ពិត​ទៅ ទាំង​ខ្ញុំ ទាំង​គេ​សុទ្ធតែ​ចង់បាន​របស់​ល្អ ដែល​ហូប​ទៅ​មិន​ប៉ះពាល់​សុខភាព តែ​ធ្វើ​ម៉េច បើ​គ្មាន​ជម្រើស​។ បន្លែ​ដាំ​ក្នុងស្រុក​ពិបាក​រក​ណាស់ បើ​បន្លែ​នាំ​ចូល​ពី​វៀតណាម​សម្បូរ ក្នុង​មួយ​យប់​ៗ​ដឹក​ទាំង​ឡាន​ៗ​មក​ទម្លាក់​នៅ​ផ្សារ​ដើម​គ និង​ផ្សារ​នាគ​មាស សម្រាប់​ចែកចាយ​បន្ត ហើយ​ពួក​ខ្ញុំ​ក៏​ឡើង​ទៅ​យក​នៅ​ទីនោះ​ដែរ » ។

បើ​តាម​បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន បាន​ផ្សាយ​ទាក់ទង​នឹង​គុណភាព​អាហារ​របស់​វៀតណាម ជា​ពិសេស បន្លែ ផ្លែ​ឈើ និង​សាច់ ក្នុង​នោះ​មន្ត្រី​ជំនាញ​វៀតណាម​បាន​រក​ឃើញ​សារធាតុ​គីមី​អាច​ប៉ះពាល់​សុខភាព​ដូច​ជា សាច់​ជ្រូក និង​បន្លែ​ជាដើម ។

ចំណែក​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន ក៏​បាន​ចុះ​ផ្សាយ​ដែរ​ពី​បញ្ហា​សុវត្ថិភាព​ចំណីអាហារ​របស់​វៀតណាម ហើយ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ សូ​ម្បី​តែ​ប្រជាពលរដ្ឋ​វៀតណាម​ខ្លួនឯង ក៏​ខ្លាចរអា​ផលិតផល​របស់​ខ្លួន​ដែរ ហើយ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ជំនួស​ទៅ​វិញ ព្រោះតែ​ផលិត​ក្នុងស្រុក​របស់​វៀតណាម​ប្រើប្រាស់​សារធាតុ​គីមី​ខ្ពស់​ហួស​កម្រិត​ពេក ។

គួរ​បញ្ជាក់​ថា ក្នុង​មួយ​ថ្ងៃ​ៗ កម្ពុជា​បាន​នាំ​ចូល​បន្លែ ផ្លែ​ឈើ និង​សាច់​ពី​ប្រទេស​ជិតខាង​រាប់រយ​តោន​មក​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ជា​ពិសេស ពី​ប្រទេស​ថៃ និង​វៀតណាម ខណៈ​បន្លែបង្ការ​របស់​ប្រជាពលរដ្ឋ​ដែល​ផលិត​បាន​ម្ដងម្កាល​គ្មាន​ទីផ្សារ និង​មាន​តម្លៃ​ទាប​ជាង​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ជិតខាង ។ នេះ​ជា​មូលហេតុ​ធ្វើ​ឱ្យ​កសិករ​កម្ពុជា​បោះបង់​ចោលការ​ចិញ្ចឹមសត្វ និង​ដាំ​ដុះ​បន្លែ ហើយ​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ក្រៅ ។ ជាក់ស្ដែង ប្រទេស​ថៃ មាន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​រាប់​សិប​ម៉ឺន​នាក់ ដែល​ការងារ​នោះ​ក៏​មិន​ខុស​ពី​ការងារ​ក្នុងស្រុក​ប៉ុន្មាន​ដែរ ដូច​ជា កសិកម្ម នេសាទ និង​ធ្វើការ​ក្នុង​រោងចក្រ ៕