រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានបង្ហាញមុខជនសង្ស័យមួយក្រុម មានគ្នា០៨នាក់ ដែលជាមុខសញ្ញាលួច ហៅថា (ដង្កូវក្នុងសាច់) សហការគ្នាជាប្រព័ន្ធ លួចខ្ទេចលួចខ្ទី លួចទាល់តែអតិថិជនខ្សិបប្រាប់ថៅកែ ទើបដឹង ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។
ជនសង្ស័យទាំង០៨ នាក់ រួមមានឈ្មោះ ៖
១. ឈ្មោះ រ៉ែន សៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរអ្នកគ្រប់គ្រងឃ្លាំង ដាក់សម្ភារជាងគ្រប់ប្រភេទ របស់ក្រុមហ៊ុនលីហ្វា ស្នាក់នៅឃ្លាំងគ្មានលេខ ផ្លូវលេខ៩០ ផ្លូវបេតេ សង្កាត់បឹងទំពុន២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
២. ឈ្មោះ រិត ទីហ្សេន ហៅពៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ អ្នកបើករឺម៉ក ដឹកសម្ភារជាងគ្រប់ប្រភេទ ក្រុមហ៊ុនលីហ្វា ។
៣. ឈ្មោះ រ៉ន គីមហេង ហៅគីម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ អ្នកបើករឺម៉ក ដឹកសម្ភារជាងគ្រប់ប្រភេទ ក្រុមហ៊ុនលីហ្វា ។
៤. ឈ្មោះ ហោ ហ៊ុយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ អ្នកបើករឺម៉កដឹកសម្ភារជាងគ្រប់ប្រភេទ ក្រុមហ៊ុនលីហ្វា ។
៥. ឈ្មោះ ចាន់ សម្បត្តិ ហៅហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ អ្នកបើករឺម៉កដឹកសម្ភារជាងគ្រប់ប្រភេទ ក្រុមហ៊ុនលីហ្វា ។
៦. ឈ្មោះ យឹម ទី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាសិស្ស ។
៧. ឈ្មោះ ឆាយ ស៊ីណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ រើសអេតចាយ ។
និង៨. ឈ្មោះ ណែត សុនី ហៅនី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលាងម៉ូតូ ។
ពួកគេស្នាក់នៅឃ្លាំងគ្មានលេខ ផ្លូវលេខ៩០ ផ្លូវបេតេ និងផ្ទះជួល សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងពិធីបង្ហាញមុខជនសង្ស័យទាំង ៨នាក់នោះ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា កាលពីវេលាម៉ោង២១ និង០៥នាទីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យដំបូង ៧នាក់ ក្រោយមកចាប់ម្នាក់ទៀត នៅចំណុចឃ្លាំងគ្មានលេខ ផ្លូវលេខ៩០បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ពន្ធបទល្មើសលួច (លួចសម្ភារជាងគ្រប់ប្រភេទ) មានដូចជា ៖
- ម៉ូទ័រស្វាន
- ម៉ូទ័រឆាប
- ម៉ូទ័រដោះប៊ូឡុង
- ម៉ូទ័រកាត់ដែក
- ម៉ូទ័រលាងរថយន្ត
- ម៉ូទ័រជម្រុញទឹក
- ម៉ូទ័រទម្លាក់អណ្តូង
និងសម្ភារផ្សេងៗទៀត ចំនួន ៥,០០០គ្រឿង គិតជាទឹកប្រាក់ប្រមាណ ៨០,០០០ដុល្លារអាមេរិក ប្រព្រឹត្តនៅឃ្លាំងគ្មានលេខ ផ្លូវលេខ៩០បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះដែរសមត្ថកិច្ច ក៏បានធ្វើការដកហូតវត្ថុតាងមកវិញរួមមាន សម្ភារជាងគ្រប់ប្រភេទចំនួន ១២៣កេះ និង ៥៦៧គ្រឿង ដូចជា ៖
- ម៉ូទ័រឆាប
- ម៉ូទ័រស្វាន
- ម៉ូទ័រមីកាតិច
- ម៉ូទ័រដោះប៉ូឡុងរថយន្ត
- ម៉ូទ័រស្វានម៉ូលា
- ម៉ូទ័រឈូស និងសម្ភារៈជាងផ្សេងៗ ទៀត ។
លោក ប៊ុន សត្យា បញ្ជាក់ទៀតថា ការស្រាវជ្រាវ និងចាប់ឃាត់ ខ្លួនជនសង្ស័យជាមុខសញ្ញាលួចខាងលើនេះ គឺយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ លី ថៃហួត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ ជាពាណិជ្ជករ (ថៅឃ្លាំងសម្ភារៈ) មានទីលំនៅ ផ្ទះលេខ៤៦ អាអឺ០អឺ១ ផ្លូវលេខ៣៣៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ សុង លី ស្នង ការរងទទួលផែនកណ្តាលនគរបាលយុត្តិធម៍ ក្រោយការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។
សូមជម្រាបថា អំពើលួចខាងលើនេះ បានកើតឡើងកាលពីខែមិថុនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ រាល់ថ្ងៃឲ្យតែរំលងអាធ្រាត្រ ពាក់កណ្តាលយប់ ឈ្មោះ រ៉ែន សៅ (អ្នកគ្រប់គ្រងឃ្លាំង) បានបញ្ជាឲ្យបក្ខពួករបស់ខ្លួន ធ្វើសកម្មភាព ខ្លះឡើងតាមរបងចំហៀង ខ្លះចូលតាមប្រឡោះជញ្ជាំង ឃ្លាំងដាក់សម្ភារៈ ដែលថៅកែ លី ថៃហួត មិននៅ និងបានបិទទ្វារចាក់សោត្រឹមត្រូវ លួចយកសម្ភារជាងគ្រប់ប្រភេទនោះ ។ លុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ លី ថៃហួត ទើបបានទទួលព័ត៌មានពីអតិថិជនរបស់ខ្លួនថា មានគេកាត់ស្តុកសម្ភារជាងតម្លៃពិសេសៗ ហើយយកមកលក់បន្តឲ្យអតិថិជនដល់ទីផ្សារទៀតផង ។
ក្រោយពេលទទួលបានព័ត៌មាននេះ ជនរងគ្រោះក៏បានធ្វើការស្រាវជ្រាវ ទើបដឹងថា សម្ភារជាងទាំង ដែលគេកាត់លក់លើទីផ្សារនោះ គឺជារបស់ខ្លួនតែម្តង ដូច្នោះថៅកែឃ្លាំងហៅឈ្មោះ រ៉ែន សៅ ជាអ្នកគ្រប់គ្រងសម្ភារជាងគ្រប់ប្រភេទ ទៅធ្វើការសាកសួរ បានឈ្មោះ រ៉ែន សៅ សារភាពថា ខ្លួននិងបក្ខពួក ពិតជាសហការគ្នាលួចសម្ភារជាងគ្រប់ប្រភេទទាំងអស់នោះមែន ហើយនៅពេលលួចបានក៏នាំគ្នាយកទៅលក់ បានប្រាក់មកចែកគ្នាចាយវាយរៀងៗ ទៅ ។
ដោយយោងទៅលើពាក្យបណ្តឹង និងចម្លើយសារភាព រួមជាមួយវត្ថុតាងចាប់យកគ្រប់គ្រាន់ហើយ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៨ នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

ចែករំលែកព័តមាននេះ