ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រាកដ​ណាស់ ព្រោះតែ​មនោសញ្ចេតនា​រាប់អាន​ទើប​អ្នក​ព្រមឱ្យ​មិត្តភក្តិ ឬ​បងប្អូន​ខ្ចី​លុយ​យក​ទៅ​ប្រើប្រាស់​ដោយ​សង្ឃឹមថា អ្នក​ខ្ចី​លុយ​នឹង​ប្រញាប់​សង​មក​វិញ ក្រោយ​ពេល​ដែល​ដោះស្រាយ​បញ្ហា​រួចរាល់​។​ក៏​ប៉ុន្តែ​ករណី​ខ្លះ​ខ្ចី​ស្រួល​តែ​សង​ពិបាក​។ ដូច្នេះ​មក​ដល់​ពេល​នេះ ហ្វេ​ស​ប៊ុ​កបាន​ក្លាយជា​វេទិកា​ដ៏​ពេញ​និយម​បំផុត​។​អ្នកខ្លះ​ជេរ​បរិហារ​គ្នា​ហែក​រឿង​ឈ្លោះ​ទាស់ទែង​រវាង​ប្តី​ប្រពន្ធ និង​ដៃគូ​រកស៊ី​ប្រជែង…

រាជធានី​ភ្នំពេញ ៖ ប្រាកដ​ណាស់ ព្រោះតែ​មនោសញ្ចេតនា​រាប់អាន​ទើប​អ្នក​ព្រមឱ្យ​មិត្តភក្តិ ឬ​បងប្អូន​ខ្ចី​លុយ​យក​ទៅ​ប្រើប្រាស់​ដោយ​សង្ឃឹមថា អ្នក​ខ្ចី​លុយ​នឹង​ប្រញាប់​សង​មក​វិញ ក្រោយ​ពេល​ដែល​ដោះស្រាយ​បញ្ហា​រួចរាល់​។​ក៏​ប៉ុន្តែ​ករណី​ខ្លះ​ខ្ចី​ស្រួល​តែ​សង​ពិបាក​។

ដូច្នេះ​មក​ដល់​ពេល​នេះ ហ្វេ​ស​ប៊ុ​កបាន​ក្លាយជា​វេទិកា​ដ៏​ពេញ​និយម​បំផុត​។​អ្នកខ្លះ​ជេរ​បរិហារ​គ្នា​ហែក​រឿង​ឈ្លោះ​ទាស់ទែង​រវាង​ប្តី​ប្រពន្ធ និង​ដៃគូ​រកស៊ី​ប្រជែង ពិសេស​អ្នកលក់​ឡេ​ពេល​បែកបាក់​ប្តី​ប្រពន្ធ​ហែកកេរ្តិ៍​គ្នា​ពេញ​បណ្តាញ​សង្គម​។​ក្រៅពី​នោះ​ក៏​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ខ្លះ រួម​ទាំង​អ្នកសិល្បៈ​ជាដើម បាន​បង្ហោះ​ពេញ​ហ្វេ​ស​ប៊ុ​ក​រឿង​ខ្ចី​លុយ​គ្នា​មិន​សង​។

ជាក់ស្តែង​ករណី តារា​ស្រី​ស្រស់ នាង ជេ​ស៊ី​ការ ឈ្មោះ​ពិត តាន់ សុ​ផា បាន​ប្រកាស​ក្ដែ​ង​ៗ​លើ​បណ្ដាញ​សង្គម​ឱ្យ​តារា​សម្តែង​ស្រី​ជើង​ចាស់ និង​ជា​ម្ចាស់​ផលិតកម្ម PR គឺ​អ្នក​នាង ព្រំ រ​ដ្ឋា ឱ្យ​ចូលខ្លួន​ដោះស្រាយ​រឿង​លុយ​ជំពាក់​។​ចំណែក​ករណី​មួយទៀត គឺ​តារា​ស្រី​សិច​ស៊ី​នាង​កញ្ញា​អៀ ម៉េ​ង​លី ហៅ​អូន​ម៉ី ថ្មី​នេះ​ក៏​បាន​ប្រើ​បាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​វេទិកា ដើម្បី​បង្ហោះ​សារ​ទារ​លុយ​អ្នក​ដែល​ជំពាក់​បំណុល​របស់​នាង​។​ដោយ​ក្នុង​នោះ​ស្រី​ស្អាត​សាច់​សខ្ចី អៀ ម៉េ​ង​លី បាន​ពោល​ថា នាង​បង្ខំចិត្ត​បង្ហោះ​មុខ​អ្នក​ជំពាក់​លុយ​នាង ជាង​៨​ម៉ឺន​ដុល្លារ និង​សម្ភារៈ​ផ្សេង​ទៀត​ដោយសារ​តែ​អស់​ការ​អត់ធ្មត់ និង​ទាក់ទង​អ្នក​ជំពាក់​មិន​បាន​។

ក្រៅពី​អ្នកសិល្បៈ​ក៏​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ច្រើន​ទៀត​បាន​បង្ហោះ​សារ​ថា បុគ្គល​នេះ​បុគ្គល​នោះ​ខ្ចី​លុយ​មិន​សង​បុគ្គល​នេះ​គេចវេស​មិន​សង​លុយ​គ្រប់​រូបភាព​ទើប​គេ​(​ម្ចាស់​លុយ​) មិន​មាន​ជម្រើស​ក៏​សម្រេច​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​តែ​ម្តង​។

ដូច្នេះ​ក្នុង​សង្គម​ខ្មែរ​យើង​មួយ​រយៈ​ចុង​ក្រោយ​នេះ​បែរជា​យក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាទី​កន្លែង ឬ​វេទិកា​ដែល​ម្ចាស់​លុយ​បង្ហោះ​បង្ហាញមុខ​អ្នក​ខ្ចី​លុយ​មិន​សង​។​ករណី​នេះ​ចូល​ដល់​វគ្គ​«​ទៀង​មិន​ឈ្នះ​ទ័ល​»​។​ខ្ចី​ស្រួល​សង​ពិបាក​។​ពេល​ខ្ចី​សម្តី​ផ្អែម តែ​ដល់​ពេល​ម្ចាស់​លុយ​តាម​ទារ​លុយ​មក​វិញ​ប្រែជា​សម្តី​ជូរ​ចត់​ដាក់​ម្ចាស់​លុយ​ទៅ​វិញ​។

ដោយ​ពិត បើ​ខ្ចី​គេ​ត្រូវ​សង​គេ ព្រោះ​ជា​កម្លាំង​ញើស​ឈាម​គេ​។​កុំ​ខ្ចី​គេ យក​មក​ហ៊ឺហារ ហើយ​មិន​សង​គេ ឬ​ក៏​ខ្ចី​គេ​យក​មក​ទិញ​សម្ភារៈ​ទំនើប តែងខ្លួន​ឬ​លេងល្បែង​ស៊ីចាយ​ដល់​ចុង​ក្រោយ​គេចវេស​មិន​សង​គេ​។អ្នកមាន​លុយ​ឱ្យ​គេ​ខ្ចី​ក៏​ត្រូវ​មើល​ផង​។​បើ​គេ​ខ្ចី​យក​ទៅ​រកស៊ី ហើយ​មាន​របស់​បញ្ចាំ និង​ស៊ើប​ប្រវត្តិ​ផង​ចាំ​ឱ្យ​ខ្ចី​ដើម្បី​កុំឱ្យ​ប្រាក់​ក៏​បង់​ថង់​ក៏​ដាច់ ព្រោះ គឺ​បាត់​ទាំង​ដើម​ទាំង​ការ​។

ម្យ៉ាងទៀត បើជា​បងប្អូន និង​មិត្តភក្តិ បើជៀ​សបាន​គួរតែ​ជៀសវាង​រឿង​ខ្ចី​លុយ​។​និយាយ​ដូច្នេះ មិនមែន​ឱ្យ​អ្នកមាន​លុយ​មានទ្រព្យ​ក្នុង​ត្រកូល​គ្រួសារ​នីមួយ​ៗ ឬ​ក៏​មិត្តភក្តិ​អ្នក​រាប់អាន​គ្នា​មានចិត្ត​ឃើញ​បងប្អូន និង​មិត្តភក្តិ​ជួប​អាសន្ន​អន់​ក្រ​ហើយ​មិន​ជួយ​យកអាសារ​គ្នា​នោះ​ទេ​។​ពោល​គឺ​បើជា​ពិសោធន៍​ក្នុង​សង្គម​ខ្មែរ​យើង​នៅ​ពេល​បងប្អូន​ខ្ចី​លុយ​គ្នា បើសិនជា​អ្នក​ខ្ចី​នោះ​ទៀងត្រង់ ខ្ចី​ហើយ​សង​វិញ​គ្រប់​ចំនួន គឺ​មិនជា​អ្វី​ទេ​។ផ្ទុយ​ទៅ​វិញ​ភាគច្រើន​ពេល​ខ្ចី​លុយ​ផ្អែមល្ហែម តែ​នៅ​ពេល​បាន​លុយ​ហើយ​ដល់​ថ្ងៃ​កំណត់​ត្រូវ​សង​វិញ គឺ​បងប្អូន​ដែល​ឱ្យ​លុយ​ខ្ចី​នោះ ឬ​ក៏​មិត្តភក្តិ​នោះ​នឹង​ត្រូវ​ឈ្លោះ​គ្នា ដោយសារ​តែ​អ្នក​ខ្ចី​មិន​មាន​លុយ​សង​។

ដូច្នេះ​ករណី​បងប្អូន និង​មិត្តភក្តិ​នេះ បើសិនជា​ទុក​មុខ​រាប់អាន​គ្នា​បាន​យូរអង្វែង គឺ​រឿង​លុយកាក់​នេះ​កុំ​ខ្ចី​គ្នា​តែ​ម្តង​។​តែបើ​ទាល់​ខ្លាំង អ្នក​ខ្ចី ត្រូវ​តែ​ទៀងត្រង់ ពោល គឺ​ខ្ចី​ប៉ុន្មាន​កំណត់​ត្រឹម​ថ្ងៃ​ណា គឺ​ត្រូវ​តែ​សងគ្រប់​ចំនួន និង​តាម​កាលកំណត់​នោះ​ទើប​មិត្តភាព​រវាង​មិត្តភក្តិ និង​បងប្អូន​មិន​ឈ្លោះ​គ្នា​ហើយ​បន្ត​ល្អូក​ល្អឺ​ន​បាន​យូរអង្វែង​។

មួយវិញទៀត ជា​បងប្អូន និង​ជា​មិត្តភក្តិ បើសិនជា​ម្ចាស់​លុយ​មាន​លទ្ធភាព​ប៉ុន្មាន​ត្រូវ​ឱ្យ​ដាច់​តែ​ម្តង​។​ពោល គឺ​ជៀសវាង​ឱ្យ​ខ្ចី​។ ដូច​ជា បើសិនជា​ប្អូន ឬ​ក៏​បង​មិត្តភក្តិ​ត្រូវការ​លុយ​បន្ទាន់​១០០០​ដុល្លារ តែ​យើង​ម្ចាស់​លុយ​មាន​លទ្ធភាព​ត្រឹម​ប៉ុន្មាន​រយ​នោះ​សម្រេច​ថា ឱ្យ​បង ឱ្យ​ប្អូន ឬ​ក៏​ឱ្យ​មិត្តភក្តិ​នោះ​ដាច់​តែ​ម្តង ហើយ​ជួយ​គិត​គ្នា​រក​មធ្យោបាយ ដើម្បី​ដោះស្រាយ​បញ្ហា ដែល​បងប្អូន ឬ​មិត្តភក្តិ ត្រូវការ​លុយ​យក​ទៅ​ប្រើប្រាស់​នោះ​។ក្នុង​នាម​ជា​បងប្អូន និង​ជា​មិត្តភក្តិ​ល្អ​នឹង​គ្នា​យើង​ត្រូវ​រួមសុខ​រួមទុក្ខ​នឹង​គ្នា​។​បើសិនជា​មិត្តភក្តិ ឬ​បងប្អូន​ណា​មាន​លទ្ធភាព​ធូរធារ​ក៏​ត្រូវ​ជួយ​មិត្តភក្តិ ឬ​បងប្អូន​នោះ​ទៅ​តាម​លទ្ធភាព ហើយ​ចូលរួម​គិត និង​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ដែល​បងប្អូន និង​មិត្តភក្តិ​នោះ​ជួប​ប្រទះ​។

ដោយឡែក សម្រាប់​អ្នក​ស្គាល់​រាប់អាន​គ្នា បើ​ត្រូវការ​ខ្ចី​លុយកាក់​ក៏​ត្រូវ​តែ​មាន​លិខិត​ស្នាម​ច្បាស់លាស់ ហើយ​បើ​អាច​មាន​របស់​បញ្ចាំ​ជៀសវាង​អ្នក​ខ្ចី​ក្លាយជា​ទុំ គឺ​ខ្ចី​មិន​សង​។​ទោះជា​អ្នក​ខ្ចី មិន​សង​ក៏​អ្នក​ឱ្យ​ខ្ចី​ជា​ម្ចាស់​លុយ​មាន​របស់​សម្រាប់​កាត់កង​កុំឱ្យ​បាត់បង់​ទាំង​លុយ ហើយ​បាត់បង់​ទាំង​មិត្តភាព និង​ខាត​ពេល​ឈ្លោះ​ទាស់ទែង​គ្នា​ថែម​ទៀត​។

តែបើ​យក​ល្អ​អ្នកមាន​លុយ ឬ​មាន​របស់​ឱ្យ​គេ​ខ្ចី​គួរតែ​កុំ​ប្រកប​របរ​ចងការ​ប្រាក់ ព្រោះតែ​ចង់បាន​ការ​ប្រាក់​គេ​។​កន្លង​មក អ្នកមាន​លុយ​ចងការ​ប្រាក់​មិន​តិច​ទេ ត្រូវ​អ្នក​ខ្ចី​បោកប្រាស់​ពិសេស​ស្ថាប័ន​ធំ​ៗ​មួយ​ចំនួន​ហ៊ាន​ឱ្យ​ការ​ប្រាក់​ថ្លៃ​ៗ តែ​ចុង​ក្រោយ​ម្ចាស់​លុយ​ត្រូវ​ចាញ់បោក​គេ​អស់​រាប់​ពាន់​ចូល​ខ្ទង់​ម៉ឺន​ដុល្លារ ដោយសារ​តែ​ចង់​ស៊ីការប្រាក់​គេ​នេះ​។

ងាក​មក​សម័យ​ហ្វេ​ស​ប៊ុ​ក​នេះ​វិញ​ពិសេស​អ្នកសិល្បៈ​មិន​មាន​អ្វី​ក្រៅ​តែ​ពី​អស់ទាំង​លុយ​ហើយ​អស់ទាំង​មិត្តភាព និង​ខាត​ទាំង​ពេល​ព្រោះតែ​រឿង​ឱ្យ​ខ្ចី​លុយ​ចង់បាន​ការ​ប្រាក់​នេះឯង​។​អ្នក​ខ្ចី​លុយ​គេ​ក៏​ត្រូវ​តែ​ថ្លៃថ្នូរ​។ បើ​ខ្ចី​មិន​សង​ដូច្នេះ ថ្ងៃក្រោយ​ខ្ចី​នរណា​បាន​ទៀត ហើយ​ត្រូវ​ម្ចាស់​លុយ ហែកកេរ្តិ៍​ពេញ​ហ្វេ​ស​ប៊ុ​ក​ថែម​ទៀត​។​បើ​ខ្ចី​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​វិញ តើ​អ្នក​ខ្ចី​ហ៊ាន​មិន​សង​លុយ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ឬទេ? បើ​មិន​បង់លុយ​សង​តាម​កាលកំណត់​ទេ​ច្បាស់​ណាស់ អ្នក​ខ្ចី​នឹង​ត្រូវ​ផាកពិន័យ ហើយ​ចុង​ក្រោយ​នឹង​ត្រូវ​គេ​រឹបអូស​យក​ផ្ទះ​យក​ដី ឬ​របស់របរ ដែល​ដាក់បញ្ចាំ​ជា​មិន​ខាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ