ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះ​​បន្តិច​ឈ្លោះ​គ្នា​បែកផ្សែង​ផ្អើល​គេឯង​ ចុង​ក្រោយរឿង​ទាំង​២

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​អ្នកលក់​ផ្លែ​មាន​ម្នាក់​បាន​ប្រើ​កន្ត្រៃ​ចាក់​ទៅ​លើ​បុរស​ម្នាក់​ទៀត ដែល​ជា​អ្នក​ហៅ​ម៉ូយ​ដាក់​រថយន្តឈ្នួល ចំ​ពីក្រោយ​ត្រង់​ផុត​លិច​១​កន្ត្រៃ ព្រោះតែ​ទំនាស់​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះហើយ បណ្ដាល​ឲ្យ

រាជធានី​ភ្នំពេញ ៖ បុរស​អ្នកលក់​ផ្លែ​មាន​ម្នាក់​បាន​ប្រើ​កន្ត្រៃ​ចាក់​ទៅ​លើ​បុរស​ម្នាក់​ទៀត ដែល​ជា​អ្នក​ហៅ​ម៉ូយ​ដាក់​រថយន្តឈ្នួល ចំ​ពីក្រោយ​ត្រង់​ផុត​លិច​១​កន្ត្រៃ ព្រោះតែ​ទំនាស់​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះហើយ បណ្ដាល​ឲ្យ​រង​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ដួល​ដេក​នៅ​នឹង​កន្លែង និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដើម្បី​សង្គ្រោះ​បន្ទាន់​។ ចំណែកឯ​ជន​ដៃដល់​ខាងលើ​នោះ ត្រូវ​បាន​កម្លាំង​ប្រជា​ការពារ​ភូមិ រួម​ជាមួយ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់ខ្លួន​បាន និង​បាន​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​។

ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជន​បង្ក​ឈ្មោះ ទី សុវណ្ណ ហៅ​ហ៊ិ​ន សុវណ្ណ អាយុ​៤៥​ឆ្នាំ មុខរបរ​លក់​ផ្លែ​ឈើ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ព្រៃ​ឃ្លោក ឃុំ​ស្វាយ តា​យារ ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​។ ដោយឡែក​បុរស​រង​គ្រោះ​ឈ្មោះ សុះ វណ្ណៈ ហៅ​ពេជ្រ អាយុ​២៣​ឆ្នាំ មុខរបរ​ហៅ​ម៉ូយ​ដាក់​រថយន្តឈ្នួល ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ឧត្តម​សូ​រិ​យា ឃុំ​ស្រ​ង៉ែ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខាងលើ គេ​បានឃើញ​ជន​ដៃដល់ និង​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង តាម​ផ្លូវជាតិ​លេខ​៣ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​មិនដឹង​ថា មានរឿង​អ្វី​កើតឡើង​នោះ​ឡើយ ស្រាប់តែ​ឃើញ​បុរស​អ្នកលក់​ផ្លែ​មាន​នោះ ទាញ​កន្ត្រៃ​ចាក់​ទៅ​លើ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​តែ​ម្ដង​។ ខណៈនោះ​ជន​ដៃដល់​ប្រុង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​ប្រជា​ការពារ​ភូមិ និង​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្បែរ​នោះ នាំ​គ្នា​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ និង​បាន​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​។

ក្រោយ​ពេល​នាំ​ទៅ​ដល់​ប៉ុស្ដិ៍​នគរបាល ជនសង្ស័យ​បាន​និយាយ​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាក់​ទៅ​លើ​ជន​រប​គ្រោះ​១​កន្ត្រៃ​មែន ដោយសារ​ជម្លោះ​គ្នា ហើយ​ខ្លួន និង​ជន​រង​គ្រោះ​មិន​ដែល​ធ្លាប់​មាន​ទំនាស់​គ្នា​ពី​មុន​មក​ទេ ហើយ​ក៏​មិន​ដែល​មាន​ទំនាស់ និង​គំនុំ​ជាមួយ​គ្នា​ពី​មុន​មក​ដែរ​។

ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ ខ្លួន និង​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ជើង​ទៅ​ត្បូង ខណៈនោះ​ខ្លួន​បាន​ប៉ះ​ម៉ូតូ​ជន​រង​គ្រោះ​បន្តិច ក៏​ត្រូវ​បុរស​រង​គ្រោះ​ជិះ​ជែង​ទៅ​ឈប់​ស្ទាក់ផ្លូវ​ពីមុខ ហើយ​បាន​រករឿង​ជេរ ព្រមទាំង​ចង់​វាយតប់​មក​លើ​ខ្លួន​ទៀត ទើប​ពេល​នោះ​ខ្លួន​បាន​ទាញ​យក​កន្ត្រៃ​ចាក់​ការពារ​ខ្លួន​តែ​ម្ដង​។

ទាក់ទិន​ទៅ​នឹង​រឿងរ៉ាវ​ខាងលើ​នោះ ខាង​សាច់ញាតិ​បុរស​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មិន​បានដឹង​ថា រវាង​បុ​ររ​សរង​គ្រោះ និង​ជន​ដៃដល់​មាន​ទំនាស់​គ្នា​រឿង​អ្វី​នោះ​ឡើយ គ្រាន់តែ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​រៀបចំ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តកំពង់ធំ ប៉ុន្តែ​ដោយសារ​រង់ចាំ​ប្រពន្ធ​ធ្វើ​ដំណើរ​មក​ពី​ខេត្តតាកែវ ដើម្បី​ទៅ​ទាំងអស់​គ្នា ហើយ​ប្រពន្ធ​មិន​ទាន់​មក​ដល់​គេ បាន​ហៅ​ម៉ូយ​ដាក់​រថយន្តឈ្នួល​សិន ហើយ​បន្ទាប់​មក​ក៏​ស្រាប់តែ​មាន​ទំនាស់​ជាមួយ​ជន​ដៃដល់ ហើយ​ក៏​ត្រូវ​បាន​ជន​នោះ​ចាក់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​បែប​នេះ​តែ​ម្ដង​៕