ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​និយាយ​ពីសារ​សំខាន់​នៃ​ប្រព័ន្ធ​លូ​ក្រោម​ដី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រព័ន្ធ​លូ​ក្រោម​ដី​ត្រូវ​បាន​ចាត់ទុកជា​ប្រព័ន្ធ​ដ៏​មាន​សារសំខាន់​ទាក់ទង​នឹង​សុខុមាលភាព​នៃ​ការ​រស់នៅ ខណៈ​ប្រព័ន្ធ​នេះ​បាន​និង​កំពុង​ចោទ​ជា​បញ្ហា​យ៉ាងច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​

រាជធានី​ភ្នំពេញ ៖ ប្រព័ន្ធ​លូ​ក្រោម​ដី​ត្រូវ​បាន​ចាត់ទុកជា​ប្រព័ន្ធ​ដ៏​មាន​សារសំខាន់​ទាក់ទង​នឹង​សុខុមាលភាព​នៃ​ការ​រស់នៅ ខណៈ​ប្រព័ន្ធ​នេះ​បាន​និង​កំពុង​ចោទ​ជា​បញ្ហា​យ៉ាងច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ទីក្រុង​នានា ។

លោក​បណ្ឌិត សេង ប៊ុ​ន​រិ​ទ្ធ អ្នក​ជំនាញការ​និង​ទីប្រឹក្សា​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី និង​ជា​អគ្គនាយក​ក្រុមហ៊ុន RLS International បាន​ពន្យល់​ពី​បញ្ហា និង​សារសំខាន់​នៃ​ប្រព័ន្ធ​លូ​ក្រោម​ដី​ដូច​ខាងក្រោម ។

បច្ចុប្បន្ន​នេះ មាន​ចលនា​ពុះ​ដី​ឡូត៍​លក់​ច្រើន តើ​លោក​បណ្ឌិត​មើលឃើញ​ដូច​ម្តេច​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បាន​រៀបចំ ?

អ្វី​ដែល​ខ្ញុំ​ផ្តោត​សំខាន់​គឺ​លើ​ប្រព័ន្ធ​ផ្លូវ និង​ប្រព័ន្ធ​លូ​ក្រោម​ដី ខ្ញុំ​ផ្តោត​ជា​ពិសេស​ទៅ​លើ​ប្រព័ន្ធ​ក្រោម​ដី មានការ​បែងចែក​ជា​ពីរ គឺ​ទី​១ ប្រព័ន្ធ​លូ​ទឹក​ស្អុយ និង​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង​រួម​បញ្ចូល​គ្នា ដែល​អនុវត្ត​ភាគច្រើន​នៅ​កម្ពុជា និង​ទី​២ ការ​សាងសង់​ប្រព័ន្ធ​លូ​បែងចែក​រវាង​ទឹក​ស្អុយ និង​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង​ដាច់​ពី​គ្នា ។ ប្រព័ន្ធ​ទាំង​ពីរ​នេះ​មាន​ផលប្រយោជន៍​ផ្សេង​គ្នា ប៉ុន្តែ​ទំហំ​នៃ​ការ​ចំណាយ​លើ​ការ​រៀបចំ​ប្រព័ន្ធ​បែងចែក​ដាច់​ពី​គ្នា​រវាង​លូ​ទឹក​ស្អុយ និង​ទឹកភ្លៀង គឺ​មានការ​ចំណាយ​លើស​ពាក់កណ្តាល បើ​ធៀប​នឹង​ប្រព័ន្ធ​ដែល​ប្រើប្រាស់​រួម​បញ្ចូល​គ្នា ។

តើ​ការ​បែងចែក​ប្រព័ន្ធ​ទាំង​ពីរ​នេះ​មាន​ផលប្រយោជន៍​យ៉ាងដូចម្តេច ?
បើ​សង់​លូ​ទឹកភ្លៀង និង​លូ​ទឹក​ស្អុយ​រួម​បញ្ចូល​គ្នា​ធ្វើ​ឲ្យ​មានការ​ចំណាយ​ទាប ប៉ុន្តែ​ការ​បែងចែក​លូ​ទឹកភ្លៀង និង​ទឹក​ស្អុយ​ដាច់​ពី​គ្នា​មាន​ផលប្រយោជន៍ ព្រោះ​ពេល​គេ​ឌី​សាញ​លូ​ឡើង គេ​គិត​ពី​កម្ពស់​ទឹកភ្លៀង​ដែល​នឹង​ធ្លាក់​ចុះ​មក ដើម្បី​ធ្វើ​យ៉ាងណា កុំ​ឲ្យ​មានការ​លិចលង់​នៅ​តំបន់​ណាមួយ ប៉ុន្តែ​ចៃដន្យ​អាក្រក់ ឆ្នាំ​ណាមួយ​ភ្លៀង​ធ្លាក់​ខ្លាំង បើ​គ្មាន​ការ​បែងចែក​រវាង​ទឹកភ្លៀង និង​ទឹក​ស្អុយ នឹង​ធ្វើ​ឲ្យ​លិច​ប្រព័ន្ធ​លូ ដែល​ធ្វើ​ឲ្យ​ទឹក​ស្អុយ​ខ្ពុរ​ឡើង​មក​ខាងលើ ។ ដូច្នេះ ផ្នែក​ខាងលើ​លែង​មានការ​បែងចែក​រវាង​ទឹកភ្លៀង និង​ទឹក​ស្អុយ​ទៀត​ហើយ តែ​វា​ជា​ការ​លាយ​បញ្ចូល​គ្នា​រវាង​ទឹកភ្លៀង និង​ទឹក​ស្អុយ ដែល​ធ្វើ​ឲ្យ​មាន​មេរោគ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។

តើ​ការ​ចម្រោះ​ទឹក​ស្អុយ​មាន​សារសំខាន់ និង​គួរ​អនុវត្ត​យ៉ាងដូចម្តេច ?
ជា​ទូទៅ នៅ​ប្រទេស​ណា​ក៏​ដូច​ជា​ប្រទេស​ណា​ដែរ ទឹក​ស្អុយ​គេ​មិន​ចាក់ចោល​ទាំងស្រុង​ទេ គឺ​គេ​យក​វា​ចម្រោះ​សិន ។ នៅ​ពេល​គេ​យក​វា​ទៅ​សម្អាត ត្រង់នេះ​ហើយ​ជា​ផលប្រយោជន៍​នៃ​ប្រព័ន្ធ​ញែក​រវាង​ទឹកភ្លៀង និង​ទឹក​ស្អុយ ។ ឧទាហរណ៍ ទឹក​ស្អុយ​នៅ​តំបន់​មួយ​បង្កើត​បាន​១០​ម៉ែត្រ​គីប​ក្នុង​១​ថ្ងៃ តំបន់​នោះ​គ្មាន​ប្រព័ន្ធ​ញែក​ទេ មាន​តែ​ប្រព័ន្ធ​លូ​រួម ។ អីចឹង​នៅ​ពេល​ទឹកភ្លៀង​ធ្លាក់​មក ទឹកភ្លៀង​ក្នុង​លូ​មិន​មែនមាន​បរិមាណ​១០​ម៉ែត្រ​គីប​ទេ គឺ​ឡើង​ដល់​៣០០​ម៉ែត្រ​គីប ឬ​ច្រើន​ជាង​នេះ ។

តើ​នៅ​ក្នុង​ទីក្រុង​មួយ ឬ​ទីប្រជុំជន​មួយ​គួរតែ​មានការ​វិនិយោគ​ប្រព័ន្ធ​ញែក​នេះ​ឬទេ ?
គួរតែ​ធ្វើ ពីព្រោះ​ក្រសួងបរិស្ថាន​ក៏​បាន​គិត​ដែរ គឺ​ចង់​ឲ្យ​ទីក្រុង​ទាំងអស់​មាន​ប្រព័ន្ធ​បែង​ចែង​បែប​នេះ ប៉ុន្តែ​ដោយសារ​កម្ពុជា​មាន​កង្វះខាត​ទាំង​ធនធានមនុស្ស និង​ថវិកា ទើប​យើង​ធ្វើ​ជា​លក្ខណៈ​រួម​សិន ។ សព្វ​ថ្ងៃនេះ នៅ​កម្ពុជា​មាន​ទីក្រុង​ពីរ​ហើយ ដែល​មាន​អាង​ធ្វើ​ប្រព្រឹត្ត​កម្ម ឬ​ចម្រោះ​ទឹក​ស្អុយ គឺ​ក្រុងព្រះសីហនុ និង​ក្រុង​សៀមរាប ដែល​បាន​និង​កំពុង​ដំណើរការ​ដោយ​រាជរដ្ឋាភិបាល ។ ក្រុងព្រះសីហនុ​មានការ​រៀបចំ​ប្រព័ន្ធ​ញែក​រវាង​ទឹកលូ និង​ទឹកភ្លៀង​ហើយ ។

តើ​ប្រព័ន្ធ​ញែក​ទឹក​ស្អុយ និង​ទឹកភ្លៀង និង​ការ​បង្កប់​ខ្សែភ្លើង​ក្រោម​ដី​ជួយ​ការពារ​ហានិភ័យ​អ្វីខ្លះ ?
សម្រាប់​ខ្សែភ្លើង​ក្រោម​ដី វា​ជួយ​ជា​សោភ័ណ​ភាព និង​ការពារ​ការ​ឆក់ ឬ​ដាច់​អ្វីមួយ​បាន ប៉ុន្តែ​សម្រាប់​ប្រព័ន្ធ​លូ​ញែក​រវាង​ទឹកភ្លៀង និង​ទឹក​ស្អុយ មាន​ន័យ​ថា កន្លែង​ណា​រស់នៅ​ល្អ គឺ​មាន​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ល្អ មិន​ធ្វើ​ឲ្យ​លិចលង់​នៅ​ពេល​ភ្លៀង​ទេ ហើយ​ទឹក​ស្អុយ​ចេញពី​លំនៅ​ឋាន ត្រូវ​បាន​គេ​យក​ទៅ​ចម្រោះ​ឲ្យ​ស្អាត ទើប​បង្ហូរ​ចោល​ទៅ​ទីណា​មួយ។

ការ​សម្អាត​ទឹក​ស្អុយ វា​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​ទឹក​ក្រោម​ដី និង​ទឹក​សម្រាប់​ប្រើប្រាស់​ទេ ។ ផ្ទុយ​ទៅ​វិញ ប្រសិនជា​ទឹក​ស្អុយ​មិន​ត្រូវ​បាន​សម្អាត វា​នឹង​មាន​ហានិភ័យ​ដល់​សុខភាព​ខ្ពស់ ព្រោះ​តាម​រយៈ​ការ​សិក្សា​រក​ឃើញ​ថា ប្រជាពលរដ្ឋ​នៅ​ក្រុងភ្នំពេញ ពួក​គេ​បាន​ប្រើប្រាស់​អាង​ទឹក​ក្រោម​បង្គន់ ដែល​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ជា​អាង​ធ្វើ​តាម​នឹកឃើញ ។ ជា​ទូទៅ យើង​បាន​រក​ឃើញ​គឺ​៧០%​ទៅ​៨០% នៃ​អាង​ទឹក​បង្គន់ មិន​បាន​បិទ​បាត​ទេ ដែល​ធ្វើ​ឲ្យ​ទឹក​ស្អុយ​ជ្រាប​ចូល​ប្រព័ន្ធ​ទឹក​នៅ​ខាងក្រោម​ដី ហើយ​ប្រសិនជា​គាត់​ជីក​អណ្តូង​យក​ទឹក​មក​ប្រើប្រាស់​នោះ គឺ​មាន​ហានិភ័យ​ខ្ពស់​ណាស់​ដល់​សុខភាព ។

តើ​ការ​សាងសង់​លូ គួរ​ស្ថិត​ក្នុង​ទំហំ​ណាមួយ​ទើប​មាន​ភាព​សម​ស្រប ?
ការ​សាងសង់​លូ​ទំហំ​ប៉ុណ្ណា មិន​អាច​និយាយ​បាន​ទេ ព្រោះ​បើ​គណនា​លូ​សម្រាប់​ទឹកភ្លៀង ឬ​ទឹក​ស្អុយ វា​អាស្រ័យ​ទំហំ​ទីតាំង​ដី និង​ចំនួន​ប្រជាពលរដ្ឋ តើ​ផ្ទៃ​រងទឹក​ភ្លៀង​ធំ​ប៉ុណ្ណា គេ​នឹង​ធ្វើការ​ឌី​ហ្សា​ញ​លូ​ធំ​ទំហំ​តាម​នោះ និង​តូច​ទៅ​តាម​ផ្ទៃ​រងទឹក​ភ្លៀង​ជាក់ស្តែង ប៉ុន្តែ​វា​ក៏​អាស្រ័យ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​លូ​ត្រូវ​ហូរ​ទៅ​កាន់​ខ្នែង​ដទៃ​ច្រើន ឬ​តិច​ផង​ដែរ ។

បើ​សាងសង់​លូ​ធំ ត្រូវ​ចំណាយ​ប្រាក់​ច្រើន ដូច្នេះ ប្រសិនជា​មាន​ប្រព័ន្ធ​ប្រឡាយ​ទម្លាក់​ពី​ខាង​មុខ​បណ្តើរ​ៗ គេ​មិនបាច់​សង់​លូ​ខាង​ចុង​ធំ​ទេ ។ ផ្ទុយ​ទៅ​វិញ បើ​គ្មាន​ប្រព័ន្ធ​លូ​បែងចែក​តូច​ៗ​ទេ អ្នក​វិនិយោគ​គម្រោង​ណាមួយ​ត្រូវ​សាងសង់​លូ​ធំ ៕