ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​ឈ្មោះ​មន្ត្រី​បើកដៃ​ឱ្យ​យួន​ចូល​កា.ប់​ឈើ​ដូច​ហ្វូង​ស្រមោច មើល​ក្នុង​អត្ថបទ​នេះ

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​២០​នាក់ ត្រូវ​បាន​គណៈកម្មការ​ថ្នាក់​ជាតិ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ហៅ​ទៅ​បំភ្លឺ​នៅ​សាលាខេត្

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​២០​នាក់ ត្រូវ​បាន​គណៈកម្មការ​ថ្នាក់​ជាតិ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ហៅ​ទៅ​បំភ្លឺ​នៅ​សាលាខេត្ត ដែល​មាន​ទាំង​មន្ដ្រី​យោធា​ព្រំដែន នគរបាល​ព្រំដែន និង​មន្ត្រី​បរិស្ថាន មាន​ទាំង​មេមាន​ទាំង​កូន ហៅ​ទាំងអស់​ឲ្យ​តែ​ជាប់​សង្ស័យ​ក្នុង​សំណុំរឿង​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល ដូច​ហ្វូង​ស្រមោច ។

រហូត​មក​ដល់​ថ្ងៃ​ទី​១៦ ខែមីនា មាន​រយៈពេល​៣​ស​ប្តា​ហ៍​មក​ហើយ ដែល​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​ព្រំដែន​ពីលើ​មេឃ ត្រូវ​បាន​អនុវត្ដ​យ៉ាង​ក្ដៅ​គគុក ។ ការ​បើក​ប្រតិបត្ដិការ​ពីលើ​មេឃ​នេះ ដោយសារ​ជិះ​ម៉ូតូ រថយន្ដ ឬ​ដើរទៅ​ចាប់ ពួក​ឈ្មួញ​នឹង​ផ្អើល​រត់​ចែក​ជើង​គ្នា​អស់ មុន​ពេល​កម្លាំង​សមត្ថកិច្ច​ទៅ​ដល់ ។ ដូច្នេះ​មាន​តែ​ប្រើ​ឧទ្ធម្ភាគចក្រ​៣​គ្រឿង​ហោះ​ទៅ​បង្ក្រាប​ទើប​ចាប់​បាន ។

ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែល​ទើប​ប្តូរ​ឈ្មោះ​ពី​តំបន់​អភិរក្ស​ជីវចម្រុះ​សីមា ស្ថិត​ក្នុងស្រុក​កែវ​សីមា មាន​ទំហំ​ជាង​២០​ម៉ឺន​ហិ​កតា ជាប់ខេត្តក្រចេះ ជាប់​ព្រំដែន​វៀតណាម ត្រូវ​គេ​កាប់​បំផ្លាញ​ជាង​២០​ឆ្នាំ​ហើយ និង​ប្រហែលជា​ជិត​រលាយ​អស់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ បើ​នៅ​តែ​មាន​មន្ត្រី​ពុក​រលួយ​នៅ​ធ្វើការ​កន្លែង​អស់ទាំង​នោះ​។ ពួក​គេ​មិនមែន​ពុក​រលួយ​តែ​ម្នាក់​ពីរ​នាក់​នោះ​ទេ គឺជា​ប្រព័ន្ធ ដែល​ធ្វើ​ឲ្យ​រលាយ​ហិនហោច​លឿន​ណាស់ ដោយសារ​តែ​ការ​ឃុបឃិត​គ្នា​បែប​នេះ ។

នៅ​តាម​ព្រំដែន មាន​ទាហាន​ការពារ​ព្រំដែន មាន​នគរបាល​ការពារ​ព្រំដែន នៅ​ក្នុង​ព្រៃ​មាន​មន្ត្រី​បរិស្ថាន​ជា​អ្នក​ការពារ ប៉ុន្តែ​បែរជា​មាន​ជនជាតិ​វៀតណាម​ចូល​ទៅ​កាប់​ឈើ​ពេញ​ដែនជម្រកសត្វព្រៃ មាន​តាំងពី​រថយន្ដ​កែ​ច្នៃ​បង្កុង ដំរី​ទឹកធំ​ៗ ដឹកឈើ​ហុប​ធំ​ៗ​ដែល​ជា​ឈើ​របស់​ខ្មែរ​រាប់​ពាន់​ម៉ែត្រគូប​ឆ្លង​ដែន​ចូល​ទឹកដី​វៀតណាម​ធ្វើ​ព្រងើយ ។

នៅ​ពេល​សាកសួរ​មន្ត្រី​ប្រចាំការ​នៅ​តាម​គោលដៅ​ដែល​កើត​បទល្មើស ពួក​អស់លោក​ទាំងនោះ​បាន​ត្រឹម​គំរាម​តប​វិញ ហើយ​ឆ្លើយ​ថា មិនដឹង មិន​មានអី​ផង កុំ​ចេះ​តែ​ថា ប្រយ័ត្ន​គេ​ប្តឹង ! លុះ​កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ​កន្លង​មក ឧទ្ធម្ភាគចក្រ​៣​គ្រឿង​បាន​ហោះ​ទៅ​ទម្លាក់​កងកម្លាំង​ចុះ​ចាប់​ដល់​កន្លែង ទើប​គេ​នាំ​គ្នា​ធ្វើ​ភ្នែក​ស្លឺ ភ្នែក​ស ភ្នែក​លៀន​ត្លែ​ដូច​ក្ដាម ឆ្លើយ​ដាក់​អ្នក​នេះ ឆ្លើយ​ដាក់​អ្នក​នោះ​យករួចខ្លួន ។

ចំណែក​មេ​នគរបាល​វរៈ​ការពារ​ព្រំដែន​ម្នាក់ត្រូវ​គេ​ខ្សឹបខ្សៀវ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា មិនត្រឹម​ទទួល​សំណែន​ម៉ឺន​ៗ​ដុល្លារ​នោះ​ទេ ថែម​ទាំង​ដាក់​រណារ​យន្ត ដាក់​រថយន្ដ​កែ​ច្នៃ​របស់​ខ្លួនឯង ចូល​ទៅ​អារ កាប់ ច្រៀក និង​ដឹក​ជញ្ជូន​យក​លុយ​ដាក់​ខោ​ប៉ៅ​របស់​ខ្លួន​ថែម​ទៀត​ផង ដែល​មើលទៅ​ល្មម​ដល់​ពេល​បែក​ពោះ​ហើយ ។

ពេល​នេះ​មន្ត្រី​យោធា​ចំនួន​៧​រូប និង​មន្ត្រី​នគរបាល​ចំនួន​១១​រូប ដែល​ថ្នាក់​ជាតិ​កោះហៅ​ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ជា​លទ្ធផល​ក្នុង​ចំណោមកងកម្លាំងប្រដាប់​អាវុធ​ទាំងនេះ មាន​មន្ត្រី​ខ្លះ​អាច​ប្រឈម​មុខ​នៅ​តុលាការ ខណៈ​ខ្លះ​ទៀត​ត្រូវ​បាន​អប់រំ និង​ផ្លាស់​ប្តូរ​ទៅ​កន្លែង​ផ្សេង ។

សមត្ថកិច្ច​ខេត្តមណ្ឌលគិរី បាន​លួច​បង្ហើប​ថា ការ​កោះហៅ​មន្ត្រី​យោធា និង​នគរបាល​ទាំងនោះ​ទៅ​សាកសួរ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤-១៥-១៦ ខែមីនា ហើយ​អាច​នឹង​បន្ត​នីតិវិធី​ទៀត ដែល​ពួក​គេ​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ។

មន្ត្រី​យោធា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​បទល្មើស​ព្រៃឈើ ដែល​គណៈកម្មការ​ថ្នាក់​ជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ហៅ​មក​សាកសួរ​រួម​មាន លោក ឯម សុង​ហ៊ួ មាន​តួនាទី​ជា​ប្រធាន​«​ខ​» និង​ជា​មេ​ប៉ុស្តិ៍​របៀង​ការពារ​ព្រំដែន​អូរ​ហ៊ុ​ច លោក កើត វេហា ជា​មន្ត្រី លោក ឡាយ សា​វី ជា​មន្ត្រី លោក លី ឆេ​ង​លី​ម ជា​មន្ត្រី លោក ទា ខៃ​ម៉េ​ង មាន​តួនាទី​ជា​ប្រធាន​«​គ​៣» ។

បន្ទាប់​ពី​សាកសួរ​មន្ត្រី​ខាងលើ​រួច គណៈកម្មការ​បាន​កោះហៅ​មន្ត្រី​យោធា​ចំនួន​២​រូប​ទៀត នៅថ្ងៃ​ដដែល​ដើម្បី​សាកសួរ គឺ​លោក ហ៊ឹ​ម សុ​ផាត និង​លោក យិ​ន ចាន់​ទី មេបញ្ជាការ​យោធា​វរៈ​ការពារ​ព្រំដែន​គោក​លេខ​១០៣ ។ ជា​លទ្ធផល​ពុំ​ទាន់​មាន​ប្រភព​ណាមួយ​ទម្លាយ​ឲ្យ​ដឹង​ថា បាន​ទទួលលទ្ធផល​យ៉ាងណា​នៅឡើយ​ទេ ។

ដោយឡែក មន្ត្រី​នគរបាល​ចំនួន​៩​រូប អាច​ទំនងជា​ធ្វើការ​អប់រំ​ណែនាំ និង​ផ្ទេរ​ឲ្យ​ទៅ​កន្លែង​ផ្សេង កន្លែង​អត់​ស៊ី ខណៈ​មន្ត្រី​នគរបាល​ចំនួន​២​រូប​ទៀត មាន​តួនាទី​ជា​ប្រធាន​ច្រករបៀង​ការពារ​ព្រំដែន​ប៉ុស្តិ៍​អូរ​ហ៊ុ​ច និង​ប៉ុស្តិ៍​អូរ​ជុំ អាច​ប្រឈម​នឹង​ច្បាប់ ព្រោះ​ទុក​យូរ​បែក​ពោះ ។

សូម​រំឭក​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក កម្លាំងកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន​មួយ​ករណី នៅ​ប៉ុស្តិ៍​អូរ​ហ៊ុ​ច​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ក្នុងស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ដោយ​រឹបអូស​បាន​ឈើ​ប្រភេទ​សុ​ក្រំ គគីរ និង​ផ្ចឹក សរុប​ចំនួន​១៤៥​កំណាត់ ចាប់​បាន​រថយន្ត​បង្កុង​ចំនួន​៨​គ្រឿង រណារ​យន្ត​១​គ្រឿង និង​ម៉ូតូ​៥​គ្រឿង ។ នៅ​ពេល​នោះ កងកម្លាំង​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៧​នាក់ ដែល​បច្ចុប្បន្ន​កំពុង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត ។

រឿងរ៉ាវ​សម្ល​កំពឹស​ក្នុង​បទឧក្រិដ្ឋ​កម្ម​ព្រៃឈើ​នេះ​ក្រុម​ជន​ឃុបឃិត​គ្នា​មិនមែន​សុខចិត្ដ​ដេក​គុកម្នាក់ឯង ឯ​អ្នក​ទទួល​លាភសក្ការៈ​ឯទៀត បាន​រួចខ្លួន​នោះ​ទេ គឺ​ពិតជា​អន្ទង​ហៅ​គ្នា​មក​ជួយ​ទទួលទោស​រៀង​ៗ​ខ្លួន​មិន​ខាន កុំឱ្យ​ធ្ងន់​តែ​អញ​ពេក ។ អ្នក​តាមដាន​និយាយ​ថា បើ​មិន​មាន​និទណ្ឌភាព​ក្នុង​ករណី​បោសសម្អាត​ពេល​នេះ​ទេ ក្រុម​មន្ដ្រី​ឯទៀត​ច្បាស់​ថា​កាត់​កន្ទុយ​លាប​កំបោរ​មិន​ខាន​៕