ខេត្តក្រចេះ ៖ សាកសពក្មេងស្រីសិស្សសាលាម្នាក់ត្រូវបាននគបាល និងសាច់ញាតិ បានរាវរក និងស្រង់ចេញពីទឹកទន្លេ បន្ទាប់ពីក្មេងស្រីរងគ្រោះបានជួបហេតុការណ៍លង់ទឹក ទន្លេ បណ្តាលឲ្យស្លាប់បានមួយថ្ងៃរួចមក។
ការភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីម៉ោង១០ព្រឹក ថ្ងៃទី១៨ មីនា ពីសិស្សានុសិស្ស និងពលរដ្ឋក្នុងឃុំចំបក់ ស្រុកព្រែកប្រសព្វ បន្ទាប់ពីមានព័ត៌ថា មានសិស្សមួយក្រុមបាននាំគ្នាចុះទៅលេងទឹកទន្លេ និងបានជួបហេតុការណ៍លង់ពីរនាក់ ក្នុងនោះជួយសង្គ្រោះបានម្នាក់ និងម្នាក់ទៀតត្រូវបាត់ខ្លួន។
នគរបាលប៉ុស្តិ៍រដ្ឋបាលចំបក់បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ស៊ា កាន់យ៉ា អាយុ១៤ឆ្នាំ ជាសិស្សរៀននៅថ្នាក់ទី៩ នៅវិទ្យាល័យចំបក់ មានទីលំនៅក្នុងឃុំចំកប់ ស្រុកព្រែកប្រសព្វ។
បើតាមនគរបាលប៉ុស្តិ៍រដ្ឋបាលបានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃកើតហេតុពេលចេញពីរៀនក្មេងស្រីរងគ្រោះ និងមិត្តភក្តិប្រុសស្រីចំនួន៥នាក់ បាននាំគ្នាងូតទឹកលេងនៅខ្សាច់។ ពេលកំពុងងូត ស្រាប់តែក្មេងស្រីរងគ្រោះពីរនាក់បានជួបហេតុការណ៍លង់ទឹកតែម្តង ។ ក្នុងនោះមានក្មេងស្រីម្នាក់ត្រូវបានគេជួយសង្គ្រោះទាន់ពេល ចំណែកឯក្មេងស្រីរងគ្រោះត្រូវបានលេចបាត់ចូលក្នុងទឹក។
បើតាមការស្និដ្ឋានបានឲ្យដឹងថា មូលហេតុដែលនាងលង់ទឹក ដោយសារត្រូវធ្លាក់អន្លង់ខ្សាច់នៅឆ្ងាយច្រាំង។
នគរបាលបានឲ្យដឹងទៀតថា ក្រោយពីជួបហេតុការណ៍លង់ទឹកទន្លេស្លាប់ សពក្មេងស្រីរងគ្រោះ ក៏ត្រូវបានសាច់ញាតិស្រាវជ្រាវរុករកឃើញ នៅព្រឹកថ្ងៃទី១៩ មីនា បន្ទាប់ពីនាងបានជួបហេតុការណ៍លង់ទឹកមួយថ្ងៃមក៕
ចែករំលែកព័តមាននេះ