ខេត្តរតនគិរី ៖ កម្លាំងនគរបាលអន្តោប្រវេសន៍បានចុះឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ ពីបទលួចឆ្លងដែនចូលមកកាប់ឈើដោយខុសច្បាប់។ ការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ក្នុងភូមិសាស្ត្រព្រៃឈើក្នុងតំបន់ព្រំប្រទល់ចំនួនបីស្រុក គឺស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាស ស្រុកបកែវ។
យោងតាមរបាយការណ៍សមត្ថកិច្ចជំនាញអន្តោប្រវេសន៍បានឲ្យដឹងថា ក្នុងសកម្មភាពឃាត់ខ្លួននេះ គឺកម្លាំងជំនាញបានចុះធ្វើការត្រួតពិនិត្យតាមខ្សែក្រវ៉ាត់ព្រំដែន និងកម្មករបរទេសនៅតាមក្រុមហ៊ុនបន្ទាប់មកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា សព្វថ្ងៃនៅតាមខ្សែក្រវ៉ាត់ព្រំដែនដែលជាប់ព្រំប្រទល់មានជនជាតិវៀតណាមជាច្រើននាក់ កំពុងលួចចូលមកទឹកដីខ្មែរកាប់អារឈើខុសច្បាប់។
របាយការណ៍បានបន្តថា ជាក់ស្តែងពេលចុះទៅដល់ គឺជនជាតិវៀតណាមមួយចំនួនបានរត់គេចខ្លួនបាត់អស់។ បន្សល់ទុកសម្ភារមួយចំនួនសម្រាប់ប្រើក្នុងការកាប់ឈើជាច្រើននៅក្នុងព្រៃនោះ។ វត្ថុតាងដែលដកបានមាន ម៉ាស៊ីនត្រង់ស៊ីន័រកាត់ឈើចំនួន០៥គ្រឿង ត្រាក់ទ័រអូសឈើចំនួន០៣គ្រឿង នៅក្នុងព្រៃ។ ចំណែកអ្នកបើកត្រាក់ទ័របានរត់គេចខ្លួនបាត់ និងសម្ភារជាច្រើនទៀតមិនអាចយកមកបាន ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សមត្ថកិច្ចបានបន្តទៀតថា ឈ្មោះជនជាតិវៀតណាមទាំង៧នាក់នោះ មិនទាន់ឱ្យឈ្មោះពិតប្រាកដមកសារព័ត៌មាននោះទេ ព្រោះជាប់រវល់កំពុងធ្វើការនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧៕
ចែករំលែកព័តមាននេះ