ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​សហគ្រាស​ថ្មី​ៗ​ប្រមាណ​70​បាន​បើក​នៅ​កម្ពុជា​ដើមឆ្នាំ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ឲ្យ​ដឹង​ថា គិត​ត្រឹម​ដើមឆ្នាំ​២០១៧​នេះ មាន​រោងចក្រ​សហគ្រាស​ថ្មី​ៗ​ចន្លោះ​ពី​៥០​ទៅ​៧០​ក្រុមហ៊ុន​បាន​បើក​ដំណើរការ​នៅ​កម្ពុជា ។

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ឲ្យ​ដឹង​ថា គិត​ត្រឹម​ដើមឆ្នាំ​២០១៧​នេះ មាន​រោងចក្រ​សហគ្រាស​ថ្មី​ៗ​ចន្លោះ​ពី​៥០​ទៅ​៧០​ក្រុមហ៊ុន​បាន​បើក​ដំណើរការ​នៅ​កម្ពុជា ។

លោក ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១៥ មីនា ម្សិលមិញ​ថា ក្រោយ​ពេល​រដ្ឋបាល​លោក​ប្រធានា​ធិបតី ដូ​ណា​ល់ ត្រាំ សម្រេច​លុប​ចោល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម TPP មក រោងចក្រ​សហគ្រាស​មួយ​ចំនួន​ដែល​បាន​ចាក​ចេញពី​កម្ពុជា បាន​ត្រឡប់​មក​បើក​រោងចក្រ​ជា​ថ្មី​នៅ​កម្ពុជា​វិញ និង​មាន​រោងចក្រ សហគ្រាស​ថ្មី​ៗ​មួយ​ចំនួន​ទៀត​បាន​មក​វិនិយោគ​នៅ​កម្ពុជា ក្នុង​នោះ​រោងចក្រ​មួយ​ចំនួន​បាន​ចុះបញ្ជី​រួច​ហើយ និង​មួយ​ចំនួន​ទៀត​មិន​ទាន់​ចុះបញ្ជី​នៅឡើយ​ទេ ។

លោក​បន្ត​ថា ៖ « ការ​ចូល​មក​របស់​រោងចក្រ សហគ្រាស​ទាំងនោះ​ឆ្លុះ​បញ្ចាំង​ពី​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​រឹង​មាំ​របស់​កម្ពុជា » ។ លោក​បន្ត​ថា ៖ « តាម​ការ​ចាត់​ចំណាត់ថ្នាក់​របស់​ធនាគារពិភពលោក គឺ​កម្ពុជា ជា​ប្រទេស​ជាប់​លំដាប់​ទី​៦​លើ​ពិភពលោក ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​ជាងគេ ដោយ​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​៧,៧% » ។

លោក ហេង សុខ​គង់ បន្ថែម​ថា គោលនយោបាយ​វិនិយោគ​របស់​កម្ពុជា ក៏​មាន​ភាពល្អ​ប្រសើរ ដែល​បាន​ផ្តល់​ការ​អនុ​គ្រោះជា​ច្រើន តាម​រយៈ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ។ ដូច្នេះ ភាពរឹងមាំ​របស់​កម្ពុជា អាស្រ័យ​លើ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ សង្គម និង​កំណើនសេដ្ឋកិច្ច ។

ទោះជា​យ៉ាងណា លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​ថា រោងចក្រ​ថ្មី​ៗ​ដែល​បាន​ចុះបញ្ជី​នៅ​សមាគម​រោងចក្រ​កាត់ដេរ គឺ​មាន​ចន្លោះ​ពី​២​ទៅ​៣​រោងចក្រ​ក្នុង​មួយ​ខែ ប៉ុន្តែ​តួលេខ​នេះ​អាច​ខុស​ពី​តួលេខ​របស់​រាជរដ្ឋាភិបាល ព្រោះ​ពួក​គេ​ត្រូវ​ចុះបញ្ជី​នៅ​តាម​ស្ថាប័ន និង​ក្រសួង​ពាក់ព័ន្ធ​សិន មុន​នឹង​មក​សុំ​ចូល​ជា​សមាជិក​របស់​សមាគម ។ លោក​បន្ត​ថា សមាគម​ក៏​មិន​បាន​សិក្សា​ពី​មូលដ្ឋាន​ផលិតកម្ម ដែល​បាន​ធ្វើ​ពិពិធ​កម្ម​ដោយ​ផលិត​ផលិតផល​មាន​តម្លៃ​ថោក ទៅ​ផលិត​ផលិតផល​តម្លៃ​ថ្លៃ​ទេ ។

លោក​បន្ត​ថា កម្ពុជា​កំពុង​ប្រកួតប្រជែង​ជាមួយ​ប្រទេស​មី​យ៉ា​ន់​ម៉ា វៀតណាម និង​បង់​ក្លា​ដែ​ស ដែល​ធ្វើ​ឲ្យ​ការ​បញ្ជា​ទិញ​ពី​រោងចក្រ​នានា​ដើមឆ្នាំ​នេះ​មាន​ភាព​រអាក់រអួល​មួយ​ចំនួន ប៉ុន្តែ​បន្ទាប់​ពី​ត្រីមាស​ទី​២​ទៅ ការ​បញ្ជា​ទិញ​មាន​សញ្ញា​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ ។ លោក​បន្ត​ថា ការ​ឡើងថ្លៃ​ពលកម្ម​ខ្ពស់ និង​មូលដ្ឋាន​ផលិតកម្ម​មិនសូវ​មាន​កំណើន​ខ្ពស់ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មូលដ្ឋាន​ប្រកួតប្រជែង​របស់​កម្ពុជា ។

កន្លង​មក លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា វិស័យ​កាត់ដេរ​នៅ​តែ​មាន​ភាពរឹងមាំ ហើយ​វិស័យ​នេះ​នៅ​តែ​ជា​ចន្ទល់​យ៉ាង​សំខាន់​សម្រាប់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ដែល​ត្រូវការ​ការ​យកចិត្តទុកដាក់​ចំពោះ​សុខុមាលភាព​របស់​វិស័យ​នេះ ។ លោក​បន្ត​ថា ទោះបីជា​ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ​ស្បែកជើង​ទៅ​អា​មេ​រិ​ក​ធ្លាក់​ចុះ​ក្តី ប៉ុន្តែ​ការ​នាំ​ចេញ​ទៅ​អឺរ៉ុប ជប៉ុន និង​ប្រទេស​មួយ​ចំនួន​ទៀត​បាន​កើនឡើង ។

លោក​បន្ត​ថា ៖ « ការ​ធ្វើ​ពិពិធ​កម្ម​របស់​វិស័យ​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​តម្លៃបន្ថែម​កាន់តែ​ច្រើន ។ នៅ​ពេល​រោងចក្រ​កាត់ដេរ​កាន់តែ​ច្រើន ធ្វើការ​ផលិត​ទំនិញ​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​មុន » ៕