រាជធានីភ្នំពេញ ៖ ក្រុមអ្នកស្រលាញ់ម៉ូតូធំប្រមាណជាង២០០គ្រឿងបានណាត់ជួបជុំគ្នានៅស្ថានីយប្រេងឥន្ធនៈកាល់តិចមួយកន្លែង ដែលស្ថិតនៅតាមបណ្តាផ្លូវជាតិលេខ៦ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាបត្រូវបានកម្លាំងសមត្ថកិច្ចនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាធ្វើការចុះឃាត់ និងត្រួតពិនិត្យទៅលើម៉ូតូណាដែលគ្មានឯកសារគ្រប់គ្រាន់។

ករណីកម្លាំងសមត្ថកិច្ចនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចុះបង្ក្រាបក្រុមម៉ូតូធំទាំងនេះធ្វើឡើង កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ខណៈក្រុមអ្នកជិះម៉ូតូធំទាំងនោះ កំពុងរៀបចំធ្វើដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាប។

រហូតមកដល់ពេលនេះមិនទាន់មានការបកស្រាយណាមួយពីមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជុំវិញការចុះបង្ក្រាបក្រុមអ្នកជិះម៉ូតូធំទាំងនេះនោះទេ។ ប៉ុន្តែបើតាមប្រភពព័ត៌មានក្នុងចំណោមម៉ូតូទាំងអស់ប្រមាណជាង២០០គ្រឿង សមត្ថកិច្ចបានរកឃើញម៉ូតូអត់ពន្ធអត់ស្លាកលេខ និងគ្មានឯកសារគ្រប់គ្រាន់ជាង៨០%។ បន្ទាប់ពីកើតមានករណីនេះភ្លាមៗវីដេអូឃ្លីបត្រូវបានបង្ហោះព្រោងព្រៀតនៅលើបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គម Tiktok ពីសំណាក់ក្រុមអ្នកស្រលាញ់ម៉ូតូធំទាំងនោះ ដោយបុរសម្នាក់បាននិយាយរៀបរាប់នៅក្នុងវីដេអូឃ្លីបថា សមត្ថកិច្ចគយ និងរដ្ឋាករបានធ្វើការបិទបារ៉ាស់មិនអោយក្រុមអ្នកជិះម៉ូតូធំទាំងនោះចេញទេ ដោយសមត្ថកិច្ចត្រូវត្រួតពិនិត្យឯកសារទៅលើម៉ូតូធំដែលមិនបានបង់ពន្ធ និងម៉ូតូគ្មានស្លាកលេខ។

បុរសរូបនោះបាននិយាយទៀតថា ពិតជាស៊យខ្លាំងណាស់កំពុងរង់ចាំក្រុមអ្នកជិះម៉ូតូជុំគ្នា ដើម្បីធ្វើដំណើរទៅកាន់ខេត្តសៀមរាបបែរជាត្រូវអាកខានទៅវិញដោយសារតែសមត្ថកិច្ចគយ និងរដ្ឋាករចុះធ្វើការត្រួតពិនិត្យម៉ូតូធំដែលមិនមានឯកសារត្រឹមត្រូវ។
ដោយឡែកនៅក្នុងវីដេអូដែលត្រូវបានបង្ហោះនេះមហាជនជាច្រើនបានចូលរួមបញ្ចេញមតិផ្សេងគ្នាពាក់ព័ន្ធជាមួយនឹងការចុះអនុវត្តច្បាប់ទៅលើក្រុមអ្នកដែលស្រលាញ់ម៉ូតូធំទាំងអស់នោះពីសំណាក់កម្លាំងសមត្ថកិច្ចនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដោយអ្នកខ្លះបានបញ្ចេញមតិដោយសរសេរថា មានលុយទិញម៉ូតូធំជិះរាប់ពាន់ តែទិញម៉ូតូសេះហោះ ចាញ់ម៉ូតូអាគុបខ្ញុំផង ខ្ញុំបង់ពន្ធត្រឹមត្រូវ។

ខ្លះទៀតសរសេរថា ម៉ូតូជាង២០០គ្រឿងគ្មានឯកសារត្រឹមត្រូវជាង៨០% ចុះអ្នកនាំចូលហើយ និងអ្នកលក់ម្តេចចាប់មិនដែលបាន? នេះបង្ហាញអោយប្រជាពលរដ្ឋឃើញពីភាពអសមត្ថភាពរបស់មន្ត្រីក្នុងការគ្រប់គ្រង។ក្នុងវីដេអូដដែលនោះអ្នកខ្លះបានខមិនទៀតថា ស្រលាញ់ម៉ូតូណាស់ ប៉ុន្តែជិះម៉ូតូអត់ពន្ធដល់ពេលគេចាប់តាំងអន់ចិត្ត។
ចំណែកអ្នកខ្លះទៀតបានសរសេរថា ម៉ូតូធំៗអត់ពន្ធមួយចំនួនឃើញជិះលឿនៗណាស់ ពេលខ្លះអោយឡានជៀសទៀតផងចង់សួរថា តើប៉ូលិសបាញ់ម៉ាស៊ីនចាប់លឿនម៉ូតូដែរឬទេ? ពេលខ្លះក្រុមម៉ូតូទាំងនេះ ជិះលឿនជាងឡានឆ្ងាយណាស់។ ខ្ញុំនៅតែមិនយល់ មានលុយទិញម៉ូតូតម្លៃជិតម៉ឺនដុល្លារហើយមិចក៏អត់ពន្ធ?៕





ចែករំលែកព័តមាននេះ