ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវី​ចូល​ក្លិប​ខារ៉ាអូខេ ប៉ះ​ជើង​ខ្លាំង​ដើរ​បុក​គ្នា ទាត់​ធាក់​ដាល់​ខៀវ​ភ្នែក

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ម៉ោង​ប្រមាណ​ជា​១០​កន្លះ​យប់​ថ្ងៃ​ទី​១៨ មីនា មាន​ករណី​ប្រើ​អំពើ​ហិ.ង្សា​មួយ​កើតឡើង​ក្នុង​ក្លិប​ខារ៉ាអូខេ ស៊ី​ធីហ្គោ​ល

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ម៉ោង​ប្រមាណ​ជា​១០​កន្លះ​យប់​ថ្ងៃ​ទី​១៨ មីនា មាន​ករណី​ប្រើ​អំពើ​ហិង្សា​មួយ​កើតឡើង​ក្នុង​ក្លិប​ខារ៉ាអូខេ ស៊ី​ធីហ្គោ​ល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រុម​ទី​១៣ ភូមិ​១  សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។​ ជន​រង​គ្រោះ​ឈ្មោះ ហេង រិ​ទ្ធី ជា​មេធាវីខេត្ត​ព្រះ​សីហ​នុ អាយុ​៣៦​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​១ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

លោក​មេធាវី​បានឱ្យ​ដឹង​ថា ករណី​ប្រើ​អំពើ​ហិង្សា​ខាងលើ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​មក​លើ​រូប​គាត់​ក្នុង​ក្លិប​ខារ៉ាអូខេ ស៊ី​ធី​ហ្គោ​ល​នោះ ខណៈ​ដែល​រូប​គាត់​ត្រូវ​មិត្តភក្តិ​ហៅ​ទៅ​ចូលរួម​នៅ​ក្នុង​កម្មវិធី​ក្នុង​ក្លិប​នោះ​។ ក្រោយ​ពេល​កើតហេតុ លោក​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ជនសង្ស័យ​ម្នាក់​នោះ​មក​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ។ 

លោក​មេធាវី​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ រូប​លោក​បាន​ឡើងជណ្តើរ​ទៅ​ជាន់​ខាងលើ ក៏​បាន​ប៉ះស្មាគ្នា​ជាមួយ​ជនសង្ស័យ​ដែល​បាន​ដើរ​ចុះ​មក​ខាងក្រោម ។ ពេល​នោះ​លោក​មេធាវី​ក៏​បាន​សួរ​ថា ហេតុ​អ្វី​បានជា​ដើរមក​បុក​ខ្ញុំ​យ៉ាងនេះ? ពេល​នោះ​ជនសង្ស័យ​មិន​បាន​ឆ្លើយ​តប​ទេ ហើយ​ក៏​បាន​ដាល់​រូប​លោក​មួយ​ដៃ​ចំ​ចិញ្ចើម​ឡើង​ហើម​ជាំ និង​ទាត់​ធាក់់​បន្ថែម​ទៀត​រួច​ក៏​នាំ​បក្សពួក​ឡើង​រថយន្ត​វី​ហ្គោ ពណ៌​ស ពាក់​ផ្លា​ក​លេខ ខ​.​ម​2-2525 គេចខ្លួន​បាត់​ស្រមោល​ដោយ​មិន​មានការ​ឃាត់ខ្លួន​ពី​សំណាក់​សមត្ថកិច្ច និង​សន្តិសុខ​ដែល​យាម​ប្រចាំការ​នៅ​ក្លិប​កម្សាន្ត​ខារ៉ាអូខេ​ខាងលើ​នោះ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ លោក​មេធាវី ហេង រិ​ទ្ធី ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ នៅ​វេលា​ម៉ោង​ប្រមាណ​ជា​ជិត​១០​កន្លះ​យប់​ថ្ងៃ​ទី​១៨ មីនា ២០១៧ ដោយ​ភ្ជាប់​ជាមួយ​រូបភាព​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ដែល​ជនសង្ស័យ​រួម​នឹង​បក្សពួក​ចូល​ច្រៀង​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​មុន​ពេល​កើតហេតុ ។

រហូត​មក​ដល់​ពេល​នេះ នគរបាល​ប៉ុស្តិ៍ កំពុងធ្វើការ​ស្រាវជ្រាវ​រក​ជនសង្ស័យ​និង​បក្សពួក​ដើម្បី​យក​មក​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់ មិន​ឱ្យ​ជន​បង្ក​រួច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ឡើយ ។

ភ្ញៀវ​ដែល​បាន​ចូល​ទៅ​ក្នុង​ក្លិប​កម្សាន្ត​ខាងលើ ដែល​បានឃើញ​ហេតុការណ៍​បាន​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ខណៈ​ដែល​សមត្ថកិច្ច និង​សន្តិសុខ​ដែល​យាម​ប្រចាំការ​នៅ​ក្នុង​ក្លិប​នោះ​មិន​បាន​ឃាត់ខ្លួន​ជន​បង្ក​របួស​ស្នាម ។ ដូច្នេះ​គ្រប់​អតិថិជន​គួរ​ស្វែង​យល់​ដោយ​ខ្លួនឯង ថា​តើ​គួរ​ចូល​ទៅ​កម្សាន្ត​នៅ​ក្លិប​ខាងលើ​នោះ​ទៀត ឬ​យ៉ាងណា ?

ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​ខាងលើ ភ្នាក់ងារ​យក​ព័ត៌មាន​យើង​មិន​អាច​រក​ការ​បកស្រាយ​ពី​ម្ចាស់​ក្លិប​ខាងលើ​នេះ​បាន​ទេ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​ដើម្បី​ទំនាក់ទំនង ៕