ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីម៉ោង០៧ព្រឹកថ្ងៃទី១៦ មីនា នេះ ក្បួនរថយន្តដឹកជញ្ជូនក្រុមអ្នកទោស ប្រុស-ស្រីចំនួនជិត៨០០នាក់ ដែលចេញពីពន្ធនាគារចាស់ស្ថិតនៅក្នុងសង្កាត់លេខ៣ ទៅកាន់ពន្ធនាគារថ្មីដោយសុវត្ថិភាព ។
ប្រភពឱ្យដឹងថា ក្បួនមានរថយន្តកងទ័ព, រថយន្តស៊ីរ៉ែន រួមទាំងមន្ត្រីអនុរក្ស, មន្ត្រីប៉ូលិស, មន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីកងទ័ពជាច្រើននាក់ ដើម្បីការពារសន្តិសុខនៅខាងមុខ និងក្រោយ ។
គួរបញ្ជាក់ថា អគារពន្ធនាគារថ្មីដែលទើបនិងសាងសង់រួច មានចំនួន៣អាគារលើទំហំផ្ទៃដីសរុប៣ម៉ឺនម៉ែត្រការ៉េ ស្មើរនិង៣ហិកតានៅលើដីតំបន់ក្បាលឆាយ ក្បែរទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ចម្ងាយពីទីតាំងពន្ធនាគារចាស់ប្រមាណ៨គីឡូម៉ែត្រ ។
មន្ត្រីអាគារនុរក្សពន្ធនាគារខេត្តក៏បានឱ្យដឹងដែរថា ដោយសារតែអគារពន្ធនាគារចាស់ មានសភាពតូចចង្អៀត ដែលមានផ្ទៃដីសរុបជិត១ម៉ឺនម៉ែត្រការ៉េ (ជិត១ហិកតា) ហើយមានអ្នកទោសកើនឡើងជាបន្តបន្ទាប់ផងនោះ ទើបថ្នាក់ដឹកនាំបានសំរេចសាងសង់អគារពន្ធនាគាថ្មី ដែលមានផ្ទៃដីធំទូលាយ សំរាប់ឱ្យក្រុមទណ្ឌិត ដែលជិតរួចទោសនាំគ្នាធ្វើពលកម្ម និងហាត់ប្រាណរួមនិងការបណ្តុះបណ្តាលជំនាញ ក្នុងការធ្វើកសិកម្ម និងឧស្សាហ៍កម្មកែច្នៃសម្ភារប្រើប្រាស់ផ្សេងទៀតហើយ ។
ម្យ៉ាងទៀត ទីតាំងថ្មីនេះមានបរិយាកាសល្អ ខ្យល់បរិសុទ្ធ សំរាប់អ្នកជាប់ទោសក្នុងពន្ធនាគារ ។ មន្ត្រីដដែលបន្តថា តាមផែនការដែលបានគ្រោងទុក ក្រុមទណ្ឌិតនិងពិរុទ្ធជនទាំងជិត៨០០នាក់នេះ និងផ្ទេរដឹកទៅដាក់ឃុំឃាំងនៅក្នុងទីតាំងថ្មី ដោយប្រើរយៈពេលចំនួន២ថ្ងៃ ទើបចប់រួចរាល់ ។ ទណ្ឌិតនិងពិរុទ្ធជនដែលបានជាប់ឃុំនៅក្នុងពន្ធនាគារពេលនេះ គិតទាំងស្រី-ប្រុសមានចំនួន សរុប៧៩២នាក់ ។
ចែករំលែកព័តមាននេះ