ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាតិ​កូនកំលោះ​-​កូនក្រមុំ ឈឺឆ្អាល​ប្រាក់​ចំណងដៃ វាយតប់​គ្នា​របួស​សងខាង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ឈឺឆ្អាល​រឿង​ប្រាក់​ចំណងដៃ​បាន​ធ្វើ​ឱ្យ​សាច់ញាតិ​កូនកំលោះ និង​កូនក្រមុំ​បើក​ឆាកប្រយុទ្ធ​គ្នា​ស៊ី​សាច់ហុតឈាម​រហូត​រង​របួស​ទាំង​សងខាង

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ឈឺឆ្អាល​រឿង​ប្រាក់​ចំណងដៃ​បាន​ធ្វើ​ឱ្យ​សាច់ញាតិ​កូនកំលោះ និង​កូនក្រមុំ​បើក​ឆាកប្រយុទ្ធ​គ្នា​ស៊ី​សាច់ហុតឈាម​រហូត​រង​របួស​ទាំង​សងខាង និង​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រៀង​ៗ​ខ្លួន ។

លោក​វរសេនីយ៍ឯក អ៊ូច ហៀ​ង អធិការ​នគរបាល​ក្រុង​ច្បារមន បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ថា ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែមីនា  នៅផ្ទះ​ការកូន​របស់​ឈ្មោះ ពេជ្រ សា​វ៉េ​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ស្គុះ សង្កាត់​ស្វាយ​ក្រវាន់ ក្រុង​ច្បារមន ។ ជន​រង​គ្រោះ​ទាំង​សងខាង ភាគី​ខាង​កូនស្រី ឈ្មោះ ផុ​ន សោភា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ជុំ​ស្រុក ឃុំ​ជង្រុក ស្រុក​គងពិសី ។ ឯ​ភាគី​ខាង​កូនកំលោះ ឈ្មោះ ផុ​ន ណា​វី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ឈូក​គៀប ឃុំ​ផុង ស្រុក​បរ​សេដ្ឋ ។

លោក​អធិការ​បន្ត​ថា ក្រោយ​កើតហេតុ នៅព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា កម្លាំង​នគរបាល​ក្រុង​បាន​ចុះ​ធ្វើ​កំណត់ហេតុ​ស្រាវជ្រាវ​អំពី​មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ដោយ​ចេតនា​នេះ ។

ក្រោយ​ស្រាវជ្រាវ​ទើប​ដឹង​ថា រឿង​នេះ​បង្ក​ឡើងដោយ​ភាគី​កូនក្រមុំ​និង​ភាគី​កូនកំលោះ នៅ​ពេល​បញ្ចប់​កម្មវិធី​ទ​ទូល​ភ្ញៀវ​ក៏​មានការ​ផឹកស៊ី​ក្រោមផ្ទះ​កូនក្រមុំ​ជា​បន្ត​ទៀត ។ ពេល​ផឹក​ស៊ី​យូរ​ៗ​ទៅ ភាគី​កូនក្រមុំ ក៏​សួរ​អំពី​ការ​ប្រគល់​លុយ​ចំណងដៃ ឱ្យមក​ខាង​កូនក្រមុំ ។ ពេល​នោះ​ការ​ជជែក​គ្នា​ឈាន​ដល់​តឹងសរសៃក​រៀង​ៗ​ខ្លួន ក៏​កើត​មាន​ជម្លោះ​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឱ្យ​រង​របួស​ទាំង​សងខាង​ចំនួន​២​នាក់​តែ​ម្តង ។

ក្រោយ​កើតហេតុ ភាគី​សាច់ញាតិ​ទាំង​សងខាង​បាន​បញ្ជូន​អ្នក​រង​របួស​ទៅ​មន្ទីរពេទ្យ​រៀង​ៗ​ខ្លួន ដោយ​មិន​ទាន់​មាន​អ្នក​ណា​ប្តឹង​អ្នក​ណា​ឡើយ ។ រីឯ​លទ្ធផល​នែ​ការ​ប្រ​យុ​ទ្ទ​គ្នា​នេះ គឺ​ភាគី​កូនក្រមុំ​រង​របួស​ដៃស្តាំ​ដេរ​២២​ថ្នេរ និង​ក្បាល​ដេ​៣​ថ្នេរ ចំណែក​ភាគី​កូនកំលោះ​រង​របួស​ដៃ​ដេរ​១២​ថ្នេរ ។

បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​រួច សមត្ថកិច្ច​បាន​ចងក្រង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ លោក​ឧត្តមសេនីយ៍ត្រី សម សា​មួន ស្នងការ​នគរបាល​ខេត្ត បានឱ្យ​ដឹង​ដែរ​ថា ករណី​នេះ​ខាង​សមត្ថកិច្ច​មិន​បាន​ឃាត់ខ្លួន​ភាគី​ទាំង​២​ឡើយ ។ ការ​មិន​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​របស់​ចាស់ទុំ​ទាំង​សងខាង ដោយ​ខាង​សមត្ថកិច្ច​ទុក​ឱកាស​ត្រឹម​ថ្ងៃ​ទី​១៩ ខែមីនា បើ​សម្របសម្រួល​មិន​ត្រូវ​គ្នា​ទេ នឹង​បញ្ជូន​សំណុំរឿង​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​បន្ត ។

លោកស្នងការ បាន​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មានរឿង​វាយតប់​គ្នា​នេះ បើ​តាម​ការ​សើ​ុ​ប​សួរ​គឺ​ផ្តើម​ចេញពី​រឿង​សាច់ញាតិ​កូនក្រមុំ​សួរ​ទៅ​ខាង​កូនកំលោះ​ថា «​តើ​បាន​ចំណងដៃ​ប៉ុន្មាន បើ​សំបុត្រ​យក​ទៅ​ដល់​ម្ភៃ​សំបុត្រ ។ ពេល​នោះ​ខាង​កូនកំលោះ​ឆ្លើយ​ថា​លុយ​ចំណងដៃ​បាន​តែ​ម្ភៃ​ម៉ឺ​ន​រៀល​ទេ​» ស្រាប់តែ​ភាគី​កូនក្រមុំ​ឆ្លើយ​ថា ក្រែង​លុយ​ចំណងដៃ​បាន​២​លាន​រៀល ហេតុ​អី​នៅ​សល់​តែ​ម្ភៃ​ម៉ឺន​រៀល​ទៅ​វិញ ។ និយាយ​មិន​ទាន់​ចប់​ផង ភាគី​ខាង​កូនកំលោះ​បាន​វាយ​ទៅ​លើ​ភាគី​កូនក្រមុំ​បណ្តាល​ឱ្យ​កើតការ​វាយតប់​គ្នា​តែ​ម្តង ។

មានការ​លើក​ឡើង​ថា ការ​បង្ក​អំពើ​ហិង្សា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​សាច់ញាតិ​កូនកំលោះ​និង​កូនក្រមុំ​នេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​សាមីខ្លួន​ខ្មាស​អ្នកស្រុក​ភូមិ​ផង​របង​ជាមួយ​គ្នា​នោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ដល់​អ្នក​ទាំង​២​នាក់​ថា មិន​គួរ​ណា​នាំ​គ្នា​ធ្វើ​ទ​ង្វើ​មិន​គួរ​ធ្វើ​បែប​នេះ​សោះ ។ ជាង​នេះ​ទៅ​ទៀត មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ខ្លួន​ខ្មាស​គេ​នោះ​ទេ គឺ​បាន​អូស​ឲ្យ​កូនកំលោះ​និង​កូនក្រមុំ​ខ្មាស​ញាតិ​ទាំង​សងខាង​មិន​ស្ទើរ​នោះ​ទេ តែ​រឿងរ៉ាវ​ទាំងនេះ​មិន​បាន​ធ្វើ​ឱ្យ​រំខាន​ដល់​បំណង​កូនកំលោះ​និង​កូនក្រមុំ​ដែល​ក្លាយជា​គូ​ស្វាមីភរិយា​ថ្មោងថ្មី​នេះ​ឡើយ ៕